Saturday, January 3, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការរាជធានីភ្នំពេញ បដិសេធបណ្ដឹងសុំស្ថិតនៅក្រៅឃុំរបស់អតីតមន្ត្រីក្រុមប្រឹក្សាឃុំ-សង្កាត់-ស្រុក-របស់អតីតគណបក្សសង្គ្រោះជាតិ ចំនួន ១៤នាក់ ពាក់ព័ន្ធនឹងបទល្មើស រួមគំនិតក្បត់ និង ញុះ.ញង់ឲ្យប្រព្រឹត្តបទឧ.ក្រិដ្ឋជាអាទិ៍ ??

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ ២០២១នេះ បានបើកសវនាការជំនុំជម្រះលើ បណ្ដឹងសុំស្ថិតនៅក្រៅឃុំ ជាបណ្ដោះអាសន្ន របស់អតីតមន្ត្រីក្រុមប្រឹក្សាឃុំ-សង្កាត់ និង ស្រុករបស់គណបក្សសង្គ្រោះជាតិ ចំនួន ១៤ នាក់ ជាប់ពាក់ព័ន្ធនឹងបទល្មើស រួមគំនិតក្បត់ និង ញុះ.ញង់ឲ្យប្រព្រឹត្តបទឧ.ក្រិដ្ឋជាអាទិ៍ ប្រព្រឹត្តកាលពីអំឡុង ឆ្នាំ ២០១៧ និង ២០១៨ នៅក្នុងដែនដី នៃព្រះរាជាណាចក្រកម្ពុជា។

សវនាការនេះ ដឹកនាំដោយលោកចៅក្រមរស់ ពិសិដ្ឋ ជាប្រធានក្រុមចៅក្រមប្រឹក្សាជំនុំជម្រះ និង មានលោកព្រះរាជអាជ្ញារង សេង ហៀង គឺជាតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងមានវត្តមានជនជាប់ចោទ និង មេធាវីការពារក្តី គឺ សំ សុគង់ ចូលរួមផងដែរ។

បន្ទាប់ពីការបញ្ចប់ការដេញដោល សាកសួរ ជាប់ចោទទាំងអស់ និង មេធាវីការពារក្តី, លោកចៅក្រម រស់ ពិសិដ្ឋ បានសម្រេច បដិសេធបណ្ដឹងសុំស្ថិតនៅក្រៅឃុំរបស់ជនជាប់ចោទទាំង ១៤នាក់ តែប្រកាសបន្ត នូវសវនាការអង្គសេចក្ដីរបស់ពួកគេ នៅថ្ងៃទី៧ និង ៩ ខែ ធ្នូ ឆ្នាំ ២០២១ ខាងមុខនេះទៀត។

លោកមេធាវីសំ សុគង់ បានថ្លែងប្រាប់ក្រុមអ្នកកាសែតខាងក្រៅរបង សាលាដំបូងរាជធានីភ្នំពេញថា ការសម្រេចរបស់តុលាការខាងលើនេះ គឺ អយុត្តិធម៌ណាស់ ចំពោះកូនក្តី ពីព្រោះ វាបានប៉ះពាល់ ដល់សិទ្ធិសេរីភាពរបស់ពួកគេ ហើយម្យ៉ាងវិញទៀត, ពួកគេម្នាក់ៗ សុទ្ធតែមានជម្ងឺប្រចាំកាយទៀតផង។

យោងតាមឯកសាររបស់តុលាការ បានឲ្យដឹងថា ជនជាប់ចោទទាំង១៤ នាក់ ខាងលើនេះ មានឈ្មោះ ដូចខាងក្រោម: ១.ឃុត ច្រឹក , ២.ងិន ឃាង , ៣.ទ្បុង ផារី , ៤.កែវ ថៃលើស , ៥.ថៃ គន្ធា , ៦.ជុំ ចាន់ , ៧.ញ៉ែម វាន , ៨.ស៊ុន ធន , ៩.ឃឹម ភាណា , ១០.សុខ ចាន់ថា , ១១.ពៀត ម៉ាប់ , ១២.យឹម សារ៉េត , ១៣.កាក់ កម្ភារ និង១៤.ហេង ច័ន្ទសុទ្ធី ហៅ ធី ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×