Thursday, May 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេចក្តីប្រកាស កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទីដប់មួយ / ASEP11 , SEP11 បានទទួលស្គាល់ថា ពិភពលោកកំពុងជួបប្រទះបញ្ហាប្រឈម និងការគំរាមកំហែងថ្មីជាសាកល ដែលមានភាពស្មុគស្មាញជាច្រើន

spot_img

ភ្នំពេញ ៖ កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ ហៅកាត់ថា (ASEP11) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោមមូលបទ “ការលើកកម្ពស់ភាពជាដៃគូសភា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ទាំងក្នុងសម័យ និងក្រោយវិបត្តិកូវីដ-១៩” បានប្រារព្ធពិធីបើកជាផ្លូវការ នៅរសៀលថ្ងៃទី១៦ ខែវិចិ្ឆកា ឆ្នាំ២០២១នេះ តាមប្រព័ន្ធនិម្មិត ផ្សាយចេញពីវិមានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដែលមានសភាប្រទេសជាសមាជិកនិងដៃគូជាង៣០ មានសមាជិកប្រតិភូជិត២០០នាក់នៅក្នុងទ្វីបអាស៊ី និងអឺរ៉ុប បានចូលរួម។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាសហប្រធាន ASEP11 សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកកិច្ចប្រជុំនេះ ដែលមានវត្តមាន លោកជំទាវ ហេឌី ហូតាឡា (Heidi Hautala) អនុប្រធានសភាអឺរ៉ុប ចូលផងដែរ។

កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទីដប់មួយ (ASEP11) ត្រូវបានរៀបចំឡើងតាមប្រព័ន្ធនិម្មិត នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមមូលបទ “ការពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព និងការអភិវឌ្ឍ ប្រកបដោយចីរភាព នៅក្នុងសម័យ និងក្រោយវិបត្តិកូវីដ-១៩ កិច្ចប្រជុំនេះត្រូវបានសហដឹកនាំដោយ ព្រឹទ្ធសភា និងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។

សមាជិក សមាជិកាសភានៃដៃគូរបស់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) មានដូចជា អូស្ត្រាលី អូទ្រីស បង់ក្លាដែស បែលហ្ស៊ិក ព្រុយណេ កម្ពុជា ចិន ក្រូអាស៊ី ស៊ីប ហ្វាំងឡង់ ក្រិក ហុងគ្រី ឥណ្ឌូណេស៊ី អៀរឡង់ អ៊ីតាលី កាហ្សាក់ស្ថាន សាធារណរដ្ឋកូរ៉េ ឡាវ ម៉ាឡេស៊ី ន័រវែស ប៉ាគីស្ថាន ហ្វីលីពីន ប៉ូឡូញ ព័រទុយ ហ្កាល់ រូម៉ានី សហព័ន្ធរុស្ស៊ី សិង្ហបុរី ស៊ុយអែត ថៃ វៀតណាម សភាអឺរ៉ុប និងអគ្គលេខាធិការដ្ឋានអាស៊ាន បានចូលរួមកិច្ចប្រជុំ ASEP11។ កិច្ចប្រជុំនេះក៏មានការចូលរួមពី អាស៊ែបៃហ្សង់ មជ្ឈមណ្ឌលសភាអាស៊ី និង សមាគមអន្តរជាតិនៃសមាជិកសមាជិកាសភាដើម្បីសន្តិភាពនៃសហព័ន្ធសន្តិភាពសាកល ដែលជា ភ្ញៀវរបស់សភាម្ចាស់ផ្ទះ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់អំពី សារៈសំខាន់នៃតួនាទីរបស់ ASEP ក្នុងការលើកស្ទួយកិច្ចពិភាក្សាប្រកបដោយសន្តិភាព ដោយអនុលោមតាមច្បាប់អន្តរជាតិ អធិបតេយ្យភាព ឯករាជ្យភាព និងការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង និងការធ្វើឱ្យប្រសើរ ឡើងដល់សុខភាពសាធារណៈ។ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃ ព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ កិច្ចពិភាក្សា និង ពហុភាគីនិយម ក្នុងការដោះស្រាយបញ្ហាសាកល និងបញ្ហាប្រឈម ដូចជាជំងឺឆ្លងរាតត្បាត និងបម្រែបម្រួល អាកាសធាតុ។ សម្តេចប្រធានព្រឹទ្ធសភា និងរដ្ឋសភា បានអំពាវនាវឱ្យមានការពង្រឹងភាពជាដៃគូអន្តរជាតិ សម្រាប់ការស្ដារសង្គមសេដ្ឋកិច្ចឡើងវិញ ប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់មាំ ក្រោយវិបត្តិជំងឺ កូវីដ-១៩។ លោកជំទាវ ហេឌី ហួតាឡា អនុប្រធានសភាអឺរ៉ុប និងជាអតីតប្រធាន ASEP10 បាន អំពាវនាវឱ្យមានការប្តេជ្ញាកម្រិតនយោបាយខ្ពស់បំផុតប្រកបដោយការគោរពគ្នាទៅវិញទៅមក ជាមួយនឹង កិច្ចខិតខំប្រឹងប្រែងរួម និងយន្តការពិភាក្សា ព្រមទាំងទំនាក់ទំនងប្រជាជន និងប្រជាជន ដើម្បីដោះស្រាយ បញ្ហាសាកលបន្ទាន់នានាប្រកបដោយប្រសិទ្ធភាព ដូចជា បម្រែបម្រួលអាកាសធាតុ ជំងឺឆ្លងរាតត្បាតកូវីដ-១៩ ឬ “ជំងឺឆ្លងរាតត្បាតបណ្តាលមកពីអាកាសធាតុ” នៅក្នុងចំណោមបញ្ហាជាច្រើនផ្សេងទៀត។

ថ្លែងទៅកាន់ ASEP11 សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាននៃកិច្ចប្រជុំអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) បានគូសបញ្ជាក់អំពីភាព ពាក់ព័ន្ធនៃ ASEP និងការទូតសភា ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការដែលផ្អែកលើទំនុកចិត្ត ពហុភាគី និយមសម្រាប់សន្តិភាព សន្តិសុខ និងវិបុលភាពរួម និងក្នុងការចូលរួមជាធាតុចូលផ្នែកគោលនយោបាយ ដល់ការស្ដារសេដ្ឋកិច្ចសង្គមឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩។

ASEP11 បានស្វាគមន៍លទ្ធផលនៃកិច្ចប្រជុំ ASEP10 ដែលត្រូវបានធ្វើឡើងនៅទីក្រុងព្រុចសែល នៅឆ្នាំ ២០១៨ និងបានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការអន្តរសភា ផ្អែកលើស្មារតីរបស់កិច្ចប្រជុំមុនៗ របស់ ASEP ទាំងឡាយ សម្រាប់កិច្ចខិតខំប្រឹងប្រែងជាសមូហភាពប្រកបដោយភាពជោគជ័យ ក្នុងការដោះ ស្រាយបញ្ហាជាកង្វល់ និងប្រយោជន៍រួម ជាពិសេស ការលើកកម្ពស់សន្តិភាពអន្តរជាតិ ស្ថិរភាព និងការ អភិវឌ្ឍប្រកបដោយចីរភាពនៃតំបន់ទាំងពីរក្នុងទសវត្សរ៍កន្លងមក។

ASEP11 បានសម្តែងការអបអរសាទរដ៏ជ្រាលជ្រៅចំពោះកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) នាឱកាស ខួបលើកទី២៥ ព្រមទាំងសម្តែងការសាទរចំពោះសមិទ្ធផលសំខាន់ៗ ដែលសម្រេចបានក្រោមសរសរស្តម្ភ ទាំងបី នៃកិច្ចសហប្រតិបត្តិការ។ ASEP បានស្វាគមន៍លទ្ធផលជាផ្លែផ្កានៃកិច្ចសន្ទនាគោលនយោបាយ កម្រិតខ្ពស់ “ASEM នៅឆ្នាំទី២៥៖ បង្កើនភាពជាដៃគូអាស៊ី-អឺរ៉ុប ក្នុងពិភពលោកដែលកំពុងផ្លាស់ប្តូរ”ដែលត្រូវបានធ្វើឡើងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ នៅទីក្រុងហាណូយ ដែលបានសង្កត់ធ្ងន់ពីតម្រូវការ ក្នុងការបង្កើតទស្សនវិស័យច្បាស់លាស់មួយសម្រាប់ភាពជាដៃគូអាស៊ី-អឺរ៉ុប កាន់តែរឹងមាំ។ ASEP11 បាន បញ្ជាក់ឡើងវិញពីសារៈសំខាន់នៃភាពជាដៃគូអាស៊ី-អឺរ៉ុប ដែលដើរតួជាផ្នែកដ៏សំខាន់មួយសម្រាប់ការរក្សា ទំនាក់ទំនងល្អ និងភាពជាដៃគូរឹងមាំរវាងប្រជាជន សភា និងរដ្ឋាភិបាលនៃតំបន់ទាំងពីរ ឆ្ពោះទៅកាន់ការ សម្រេចបានសន្តិភាព ស្ថិរភាព និងកំណើនប្រកបដោយចីរភាព។

ឈានចូលដល់ទសវត្សរ៍ទី៣ នៃសតវត្សរ៍ទី២១ASEP ដែលជាផ្នែកដ៏សំខាន់មួយនៃដំណើរការ ASEM ទាំងមូល បានដើរតួនាទីដ៏សំខាន់ក្នុងការតភ្ជាប់ និងផ្ដល់អំណាចដល់ប្រជាជននៃទ្វីបអាស៊ី និងអឺរ៉ុប ក្នុង គោលដៅ ដើម្បីសម្រេចឱ្យបានសហគមន៍អន្តរតំបន់មួយដែលមានលក្ខណៈផ្ដោតលើប្រជាជន និងយក ប្រជាជនជាធំ និងបន្តកិច្ចសហប្រតិបត្តិការ និងការប្តេជ្ញា ដូចបានបញ្ជាក់នៅក្នុងសេចក្តីប្រកាស ASEP10។

SEP11 បានទទួលស្គាល់ថា ពិភពលោកកំពុងជួបប្រទះបញ្ហាប្រឈម និងការគំរាមកំហែងថ្មីជាសាកល ដែលមានភាពស្មុគស្មាញជាច្រើន ដូចជាបម្រែបម្រួលអាកាសធាតុ និងបញ្ហានៃការសិក្សាស្វែងយល់អំពីជំងឺ ឆ្លងរាតត្បាត (epidemiological issues) ជាពិសេសគឺជំងឺរាតត្បាតជាសាកលកូវីដ-១៩។ ក្នុងន័យនេះ កិច្ចប្រជុំបានសម្តែងសមានចិត្តក្រៀមក្រំ និងបានចូលរួមរំលែកទុក្ខចំពោះការបាត់បង់ជីវិតដ៏សោកសង្រេង ដែលបណ្តាលមកពីជំងឺកូវីដ-១៩ និងបានគូសបញ្ជាក់ឡើងវិញអំពីសារៈសំខាន់នៃសាមគ្គីភាពជាសាកល កិច្ចខិតខំប្រឹងប្រែងរួម និងឆន្ទៈរួម ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតសាកល និងពន្លឿនការស្ដារសង្គម-សេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-១៩ ជាមួយគំរូ និងវិធីសាស្ត្រនៃកំណើនសេដ្ឋកិច្ចដែលគិតគូរដល់ បរិស្ថាន។

ASEP11 បានពិភាក្សាលើបញ្ហាគន្លឹះដែលជាកង្វល់រួមរបស់តំបន់ទាំងពីរ ជាពិសេសបញ្ហាសន្តិភាពនិង សន្តិសុខ ការអភិវឌ្ឍមនុស្ស ការស្ដារសង្គម-សេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-១៩ រួមទាំងបរិវត្តកម្មឌីជីថល សេដ្ឋកិច្ចឌីជីថល គម្លាតឌីជីថល កំណើននិងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងការប្រើប្រាស់ធនធាន ប្រកបដោយចីរភាព រួមទាំងការតភ្ជាប់តំបន់ និងអនុតំបន់។

ASEP1 បានបញ្ជាក់ជាថ្មីម្ដងទៀតនូវភាពពាក់ព័ន្ធនៃការទូតសភា និងភាពជាដៃគូអន្តរសភាក្នុងការ លើកកម្ពស់សន្តិភាព សន្តិសុខ ព្រមទាំងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងចីរភាព និងលើកទឹកចិត្តឱ្យ មានអន្តរកម្មបន្ថែម និងភាពជាដៃគូស្ថាប័នឱ្យកាន់តែមានប្រសិទ្ធភាពរវាងដំណើរការ ASEP និង ASEM ។

ដោយទទួលស្គាល់ពីសារៈសំខាន់នៃការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដើម្បីភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចនៃតំបន់ ទាំងពីរ SEP11 បានអះអាងពីសារៈសំខាន់នៃការគាំទ្ររបស់សមាជិកសមាជិកាសភា លើភាពជាដៃគូ Eurasian កាន់តែខ្លាំង, គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ, យុទ្ធសាស្ត្រសហភាពអឺរ៉ុប ស្តីពី ការតភ្ជាប់អឺរ៉ុប និងអាស៊ី, ផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥, កិច្ចខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយគម្លាត អភិវឌ្ឍន៍ និងសមាហរណកម្មតំបន់ទាំងពីរ ព្រមទាំងគំនិតផ្តួចផ្តើមតភ្ជាប់ពាក់ព័ន្ធផ្សេងទៀត ដែលអាចមាន សក្តានុពលផ្តល់ផលប្រយោជន៍ដល់ប្រជាជនរបស់យើង និងរួមចំណែកដល់វិបុលភាពរួម និងការអភិវឌ្ឍ ប្រកបដោយចីរភាពនៃតំបន់ទាំងពីរ។

ដោយទទួលស្គាល់ពីសារៈសំខាន់នៃការបញ្ចូលធាតុចូលរបស់ ASEP11 ទៅក្នុងដំណើរការផ្លូវការរបស់ ASEM សភាម្ចាស់ផ្ទះនៃកិច្ចប្រជុំ ASEP11 នឹងរាយការណ៍ពីលទ្ធផលកិច្ចប្រជុំនេះ ជូនដល់ថ្នាក់ដឹកនាំ ASEM ក្នុងកិច្ចប្រជុំកំពូល ASEM13 ដែលនឹងត្រូវរៀបចំដោយព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធនិម្មិត។

សមាជិកសមាជិកាសភាASEP ទាំងអស់បានសម្តែងការកោតសរសើរចំពោះព្រឹទ្ធសភា និងរដ្ឋសភា នៃ ព្រះរាជាណាចក្រកម្ពុជា ដែលបានរៀបចំកិច្ចប្រជុំ ASEP11 បានយ៉ាងល្អប្រសើរ ព្រមទាំងសម្ដែងការ ស្វាគមន៍ចំពោះការអញ្ជើញឱ្យចូលរួមកិច្ចប្រជុំ ASEP12 ដែលនឹងធ្វើឡើងនៅអឺរ៉ុប នៅឆ្នាំ២០២៣៕ រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×