Sunday, April 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កីឡាការិនី អ៊ុក ស្រីមុំ ឈ្នះមេដាយមាស កីឡាប៉េតង់ ជើងឯកពិភពលោក នៅអេស្ប៉ាញ

ភ្នំពេញ ៖ កីឡាការិនី អ៊ុក ស្រីមុំ បានយកឈ្នះកីឡាការិនីថៃ នៅវគ្គផ្តាច់ព្រ័ត្រ ការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០២១ នៅទីក្រុង Santa Susanna ប្រទេសអេស៉្បាញ ។

មុននឹងឡើងដល់វគ្គផ្តាច់ព្រ័ត្រ ម្ចាស់មេដាយមាសពិភពលោកឆ្នាំ២០១៧ របស់កម្ពុជា បានយកឈ្នះកីឡាការិនីកាណាដា នៅវគ្គ១/៤ ក្នុងលទ្ធផល ២៩ទល់២ និងបន្តឈ្នះកីឡាការិនីន័រវេស នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ២៥ទល់១៨ ឈានទៅវគ្គផ្តាច់ព្រ័ត្របន្តឈ្នះកីឡាការិនីថៃ ក្នុងលទ្ធផល៣៧ទល់២៩ ធ្វើឲ្យកីឡាការិនីអ៊ុក ស្រីមុំ ក្លាយជាកីឡាការិនីទី២ របស់កម្ពុជា ដែលរកបានមេដាយមាសទី៥ជាប់ៗគ្នា បន្ទាប់ពីវីរៈកីឡាការិនី កែ ឡេង ឈ្នះក្នុងឆ្នាំ២០១៣ , ២០១៥ , ២០១៧ ,២០១៩ និងឆ្នាំ២០២១ ។

កាលពីឆ្នាំ២០១៧កីឡាការិនី អ៊ុក ស្រីមុំ ធ្លាប់ឈ្នះមេដាយមាស ជូនព្រះរាជាណាចក្រកម្ពុជាម្ដងហើយ ពេលនេះកីឡាការិនីរូបនេះបានកាន់កាប់តំណែងជាម្ចាស់មេដាយមាសម្ដងទៀត ។

សម្រាប់ព្រឹត្តិការណ៍ប្រកួតជើងឯកពិភពលោកនេះ កម្ពុជាបានបញ្ជូនក្រុមកីឡាប៉េតង់ជម្រើសជាតិ ២ក្រុម ទៅចូលរួម ក្នុងនោះក្រុមកីឡាការិនី ៤រូប បានចេញដំណើរទៅចូលរួមការប្រកួតមុន ពីថ្ងៃទី១២ដល់១៤ ខែវិច្ឆិកា មុនក្រុមបុរស ដែលគ្រោងចេញដំណើរនៅថ្ងៃទី១៦វិច្ឆិកា ដើម្បីត្រៀមប្រកួតពីថ្ងៃទី១៩ដល់២១ ខែវិច្ឆិកាខាងមុខ ។ ចំពោះបេក្ខភាពកីឡាករមាន ៤រូបដូចគ្នា រួមមានអតីតម្ចាស់មេដាយមាសពិភពលោក ឆ្នាំ២០១៦ សុខ ចាន់មាន, ថោង ឈឿន, ញ៉ែម បូរ៉ា និងកីឡាករ ស៊ឹង វង់ ។

ឯកឧត្តម សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ជាអ្នកដឹកនាំទៅចូលរួមការប្រកួតនេះ៕រក្សាសិទ្ធិដោយ ៖ កូលាប