បច្ចុប្បន្ននេះ សេវាកម្មដឹកជញ្ជូនអុីវ៉ាន់ តាមរថយន្ត (ពីខេត្តមកក្រុងភ្នំពេញ ពីភ្នំពេញទៅខេត្ត) គឺមានដូចជាក្រុមហ៊ុន វីរៈ ប៊ុនថាំ និងក្រុមហ៊ុន J&T ជាដើម។ ប៉ុន្តែ ទន្ទឹមនឹងនេះផងដែរ ក៏តែងលេចឮអតិថិជន មានការរអ៊ូទាំមានការបាត់បង់របស់ជារឿយៗ ហើយក៏ពុំដែលចាប់បានតើថា បុគ្គលិកក្រុមហ៊ុនជាអ្នកលួច ឬដោយសារបញ្ហាអ្វីផ្សេងនោះទេ។
តែជាក់ស្តែង នៅពេលនេះ ស្រ្តីជាអ្នកលក់ទូរស័ព្ទម្នាក់ បានចំណាយពេលមួយថ្ងៃឡើងពីកំពង់ចាម មកកាន់ឃ្លាំងក្រុមហ៊ុន J&T នៅភ្នំពេញ បន្ទាប់ពីចាប់បានភស្តុតាងថា បុគ្គលិកក្រុមហ៊ុននេះ បានលួចវះឡាំងយកទូរស័ព្ទ ដែលគាត់បានផ្ញើមកឲ្យអតិថិជន យកទៅលក់នៅកន្លែងម៉ូយរបស់គាត់ និងយកប្រើ ដោយនិយាយថា ទិញ 12 pro ពីហាងទូរស័ព្ទមួយកន្លែង នៅម្តុំទឹកល្ហក់ ក្នុងតម្លៃត្រឹមតែ ៣០០ ដុល្លារ ដែលធ្វើឲ្យគាត់រឹតតែមិនជឿសោះឡើយ ខណៈដែល 12 pro គ្រាន់តែទូក៏បាន ៦០០ ដុល្លារ ដែរ។
តាមរយៈភស្តុតាងចាប់បានជាក់ស្តែង ស្រ្តីអ្នកលក់ទូរស័ព្ទរូបនោះ ក៏បាននិយាយដោយចិត្តត្រជាក់ ទៅកាន់អ្នកគ្រប់គ្រងក្រុមហ៊ុន J&T ថា គាត់មិនទាមទារសំណងអ្វីនោះទេ ដោយគាត់សុំតែយកទូរស័ព្ទរបស់គាត់ទាំងអស់ទៅវិញប៉ុណ្ណោះ ព្រោះលុយដែលអតិថិជនផ្ញើឲ្យ គឺគាត់បានវេរត្រឡប់ទៅឲ្យអតិថិជនវិញផងដែរ។
ជាមួយគ្នានេះផងដែរ តំណាងឲ្យអ្នកលក់ទូរស័ព្ទដែលធ្លាប់បាត់ និងមិនធ្លាប់បានបាត់របស់ទាំងអស់ សូមឲ្យក្រុម J&T មានវិធានការឲ្យបានតឹងរ៉ឹងបំផុត ទៅលើបុគ្គលិករបស់ខ្លួន ពុំនោះទេ ក្រុមហ៊ុននឹងអាចដួលរលំពុំបាន ព្រោះតែអតិថិជនអស់ទំនុកចិត្ត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង














