Thursday, May 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រសិនបើមានការគំ.រាមស.ម្លាប់ពីសំណាក់មន្ត្រីណាម្នាក់ អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានពន្ធនាគារ លើកទឹកចិត្តឲ្យអតីតជនជាប់ឃុំ ប្រញ៉ាប់ដាក់ ពាក្យបណ្តឹង និងសហការជាមួយសមត្ថកិច្ច ដើម្បីរកយុត្តិធម៌ទាំងអស់គ្នា នៅចំពោះមុខច្បាប់

spot_img

ភ្នំពេញ ៖ អគ្គនាយករង និងជាអ្នកនាំពាក្យ នៃអគ្គនាយកដា្ឋនពន្ធនាគារ ក្រសួងមហាផ្ទៃ ឧត្តមអគ្គានុរក្ស .១ នុត សវនា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីថ្លែងការណ៍ករណីការអះអាង បំភ្លៃការពិតរបស់អតីតជនជាប់ឃុំ ជាសកម្មជននយោបាយ សកម្មជនការពារសិទ្ធិមនុស្សសង្គម និងបរិស្ថាន តាមបណ្តាញសារព័ត៌មាន។ អាជ្ញាធរពន្ធនាគារ ក៏ទទួលស្គាល់ផងដែរថា ពន្ធនាគារ គឺជាទីកន្លែងឃុំឃាំងមនុស្ស ដើម្បីអនុវត្តទោសព្រហ្មទណ្ឌ និងជាទីកន្លែងអប់រំកែប្រែអ្នកទោស ដើម្បីកែប្រែខ្លួនជាពលរដ្ឋល្អ មិនមែនជាទី កន្លែងរស់នៅសុខស្រួល មានអាហារឆ្ងាញ់ៗ និងមានការផ្តល់សេវាសុខាភិបាល បានប្រសើរ ដូចនៅក្នុងសហគមន៍នោះទេ អាជ្ញាធរពន្ធនាគារ សូមលើកទឹកចិត្តឲ្យអតីតជនជាប់ឃុំ មេត្តាកែប្រែខ្លួនជាពលរដ្ឋល្អ គោរពច្បាប់ឲ្យបានត្រឹមត្រូវ និងគោរពតាមលក្ខខណ្ឌទាំងឡាយ ដូចមានចែងក្នុងសាលក្រមរបស់តុលាការ។

អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រោយពីបានតាមដានយ៉ាងយកចិត្តទុកដាក់ ជាមួយព្រឹត្តិការណ៍ថ្មីៗ ពាក់ព័ន្ធនឹងសកម្មភាពរបស់អតីតជនជាប់ឃុំមួយចំនួន ដែលតុលាការទើបបានដោះលែងពីពន្ធនាគារ អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានពន្ធនាគារ សូមធ្វើការបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការលើកឡើងប្រកបដោយចេតនាមិនស្មោះត្រង់ ឆ្លៀតឱកាសកេងចំណេញនយោបាយ ។

ពាក់ព័ន្ធនឹងចំណុចមួយចំនួន ដែលអតីតជនជាប់ឃុំទាំងនោះបានលើកឡើង អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានពន្ធនាគារសូមធ្វើការបកស្រាយ ដូចខាងក្រោម៖

១. បញ្ហាចង្អៀតណែនក្នុងពន្ធនាគារ និងកង្វះទឹកស្អាត

បញ្ហានេះមិនមែនជារឿងថ្មីសម្រាប់កម្ពុជា ឬបណ្តាប្រទេសជាច្រើននៅលើសកលលោកឡើយ។ អាជ្ញា ធរពន្ធនាគារកម្ពុជាតែងខិតខំដោះស្រាយបញ្ហានេះជាមួយស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍនានា។ ជាលទ្ធផល ភាពចង្អៀតណែនក្នុងមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ ជាពិសេសក្នុងរាជធានីភ្នំពេញ ត្រូវបានកាត់បន្ថយជា បន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០២០ ឈានមកឆ្នាំ២០២១ នេះ តាមរយៈការអនុវត្តគោលនយោបាយ កំណែទម្រង់ ពន្ធនាគារ គួបផ្សំនឹងប្រសិទ្ធភាព នៃយុទ្ធនាការពន្លឿនសំណុំរឿងនៅតុលាការរបស់ក្រសួងយុត្តិធម៌។ ជាក់ស្ដែង ចំនួនជនជាប់ឃុំនៅមណ្ឌលអប់រំកែប្រែទី១ បានថយចុះក្នុងខែវិច្ឆិកា ឆ្នាំ២០២០ ពី៩,៤១២នាក់ មកនៅត្រឹម ៧,៧០០នាក់ (ថយចុះ ១៩%) និងនៅខែវិច្ឆិកា ឆ្នាំ២០២១ នេះ បានថយចុះនៅត្រឹម ៦៦១៦ នាក់ (ថយចុះ ១៤%)។ សម្រាប់មណ្ឌលអប់រំកែប្រែទី២ ចំនួនជនជាប់ឃុំបានថយចុះក្នុងខែវិច្ឆិកា ឆ្នាំ២០២០ ពី ១,៨៤៨ នាក់ មកនៅត្រឹម ១,៣៩៩ នាក់ (ថយចុះ ២៤%) និងនៅខែវិច្ឆិកា ឆ្នាំ២០២១ នេះ ចំនួនជនជាប់ឃុំបានថយ ចុះមកនៅត្រឹម ១១២៦ នាក់ (ថយចុះ ១៩៥០%)។ ដោយឡែកចំនួនជនជាប់ឃុំសរុបនៅពន្ធនាគាររាជធានី ភ្នំពេញ (PJ) សម្រាប់ខែវិច្ឆិកា ឆ្នាំ២០២១ នេះក៏មានការធ្លាក់ចុះប្រមាណ ២៩% ធៀបនឹងខែវិច្ឆិកា ឆ្នាំ២០២០ ពោលគឺបានថយចុះពី ១,៧៣៨នាក់ មកនៅត្រឹម ១,២២៧ នាក់ប៉ុណ្ណោះ។

ទន្ទឹមនឹងការខិតខំផ្ទេរជនជាប់ឃុំ ការពង្រីកហេដ្ឋារចនាសម្ព័ន្ធតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ រាជធានី ខេត្ត ក្នុងពេលដ៏ខ្លីខាងមុខនេះ មជ្ឈមណ្ឌលស្ដារនីតិសម្បទាសម្រាប់អនីតិជនប្រព្រឹត្តល្មើស ដែលស្ថិត ក្រោមការគ្រប់គ្រងរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងបើកឲ្យដំណើរការមុនដំណាច់ឆ្នាំ២០២១ ដែលនឹងរួមចំណែកជួយកាត់បន្ថយចំនួនជនជាប់ឃុំក្នុងពន្ធនាគារទូទាំងប្រទេស យ៉ាងតិចបាន ចំនួន១,៤០០នាក់ទៀត។

ពាក់ព័ន្ធនឹងបញ្ហាកង្វះទឹកស្អាត មណ្ឌលអប់រំកែប្រែទី១) ធ្លាប់មានជនជាប់ឃុំរស់នៅជាប្រចាំជាង ៩ ពាន់នាក់ កាលពីឆ្នាំ២០១៩ ជិត៨ពាន់នាក់ កាលពីឆ្នាំ២០២០ និង ទើបធ្លាក់ចុះមកនៅត្រឹមជាង៦ពាន់នាក់ ក្នុងឆ្នាំ២០២១ នេះ ដូច្នេះតម្រូវការប្រើប្រាស់ទឹករបស់ជនជាប់ឃុំ បូករួមទាំងមន្ត្រីកំពុងនៅបម្រើការងារផ្ទាល់ រាប់រយនាក់ផង ធ្វើឲ្យបរិមាណទឹកស្អាតសម្រាប់ផ្គត់ផ្គង់នៅមានកម្រិត។ ចំពោះករណីអតីតជនជាប់ឃុំឈោ្មះ អេង ម៉ាឡៃ ហៅ សូ មេត្តា ទឹកមានប្រើសម្រាប់ទាំងខាត់ស្បែកឲ្យស្អាតផង ប្រើសម្រាប់ងូតជាប្រចាំ១ថ្ងៃ២ពេល ផង និងបោកខោអាវផង ទាស់តែម្យ៉ាង គឺសាមីខ្លួនខ្ជិលមិនខ្ចីបោកសម្លៀកបំពាក់ខ្លួនឯង (ជួលគេបោកឲ្យ)។

២. ការព្រមាន និងគំរាមសម្លាប់ដោយមន្តី

ជាការចោទប្រកាន់លើកឡើងប្រាសចាកការពិតទាំងស្រុង សបង្ហាញច្បាស់ពីគំនិតទុច្ចរិតគ្មានសច្ចៈធម៌ ក្នុងខ្លួនរបស់បុគ្គល ដែលមិនចេះបែងចែករវាងគុណ និងទោស។ ពន្ធនាគារកម្ពុជាជាកន្លែងអនុវត្តច្បាប់ សាលក្រម និងសាលដីការបស់តុលាការ ដោយប្រកាន់យកបទដ្ឋានជាតិ អន្តរជាតិ ជាគោល។ ការគ្រប់គ្រងជនជាប់ ឃុំគ្រប់រូបត្រូវបានអនុវត្តទៅតាមច្បាប់ស្ដីពីពន្ធនាគារ នីតិវិធីពន្ធនាគារ បទបញ្ជាផ្ទៃក្នុងពន្ធនាគារ និងបទដ្ឋាន អប្បបរមាអង្គការសហប្រជាជាតិ ដោយមានការធ្វើអធិការកិច្ចយ៉ាងតឹងរឹងពីសំណាក់ស្ថាប័នអយ្យការជារៀង រាល់ខែ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃជាប្រចាំផងដែរ។

ក្នុងនាមជាអ្នកនាំពាក្យ ដែលបានចុះទៅពិនិត្យដោះស្រាយបញ្ហាផ្ទាល់របស់ជនជាប់ឃុំ ខ្ញុំពិតជាមានការភ្ញាក់ផ្អើល នឹកស្មានមិនដល់ និងសោកស្តាយបំផុតចំពោះទង្វើប្រកបដោយល្បិចកលបំភ្លៃការពិតទាំងគ្មានអៀន ខ្មាស់របស់អតីតជនជាប់ឃុំរូបនោះ ខ្លួនមានការអប់រំ មានមេធាវីជាតំណាង មានគ្នីគ្នាចាំស្រែកបន្ទរធ្វើ សកម្មភាពរំខានសង្គមមកជាច្រើនឆ្នាំផង ប្រសិនបើមានមន្ត្រីគំរាមសម្លាប់មែន ហេតុអ្វីក៏សម្ងំស្ងៀមរហូតមក ទល់ពេលនេះ? កន្លងមកគ្រាន់តែខ្លួនមានបញ្ហាបន្តិចបន្តួចជាមួយជនជាប់ឃុំដូចគ្នាផង របួសគ្រេចជើងដោយ ខ្លួនឯងផង ខ្លួនមិនដែលនៅស្ងៀមទេ តែងបញ្ចេញសកម្មភាពស្រែករកយុត្តិធម៌គ្មានស្រាកស្រាន។

ដើម្បីធានាសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ ប្រសិនបើមានការគំ.រាមស.ម្លាប់ពីសំណាក់មន្ត្រីណាម្នាក់ អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានពន្ធនាគារ លើកទឹកចិត្តឲ្យអតីតជនជាប់ឃុំ អេង ម៉ាឡៃ ហៅ សូ មេត្តា ប្រញ៉ាប់ដាក់ ពាក្យបណ្តឹង និងសហការជាមួយសមត្ថកិច្ច ដើម្បីរកយុត្តិធម៌ទាំងអស់គ្នានៅចំពោះមុខច្បាប់។

៣. បញ្ហាខ្វះខាតក្នុងការផ្គត់ផ្គង់ថ្នាំសង្កូវ និងសេវាគាំពារសុខភាព

យោងមាត្រា ១២ នៃច្បាប់ស្ដីពីពន្ធនាគារ សេវាសុខាភិបាលពន្ធនាគារត្រូវស្ថិតក្រោមការគ្របដណ្តប់ របស់ក្រសួងសុខាភិបាល។ សូមបញ្ជាក់ថា ប៉ុស្តិ៍សុខភាពតាមពន្ធនាគារទោះបីបានទទួលការផ្គត់ផ្គង់ឱសថ និងបរិក្ខាពេទ្យជាប្រចាំ ស្ថិតក្នុងឋានៈត្រឹមជាប៉ុស្តិ៍សុខភាព ទោះមណ្ឌល ឬពន្ធនាគារមានជនជាប់ឃុំតែជាង២០០ នាក់ ឬជិត ៧,០០០នាក់ក្តី ដូច្នេះការបែងចែងថ្នាំសង្កូវ នៅមិនទាន់ឆ្លើយតបតម្រូវការបានទាំងស្រុងនៅឡើយទេ។ ឆ្លើយតបនឹងបញ្ហានេះ អគ្គនាយកដ្ឋានពន្ធនាគារបាន និងកំពុងខិតខំ រៀបចំបង្កើតមណ្ឌលសុខភាព ឬ មន្ទីរពេទ្យបង្អែកដោយមានការទទួលស្គាល់ស្របច្បាប់ពីក្រសួងសុខាភិបាល ដើម្បីពង្រីកលទ្ធភាពក្នុងការផ្តល់ សេវាថែទាំសុខភាពឲ្យបានសមស្របទៅនឹងតម្រូវការរបស់ជនជាប់ឃុំទូទាំងប្រទេស។ ក្នុងពេលជាមួយគ្នានេះ ដែរ អគ្គនាយកដ្ឋានពន្ធនាគារក៏កំពុងខិតខំកៀរគរជំនួយឧបត្ថម្ភពីអង្គការដៃគូ និងសប្បុរសជននានា ជាក់ស្ដែង អគ្គនាយកដ្ឋានពន្ធនាគារបានទទួលជំនួយឧបត្ថម្ភជារថយន្តសង្គ្រោះបន្ទាន់ គ្រែសម្រាកព្យាបាល រទេះជន ពិការ ឱសថព្យាបាលជំងឺកូវីដ-១៩ ឱសថទូទៅ និងសម្ភារអនាម័យជាបន្តបន្ទាប់ សម្រាប់ផ្គត់ផ្គង់តម្រូវការថែទាំ សុខភាពជូនជនជាប់ឃុំ។ ចំពោះបញ្ហាសុខភាពភ្នែករបស់អតីតជនជាប់ឃុំជាសកម្មជន ដូចជាលោក រ៉ុង ឈុន មណ្ឌលអប់រំកែប្រែទី១ បានយកចិត្តទុកដាក់បញ្ជូនទៅវះកាត់ និងព្យាបាលរហូតបានជាសះស្បើយ រួចផុតពី ពិការភាព។ ចំពោះករណីបញ្ហារបួសជើងរបស់កញ្ញា សូ មេត្តា ហៅ អេង ម៉ាឡៃ មណ្ឌលអប់រំកែប្រែទី២ ក៏បាន យកចិត្តទុកដាក់បញ្ជូនទៅវះកាត់ និងព្យាបាលរហូតបានជាសះស្បើយ រួចផុតពីពិការភាពដូចគ្នា ដោយមានការ លាងរបួសនិងលាបថ្នាំផ្ទាល់ដៃ ពីសំណាក់លោកវេជ្ជបណ្ឌិត អនុប្រធានមណ្ឌលផងដែរ។

កិច្ចខិតខំប្រឹងប្រែងគ្មានស្គាល់ យប់ ថ្ងៃសម្រាកជួបជុំគ្រួសាររបស់មន្ត្រីសុខាភិបាលតាមពន្ធនាគារ និងពលីកម្មទាំងឡាយរបស់ពួកគាត់ត្រូវទទួលរងការចោទប្រកាន់ មាក់ងាយ និងវាយប្រហារពីសំណាក់អតីត ជនជាប់ឃុំជាសកម្មជនមួយចំនួនដោយឥតអៀនខ្មាស់។ ក្នុងអំឡុងពេលផ្ទុះរាលដាលឆ្លងនៃជំងឺកូវីដ ១៩ តាម ពន្ធនាគារ មន្ត្រីសុខាភិបាលពន្ធនាគារជាមន្ត្រីជួរមុខត្រូវប្រចាំការជាប់ជាមួយជនជាប់ឃុំជាច្រើនខែថ្ងៃ , ប្រឈម នឹងជំងឺឆ្លងដ៏កាចសាហាវគ្រប់កាលៈទេសៈ។ ទោះត្រូវឆ្លងកាត់បញ្ហាលំបាកចំពោះមុខ មន្ត្រីពន្ធនាគារបានខិតខំ ប្រឹងប្រែងមួយកម្រិតទៀតក្នុងការរៀបចំចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ ជូនជនជាប់ឃុំបានស្ទើរគ្រប់ៗគ្ន លើកលែងតែអ្នកមានបញ្ហាសុខភាព។

៤ បញ្ហាអំពើពុករលួយ

ការរៀបចំកន្លែងដេកសម្រាប់ជនជាប់ឃុំ នៅតាមបន្ទប់ឃុំឃាំងនិមួយៗត្រូវបានរៀបចំធ្វើទៅតាមចំណាត់ ថ្នាក់សន្តិសុខ ដោយមានការចូលរួមពីសមាជិក និងប្រធានបន្ទប់ ឆ្លងកាត់ការពិនិត្យ និងដឹងឮពីសំណាក់មន្តី គ្រប់គ្រងអគារ។ សម្រាប់ប្រធានបន្ទប់ និងអនុប្រធានបន្ទប់ត្រូវបានអនុញ្ញាតឲ្យសម្រាកនៅក្បែរមាត់ទ្វារ និង បង្អួច ចំណែកសមាជិកសម្រាកនៅបរិវេណ ដែលមានការសរសេរឈ្មោះបែងចែកទៅតាមប្លង់កំណត់។ ក្រោយជនជាប់ឃុំណាម្នាក់ត្រូវបានដោះលែង ជនជាប់ឃុំដទៃទៀត អាចស្នើដោះដូរកន្លែងសម្រាកបាន ដោយមានការព្រមព្រៀងរវាងសមាជិកទាំងអស់ និងប្រធានបន្ទប់ មិនមានការកៀបសង្កត់ជម្រិតទារប្រាក់ពីមន្ត្រីឡើយ។

ចំពោះសាច់ប្រាក់ ដែលមន្ត្រីអនុរក្សឆែកឃើញត្រូវធ្វើកំណត់ហេតុ និងរក្សាទុកសម្រាប់បើកប្ដូរជាបណ្ណ គូប៉ុងជូនជនជាប់ឃុំ សម្រាប់ប្រើប្រាស់ក្នុងមណ្ឌល មួយថ្ងៃ២ម៉ឺនរៀល ស្របតាមបទបញ្ជាផ្ទៃក្នុងពន្ធនាគារ។ អតីតជនជាប់ឃុំ អេង ម៉ាឡៃ ក្រៅពីពុំបានគោរពបទបញ្ជាផ្ទៃក្នុងពន្ធនាគារ ជារឿយៗតែងចេញមុខតវ៉ាបញ្ហានេះ ការពារជនជាប់ឃុំខិលខូច។

សរុបសេចក្តីមក សិទ្ធិជាមូលដ្ឋានអប្បបរមារបស់ជនជាប់ឃុំគ្រប់រូបត្រូវបានគោរព និងធានាការពារ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី អាជ្ញាធរពន្ធនាគារក៏ទទួលស្គាល់ផងដែរថា ពន្ធនាគារគឺជាទីកន្លែងឃុំឃាំងមនុស្ស ដើម្បីអនុវត្តទោសព្រហ្មទណ្ឌ និងជាទីកន្លែងអប់រំកែប្រែអ្នកទោស ដើម្បីកែប្រែខ្លួនជាពលរដ្ឋល្អ មិនមែនជាទី កន្លែងរស់នៅសុខស្រួល មានអាហារឆ្ងាញ់ៗ និងមានការផ្តល់សេវាសុខាភិបាល បានប្រសើរដូចនៅក្នុងសហគមន៍នោះទេ អាជ្ញាធរពន្ធនាគារសូមលើកទឹកចិត្តឲ្យអតីតជនជាប់ឃុំ មេត្តាកែប្រែខ្លួនជាពលរដ្ឋល្អ គោរពច្បាប់ឲ្យ បានត្រឹមត្រូវ និងគោរពតាមលក្ខខណ្ឌទាំងឡាយដូចមានចែងក្នុងសាលក្រមរបស់តុលាការ ចៀសវាងការ ប្រឈមនឹងវិធានការផ្លូវច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ច ដែលអាចឈានដល់ការនាំខ្លួនត្រលប់មកឃុំនៅ ពន្ធនាគារវិញជាយថាហេតុ៕ រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×