Sunday, December 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចពិជ័យសេនា ទៀ បាញ់ ចុះត្រួតពិនិត្យការដ្ឋានសាងសង់ផ្លូវ និងប្រព័ន្ធលូ នៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ ខ្សែ ក្រុងសៀមរាប , ការដ្ឋាននេះ សម្រេចបានជាង ៨៩%

សៀមរាប ៖ គិតត្រឹមថ្ងៃទី១០ វិច្ឆិកា ២០២១ ការដ្ឋានសាងសង់ផ្លូវ និងប្រព័ន្ធលូ នៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ក្រុងសៀមរាប សម្រេចបាន ៨៩,៣៩%នៃទំហំការងារសរុប ។ នៅថ្ងៃសៅរ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវ ការរៀបខឿនចិញ្ចើមផ្លូវ ការអ៊ុតបេតុងកៅស៊ូ(AC) ប្រព័ន្ធលូនៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប និងការកែលម្អសោភ័ណភាពដងស្ទឹងសៀមរាប ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានប្រចាំការ នៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ មន្ត្រីជាន់ខ្ពស់ ថ្នាក់ដឹកនាំក្រសួង អាជ្ញាធរដែនដី មន្ត្រីរាជការជុំវិញខេត្ត មន្ត្រីជំនាញបច្ចេកទេសក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ។

គម្រោងនេះមានគោលដៅប្រែក្លាយក្រុង សៀមរាប ខេត្តសៀមរាបឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព បរិស្ថានល្អសម្រាប់ការ រស់នៅឱ្យសក្ដិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ អាចទាក់ទាញភ្ញៀវទេសចរ បានកាន់តែច្រើនសំដៅលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើន ព្រមទាំងធ្វើឱ្យប្រសើរឡើង ដល់ការតភ្ជាប់ពីទីប្រជុំជនក្រុងសៀមរាប ទៅកាន់តំបន់ដាច់ស្រយាលផងដែរ។

គួរកត់សម្គាល់ផងដែរថា យោងតាមរបាយការណ៍វឌ្ឍនភាពការងារ របស់អគ្គនាយកដ្ឋានបច្ចេកទេស បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ លទ្ធផលការងារ នៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប សម្រេចបាន ៨៩,៣៩%នៃទំហំការងារសរុប។

ថ្លែងក្នុងដំណើរចុះពិនិត្យការដ្ឋានជាក់ស្ដែង សម្តេចពិជ័យសេនាឧបនាយករដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរ ចំពោះក្រុមការងារនៃអង្គភាពអនុវត្តគម្រោង ដែលបានរៀបចំទីតាំងនៅតាមបណ្ដោយដងស្ទឹងខេត្តសៀមរាប ប្រកបដោយសោភ័ណភាព ក្រោមកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ បន្ថែមពីលើនេះ សម្ដេចបានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋរួមគ្នា ថែរក្សាទ្រព្យសម្បត្តិនេះឱ្យបានគង់វង្សដើម្បីទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ជាមួយគ្នានេះផងដែរ សម្ដេចពីជ័យសេនាបានគូសបញ្ជាក់ថា សមិទ្ធផលនេះកើតឡើងក្រោមកិច្ចខិតខំប្រឹងប្រែង របស់សមាជិកសមាជិកាគណៈកម្មការគម្រោង និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានអនុវត្តភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ តាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សម្ដេចពិជ័យសេនា ក៏បានថ្លែងអំណរគុណ និងការកោតសរសើរយ៉ាងជ្រាលជ្រៅផងដែរដល់អង្គភាពអនុវត្តគម្រោង និងប្រជាពលរដ្ឋដែលបានចូលរួមសហការធ្វើឱ្យគម្រោងនេះ សម្រេចបានជោគជ័យដ៏ត្រចះត្រចង់។

សូមបញ្ជាក់ជូនថា ការអនុវត្តគម្រោងនេះ បានប្រឈមនឹងការរាំងស្ទះដោយសារវិបត្តិជំងឺកូវីដ-១៩ ធ្វើឱ្យកម្មករ ក៏ដូចអង្គភាពអនុវត្តគម្រោងជួបការលំបាក ក្នុងការងារប្រតិបត្តិការរបស់ខ្លួន ជាមួយនឹងពេលវេលាសម្រាប់ការអនុវត្តគម្រោងមានរយៈពេលខ្លី ដែលតម្រូវឱ្យអង្គភាពអនុវត្តគម្រោងត្រូវពុះពារធ្វើការងារទាំងក្នុងរដូវភ្លៀងធ្លាក់ មានការលំបាកក្នុងការងារសាងសង់។

គួររម្លឹកផងដែរថា គម្រោងសាងសង់នេះមានប្រវែងសរុប១០៦,៤២៤ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩.២១៦.៥៩៥ ដុល្លារអាមេរិក ដោយក្នុងនោះចំនួន៩លានដុល្លារអាមេរិកចំណាយលើការងារចាំបាច់ក្នុងការរៀបចំ ស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ចំណាយ ពេលសាងសង់ចំនួន១៣ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

គម្រោងនេះអនុវត្តដោយអង្គភាពសាងសង់ចំនួន០៨ រួមមាន៖ ១) កងវិស្វកម្មលេខ១៧៨ស្ពាន-ថ្នល់ នៃនាយកដ្ឋានវិស្វកម្ម ២) កងវិស្វកម្មសម្តេចតេជោ ខេត្តសៀមរាប ៣) កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ៤) អគ្គនាយកដ្ឋាន សាធារណការ ៥) អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ៦) នាយកដ្ឋាន គ្រឿងចក្រនិងស្ថាបនាផ្លូវ ៧) នាយកដ្ឋាន ជួសជុល និងថែទាំផ្លូវថ្នល់ និង ៨) មន្ទីរសាធារណការ និងដឹក ជញ្ជូន ខេត្តសៀមរាប និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមការងារអន្តរក្រសួងចំនួន៩ក្រុមដើម្បីធានា បាននូវគុណភាពជាប់រឹងមាំ ប្រើប្រាស់បានយូរអង្វែងតាមអាយុកាលមាន និងសម្រេចការងារឱ្យបានទាន់ ពេលវេលា។
ការសាងសង់ត្រូវបានបែងចែកជាបួនប្រភេទរួមមាន៖ ១) ផ្លូវជួសជុលដោយអ៊ុតបេតុងកៅស៊ូ (AC) បន្ថែមពីលើ កម្រាស់៥សង់ទីម៉ែត្រ ប្រវែងសរុប៣១,៧៧០គីឡូម៉ែត្រ ២) ផ្លូវស្ថាបនាដោយក្រាលបេតុង សរសៃដែក កម្រាស់២០សង់ទីម៉ែត្រ រួចអ៊ុតក្រាលបេតុងកៅស៊ូ(AC)ពីលើ កម្រាស់ ៥ ទៅ ៧ សង់ទីម៉ែត្រ ប្រវែងសរុប ៧,៨៦៤ គីឡូម៉ែត្រ ៣) ផ្លូវជួសជុលដោយក្រាលថ្មម៉ិច រួចអ៊ុតបេតុងកៅស៊ូ(AC) ពីលើ កម្រាស់៥ ទៅ ៧ សង់ទីម៉ែត្រ ប្រវែងសរុប១៣,៧៣៨ គីឡូម៉ែត្រ ៤) ផ្លូវស្ថាបនាដោយក្រាលបេតុង សរសៃដែក កម្រាស់ ២០ ទៅ ២៥ សង់ទីម៉ែត្រ ប្រវែងសរុប៥០,៨៦២ គីឡូម៉ែត្រ និងការរៀបចំចិញ្ចើមផ្លូវ EN-០៣ ប្រវែង២,១៩០គីឡូម៉ែត្រផងដែរ។

ដោយឡែក ការងារសាងសង់ប្រព័ន្ធបណ្ដាញបង្ហូរទឹកមានប្រវែងសរុប២៤៨,៧២៤ គីឡូម៉ែត្រ ការងារ សាងសង់ប្រព័ន្ធបណ្ដាញលូទឹកភ្លៀងប្រវែងសរុប១៤៧,០០៥ គីឡូម៉ែត្រ និងការងារសាងសង់ប្រព័ន្ធ បណ្ដាញលូទឹកកខ្វក់មានប្រវែង១០១,៧១៩គីឡូម៉ែត្រ និងការងារដំឡើងបរិក្ខារផ្លូវថ្នល់រួមមាន ការងារ បំពាក់កាមេរ៉ាសុវត្ថិភាព ដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវ ការងារបំពាក់បរិក្ខារចរាចរណ៍ ការងារដំឡើងភ្លើង សញ្ញាចរាចរណ៍ ការងារដាំដើមឈើលើខ្សែផ្លូវ ដែលស្ថិតក្នុងគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ ខ្សែ៕រក្សាសិទ្ធិដោយ ៖ កូលាប

×