ភ្នំពេញ ៖ ឆ្លើយតបទៅនឹងការយល់ច្រឡំរបស់មន្ត្រីសមត្ថកិច្ចម ឬក៏មន្ត្រីអាជ្ញាធរមួយចំនួន ដែលវឹបឡើងភ្លាម តែងតែសួរទៅកាន់អ្នកកាសែតថា អ្នកណាអនុញ្ញាតឲ្យចូលមកយកព័ត៌មាននៅទីនេះ ? ហើយថា អ្នកណាអនុញ្ញាតឱ្យថតរូបភាពនៅទីនេះ ខណៈដែលអ្នកកាសែត កំពុងប្រមាញ់រូបភាព និងប្រមូលព័ត៌មាននៅទីសាធារណៈ ដែលមិនមានដាក់ការហាមឃាត់សោះនោះ, ពេលនេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងបញ្ជាក់ថា អ្នកសារព័ត៌មានអាចដើរហើរ និងថតនៅទីសាធារណៈបាន ដោយមិនបាច់ជូនដំណឹងអាជ្ញាធរនោះទេ លើកលែងតែកន្លែងហាមឃាត់។

ការបញ្ជាក់បែបនេះរបស់ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ បានធ្វើឡើង នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងសិក្ខាសាលា ស្តីពី «ការអនុវត្ដវិជ្ជាជីវៈ និងសេរីភាពអ្នកសារព័ត៌មាន ក្នុងក្របខ័ណ្ឌច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ថ្មីៗនេះ មានអភិបាលខេត្តមួយ បាននិយាយថា កាសែតដែលចូលទៅកាន់ខេត្តរបស់គាត់ ត្រូវជូនដំណឹងដល់អាជ្ញាធរឱ្យបានដឹង។ លោករដ្ឋមន្ត្រីបញ្ជាក់ថា «អភិបាលខេត្តរូបនោះ ធ្វើរឿងបែបនេះ មិនត្រឹមត្រូវទេ, គឺត្រូវសួរអ្នកកាសែតអញ្ចឹងទេ, មាត្រា៤០ បាននិយាយអំពីសិទ្ធិដើរហើរដល់ប្រជាពលរដ្ឋ អញ្ចឹងគេទៅណា គេមានសិទ្ធិរបស់គេ គេមិនបាច់ជូនដំណឹង ដល់យើងទេ ប៉ុន្តែបើគេចង់ទាក់ទងអាជ្ញាធរនៅកន្លែងណា ដើម្បីចង់ដឹងព័ត៌មានផ្សេងៗ គេអាចទាក់ទងសុំសួរ នេះជាការងារដាច់ដោយឡែកពីគ្នា។

ឯកឧត្តមរដ្ឋមន្រ្តី បញ្ជាក់ទៀតថា «ថ្ងៃមុនខ្ញុំឃើញគេចាប់អ្នកកាសែត២នាក់ ដែលថត Live នៅមុខសាលាខេត្ត, គឺខុសហើយ អ្នកកាសែតគេអាចថតបាន (នៅទីសាធារណៈ) លើកលែងអ្នកឯងដាក់ថាហាមថត ហើយហាមថតនេះត្រូវមានមូលហេតុស្រួលបួលទៀត ទើបមិនស្ថិតនៅក្នុងការសង្ស័យ, តែបើគេថតឡាយព័ត៌មាន នៅទីសាធារណៈ អ្នកឯងចាប់ហ្នឹងគឺខុសហើយ ដែលជាការបំពានលើសេរីភាពសារព័ត៌មាន និងវិជ្ជាជីវៈ ស្ដីពីរបបសារព័ត៌មាន។
ទោះជាយ៉ាងណាក៏ដោយ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលស្គាល់ផងដែរថា កន្លងទៅ ក៏មានអ្នកកាសែតមួយចំនួនបានធ្វើហួសព្រំដែន ប៉ុន្តែលោកក៏បានសង្កេតឃើញអាជ្ញាធរមូលដ្ឋានខ្លះក៏បានធ្វើហួសព្រំដែនដែរ។ លោកអ្នកសែតខ្លះពុំបានយល់អំពីការងាររបស់ខ្លួន នាំឱ្យអនុវត្តខុស ក្នុងនោះមានដូចជា ការទូរស័ព្ទទៅសម្ភាសចៅក្រមអំពីដំណើរការក្តីជាដើម…៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN











