បាត់ដំបង ៖ សម្ដេចក្រឡាហោមស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ណែនាំ ឱ្យក្រុមការងារគណបក្ស ក្រុមការងារពាក់ព័ន្ធ អាជ្ញាធរ កងកម្លាំងមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បន្តរួមកម្លាំងសាមគ្គីគ្នា បំពេញភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អ ពិសេសត្រូវចេញធ្វើសកម្មភាពភ្លាមៗ នៅពេលប្រជាពលរដ្ឋជួបការលំបាក ទាំងការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ការលំបាកបង្កឡើងដោយវិបត្តិជំងឺកូវីដ-១៩ និងគ្រោះមហន្តរាយធម្មជាតិ។

នាព្រឹកថ្ងៃសៅរ៍ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ខេត្តបាត់ដំបង តាមប្រព័ន្ធវីដេអូ។
អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក្នុងនាមគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល និងក្នុងនាមសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស បានការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារ ទាំងក្រុមការងារគណបក្ស និងក្រុមការរាជរដ្ឋាភិបាល ក្រុមការងារគណបក្សគ្រប់ថ្នាក់ អាជ្ញាធរ និងកងកម្លាំងទូទាំងខេត្តបាត់ដំបង ដែលបានខិតខំប្រឹងប្រែងពុះពារសម្រេចបានសមិទ្ធផលនានាជាច្រើន។
សម្រាប់ការងារគ្រប់គ្រងសង្គម សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ បានប្រឹងប្រែងយកអស់កម្លាំងកាយប្រាជ្ញាស្មារតីខិតខំរួមគ្នាថែរក្សាការពារសុខសន្តិភាព ស្ថេរភាពនយោបាយ និងថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមបានាងល្អប្រសើរ និងថាអាស្រ័យដោយការប្ដេជ្ញាចិត្ត ចូលរួមអនុវត្តវិធានការនានា របស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាព ក៏បានរួមចំណែកធ្វើឱ្យរាជរដ្ឋាភិបាល អាចគ្រប់គ្រងការឆ្លងជំងឺកូវីដ-១៩ ហើយឈានទៅចាប់ផ្ដើមសកម្មភាពសេដ្ឋកិច្ច និងសង្គមជាជំហានៗក្នុងក្របខណ្ឌទូទាំងប្រទេស។

សម្ដេចបន្តថា ទោះបីជាជួបប្រទះនឹងបញ្ហានានា ក្នុងវិបត្តិជំងឺកូវីដ-១៩នេះយ៉ាណាក្ដី ក៏ក្រុមការងារ និងគណបក្សគ្រប់ថ្នាក់ទូទាំងខេត្តបាត់ដំបង បានខិតខំពុះពារលើកស្ទួយ និងធ្វើឱ្យសម្រេចបានកិច្ចការសំខាន់ៗ ស្របទៅតាមផែនការឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ដែលមកដល់ពេលនេះ ក្រុមការងារនិងគណបក្សគ្រប់ថ្នាក់ ក៏កំពុងបំពេញភារកិច្ច និងសកម្មភាពពាក់ព័ន្ធនានា។ ក្នុងនោះក៏មានការរៀបចំបូកសរុបសមិទ្ធផល នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំសង្កាត់អាណត្តិទី៤ និងកំណត់គោលនយោបាយអភិវឌ្ឍន៍ឃុំសង្កាត់ អាណត្តិទី៥ជាដើម។
នៅក្នុងឱកាសដឹកនាំកិច្ចប្រជុំនោះដែរ សម្ដេចក្រឡាហោមស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានមានប្រសាសន៍ណែនាំ ឱ្យក្រុមការងារគណបក្ស ក្រុមការងារពាក់ព័ន្ធ អាជ្ញាធរ កងកម្លាំងមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បន្តរួមកម្លាំងសាមគ្គីគ្នា បំពេញភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អ ពិសេសត្រូវចេញធ្វើសកម្មភាពភ្លាមៗ នៅពេលប្រជាពលរដ្ឋជួបការលំបាក ទាំងការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ការលំបាកបង្កឡើងដោយវិបត្តិជំងឺកូវីដ-១៩ និងគ្រោះមហន្តរាយធម្មជាតិនានា។ សម្ដេចក៏បានថ្លែងអំណរគុណចំពោះការរួមចំណែកពីក្រុមការងារ និងសប្បុរសជនគាំទ្រ ដល់បេសកកម្មមនុស្សធម៌ នៃក្រុមការងារក្រឡាហោមមនុស្សធម៌ខេត្តបាត់ដំបងផងដែរ៕ រក្សាសិទ្ធិដោយ ៖ កូលាប









