ដូចដែលបានដឹងហើយ សព្វថ្ងៃនេះ ការប្រើប្រាស់គណនី ឬកុងធនាគារ គឺកំពុងពេញនិយមយ៉ាងខ្លាំង ពីសំណាក់បងប្អូនប្រជាពលរដ្ឋ មិនថាអ្នកធ្វើការតូចឬធំនោះទេ ព្រោះថាសេវាកម្មបង្កើតឲ្យមានគណនីផ្ទាល់ខ្លួននេះ គឺពិតជាមានភាពងាយស្រួលក្នុងរក្សា និងផ្ទេរ (បាញ់) លុយឲ្យគ្នាទៅវិញទៅមក ឬ ទូទាត់សម្រាប់អាជីវកម្មលក់ដូរតាមអនឡាញជាដើម។
តែទោះយ៉ាងណា ទន្ទឹមនឹងការផ្តល់ភាពងាយស្រួលនេះផងដែរ ក៏មានអ្នកខ្លះដែលបានបង្កើតទាំងកុងលុយដុល្លារ និងខ្មែរ ជារឿយៗតែងច្រឡំបាញ់ខុស សម្រាប់ការទូទាត់ថ្លៃអ្វីមួយ។ ជាក់ស្តែង ថ្មីៗនេះ ភរិយាតារាចម្រៀងលោក កែវ វាសនា បានធ្វើការផ្ទេរ (បាញ់) លុយច្រឡំស្មានតែជាលុយខ្មែរ រហូតដល់ទៅ ៤៥០០០ ដុល្លារ សម្រាប់ថ្លៃសេវ៉ាដឹកជញ្ជូន ៤៥០០០៛ ប៉ុន្តែ ប៉ះចំអ្នកដឹកជញ្ជូនចិត្តបរិសុទ្ធ និងទៀងត្រង់ មិនបានយកនោះទេ និងក៏បានបាញ់លុយត្រឡប់ឲ្យវិញផងដែរ។
ជាមួយនិងទង្វើដ៏ល្អរបស់អ្នកដឹកជញ្ជូនវ័យក្មេងរូបនេះ ភរិយាលោក កែវ វាសនា អ្នកនាង លឹម សុគន្ធារី (Lim Sokuntheary) នៅថ្ងៃទី១៤ វិច្ឆិកា បានបង្ហោះសាររៀបរាប់យ៉ាងដូច្នេះថា៖ ប្អូនប្រុសជាបុគ្គលិកខាងសេវាដឹកជញ្ជូន J&T សាខាច្បាអំពៅដែលតែងតែមកដឹកឥវ៉ាន់នៅក្រុមហ៊ុនខ្ញុំរាល់ថ្ងៃ ម្សិលមិញគាត់បានគិតលុយអស់45000រៀល ប៉ុន្តែការបាញ់លុយរបស់ខ្ញុំចុចខុសទៅចូលកុងដុល្លាហើយដៃ ចុចលឿនពេក ក៍ទៅជាបាញ់លុយចំនួន45000$វិញ ហើយខ្ញុំក៍ឆាតទៅគាត់ភ្លាមថា អូនបងច្រឡំដាក់ជាលុយដុល្លារទៅ ហើយជួយបាញ់អោយបងវិញផង ប្រហែល2នាទីក្រោយមក គាត់ក៍បានបាញ់វិញ ហើយខ្ញុំក៍បាញ់ជាលុយខ្មែរទៅគាត់វិញ ចង់និយាយថា ប្អូនក្មេងតែប្អូនមានទំនួលខុសត្រូវស្មោះត្រង់ការងារល្អ ច្បាស់លាស់ ចឹងបងប្អូនខាងបឹងស្នោច្បាអំពៅ ត្រូវការផ្ញើឥវ៉ាន់24ខេត្តក្រុង អាចទាក់ទងប្អូនប្រុសបាន គាត់មកយកដល់ទីកន្លែងមិនថាតិចឬច្រើន បងមានតែពាក្យនិយាយថា ការស្មោះត្រង់ មិនលោភលន់ មិនគេងប្រវាញ់ញើសឈាមគេ គឺជូនពរអោយប្អូនអនាគត់កាន់តែល្អប្រសើរ ជោគជ័យ បងជូនសាគុណប្អូនតិចតួចសម្រាប់ទឹកចិត្ត៕ ដោយ៖ លឹម ហុង









