ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានចេញសេចក្តីសម្រេចលេខ ១០៩សសរ ស្តីពី ការដាក់ឲ្យប្រើប្រាស់នូវយុទ្ធសាស្រ្តស្តីពីការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ ។ បើតាមសេចក្តីសម្រេចដែលទទួលបាននៅថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២១នេះ។

រាជរដ្ឋាភិបាលបានសម្រេច ៖ ត្រូវបានដាក់ឱ្យប្រើប្រាស់នូវ “យុទ្ធសាស្ត្រស្តីពីការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺ កូវីដ-១៩” ដែលជាឧបសម្ព័ន្ធនៃសេចក្ដីសម្រេចនេះ។
ក្នុងអារម្ភកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា វិបត្តិនៃជំងឺកូវីដ-១៩ បាន និងកំពុងបន្តដាក់សម្ពាធ លើសុខភាពសាធារណៈ, ប្រព័ន្ធសុខាភិបាល, ការរស់នៅ និងការចូលរួមក្នុងសកម្មភាពសង្គម-សេដ្ឋកិច្ចរបស់ប្រជាជនកម្ពុជា។ មេរោគកូវីដ-១៩ ត្រូវ បានរំពឹងថានឹងនៅបន្តមានវត្តមាន ក្នុងរយៈពេលវែង និងក្លាយជាផ្នែកមួយនៃការរស់នៅរបស់មនុស្សជាតិ ដូចជាប្រភេទមេរោគកូរ៉ូណាដទៃទៀតដែរ ។ ក្នុងន័យនេះ, ប្រទេសនីមួយៗ ចាំបាច់ត្រូវសម្រប, បន្លំខ្លួន និងរៀនរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ ដើម្បីកាត់បន្ថយផលប៉ះពាល់លើ សកម្មភាពសង្គម-សេដ្ឋកិច្ច ឱ្យបានជាអតិបរមា និងធានាបាននូវវិបុលភាព និងសុវត្ថិភាពជូនប្រជាជន និង សង្គមជាតិទាំងមូល ។
សម្រាប់កម្ពុជា ដើម្បីអាចរស់នៅបានជាមួយនឹងជំងឺកូវីដ-១៩ ប្រកបដោយសុវត្ថិភាព និង សុខុមាលភាព, រាជរដ្ឋាភិបាលបានកំណត់យកការចាក់វ៉ាក់សាំងជាយុទ្ធសាស្រ្តគន្លឹះ សំដៅបង្កើតឱ្យបាន នូវភាពស៊ាំសហគមន៍នៅទូទាំងកម្ពុជា គួបផ្សំជាមួយនឹងវិធានការ និងយុទ្ធសាស្ត្រសំខាន់ផ្សេងទៀត ក្នុង គោលបំណងការពារអាយុជីវិតរបស់ប្រជាជន កាត់បន្ថយការឆ្លងរាលដាល និងផលប៉ះពាល់មកលើ សង្គម-សេដ្ឋកិច្ច ព្រមទាំងពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាល ក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ ឬ ជំងឺឆ្លងកាចសាហាវស្រដៀងគ្នាផ្សេងទៀត ដែលអាចកើតមានឡើង ជាយថាហេតុ នាពេលអនាគត ។

ជាមួយនឹងស្មារតីបុរេសកម្ម និងទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តវិធានការ និងយុទ្ធសាស្ត្រដោយ មានការចូលរួមយ៉ាងសស្រាក់សម្រាំពីសាធារណជនពីគ្រប់មជ្ឈដ្ឋាន និងការគាំទ្រពីប្រទេសជាមិត្ត និង ដៃគូអភិវឌ្ឍន៍, រាជរដ្ឋាភិបាលកម្ពុជា អាចម្ចាស់ការគ្រប់គ្រងបានល្អនូវហានិភ័យនៃជំងឺកូវីដ-១៩ ។ ជាក់ស្ដែង, គិតមកត្រឹមថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២១, កម្ពុជា សម្រេចបានអត្រាគ្របដណ្ដប់នៃការចាក់វ៉ាក់ សាំងប្រមាណ៨៧,៧% នៃចំនួនប្រជាជនសរុបប្រមាណ ១៦ លាននាក់ ហើយចំនួនករណីវិជ្ជមាន និង ករណីស្លាប់ ដោយសារជំងឺកូវីដ-១៩ មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ។ ទន្ទឹមនឹងនេះ, ប្រជាជនកម្ពុជាក៏ មានការយល់ដឹងកាន់តែច្បាស់អំពីរបៀបការពារខ្លួនពីជំងឺកូវីដ-១៩ ហើយបាន និងកំពុងផ្លាស់ប្តូរឥរិយា បថនៃការរស់នៅប្រចាំថ្ងៃ តាមគន្លងប្រក្រតីភាពថ្មី ដើម្បីសម្របខ្លួនទៅនឹងជំងឺនេះ ។ ស្របពេលជាមួយគ្ន, ឱសថកាន់តែមានប្រសិទ្ធភាពសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ត្រូវបានពិភពលោករកឃើញបន្តបន្ទាប់ ហើយដែលកម្ពុជានឹងទទួលបានឱសថទាំងនេះ សម្រាប់ប្រើប្រាស់ផងដែរ នាពេលខាងមុខ ។ សមិទ្ធផល ទាំងនេះ បានបង្កើតនូវមូលដ្ឋានរឹងមាំ ដែលបញ្ជាក់ថា ខណៈនេះ គឺជាកាលៈទេសៈមួយដ៏សមស្រប សម្រាប់រាជរដ្ឋាភិបាលប្រកាសពីការរស់នៅជាមួយជំងឺកូវីដ-១៩ និងការបើកប្រទេសឡើងវិញ លើគ្រប់វិស័យជាបណ្តើរៗ សំដៅស្តារ និង ជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ តាមគន្លងប្រក្រតីភាពថ្មី ប្រកបដោយ ភាពជឿជាក់ និងសុទិដ្ឋិនិយម ចាប់ពីថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០២១ តទៅ ។ ជាមួយគ្នានេះ, ការដាក់ចេញ នូវយុទ្ធសាស្ត្រស្តីពីការរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩ នឹងបំពេញបន្ថែមទៅលើ សមិទ្ធផលដែលសម្រេចបានកន្លងមក និងវឌ្ឍនភាពដែលកំពុងមាន ហើយក៏ជាឯកសាររស់មួយដ៏សំខាន់ សម្រាប់បង្ហាញផ្លូវ និងធានាភាពធន់សហគមន៍ទៅនឹងជំងឺកូវីដ-១៩ ដើម្បីកម្ពុជាចាប់ផ្តើមចាកចេញពីវិបត្តិ នៃជំងឺកូវីដ- ១៩ ឆ្ពោះទៅរកមាគ៌ានៃកំណើន និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឡើងវិញ ប្រកបដោយសុវត្ថិភាពចីរភាព និងបរិយាប័ន្ន ដោយរក្សាបាននូវតុល្យភាព ជាមួយនឹងតម្រូវការក្នុងការការពារសុខភាព សាធារណៈ និងអាយុជីវិតរបស់ប្រជាជន ។

ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល និងជាប្រធានគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ (គ.ប.ក.), សម្តេចតេជោ សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ អនុគណៈកម្មការវាយតម្លៃ, ផែនការ និងយុទ្ធសាស្ត្រ នៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩(គ.អ.ក.), គណៈប្រតិបត្តិនៃ គ.អ.ក. ព្រមទាំង ថ្នាក់ដឹកនាំ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈប្រតិបត្តិនៃ គ.អ.ក. ទទួលបន្ទុកអនុគណៈកម្មការវាយតម្លៃ, ផែនការ និងយុទ្ធសាស្រ្ត, ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈប្រតិបត្តិនៃ គ.អ.ក. និង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈប្រចាំការ នៃ គ.ប.ក. ដែលបានរៀបចំ យុទ្ធសាស្ត្រស្តីពីការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ ដ៏មានសារៈសំខាន់នេះឡើង ។សម្តេចក៏សូមវាយតម្លៃខ្ពស់ចំពោះឯកឧត្តម, លោកជំទាវ, លោក និងលោកសី ជាប្រធាន អនុប្រធាន និងសមាជិកនៃក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមក្នុងការរៀបចំ យុទ្ធសាស្ត្រនេះឡើង ប្រកបដោយគុណភាព និងប្រសិទ្ធភាព ក្នុងស្មារតីបុរេសកម្ម និងសាមគ្គីភាពខ្ពស់ ។
សម្តេចតេជោ នាយករដ្ឋមន្រ្តី សូមអំពាវនាវឱ្យក្រសួង-ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ប្រកាន់ខ្ជាប់ខ្ជួននូវ ឆន្ទៈទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តយុទ្ធសាស្ត្រស្តីពីការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីការពារសុខភាពសាធារណៈ និងអាយុជីវិតប្រជាជន ព្រមទាំង គាំទ្រ និងលើកស្ទួយជីវភាពរបស់ប្រជាជន តាមគន្លងប្រក្រតីភាពថ្មីនេះ ។ លើសពីនេះ, សម្តេចតេជោ ហ៊ុន សែន សូមអំពាវនាវឱ្យប្រជាជន, ធុរជន និងភ្ញៀវទេសចរទាំងអស់ ដែលស្នាក់អាស្រ័យនៅកម្ពុជា ចូលរួមយ៉ាងសកម្ម ក្នុងការការពារ សុវត្ថិភាពផ្ទាល់ខ្លួន និងមនុស្សជុំវិញខ្លួន ដោយបន្តអនុវត្តនូវរាល់វិធានការសុខាភិបាល និងវិធានការចាំបាច់នានា ដែលបានដាក់ចេញ និងប្រកាន់ខ្ជាប់នូវ “៣. ការពារ៣ កុំ” ដើម្បីឱ្យដំណើរឆ្ពោះ ទៅកាន់ការរស់នៅតាម គន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ នេះ ប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ, សុវត្ថិភាព, សុខុមាលភាព, វិបុលភាព និងចីរភាព ៕ រក្សាសិទ្ធិដោយ ៖ កូលាប









