ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែងបញ្ជាក់ប្រាប់បណ្តាញព័ត៌មានថា អ្នកទោស២នាក់ចុងក្រោយ ក្នុងចំណោម៧នាក់ ដែលបានរត់ចេញពីពន្ធនាគារខេត្តស្ទឹងត្រែង ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួន បានហើយនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
អ្នកទោស២នាក់ចុងក្រោយនេះមានឈ្មោះ សៀន ខន និង ឡាវ៉ាន់ កាវង់ផេង ជាជនជាតិឡាវ ដែលត្រូវបានតុលាការផ្តន្ទាទោសពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន។ ការចាប់ខ្លួនអ្នកទោស២នាក់នេះ បានធ្វើឡើងនៅភូមិកោះហិប ឃុំអូរស្វាយ ស្រុកបបុររីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង បន្ទាប់ពីស្រាវជ្រាវអស់រយៈពេលជាង១សប្តាហ៍។
សូមបញ្ជាក់ថា កាលពីវេលាម៉ោងជាង៣ទៀបភ្លឺ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ មានអ្នកទោសគ្រឿងញៀន៧នាក់ បានទម្លុះជញ្ជាំងរត់គេចខ្លួនចេញពីពន្ធនាគារខេត្តស្ទឹងត្រែង។ បន្ទាប់ពីមានករណីនេះ សមត្ថកិច្ចបានដេញតាម និងស្រាវជ្រាវចាប់បានចំនួន៥នាក់ ជាបន្តបន្ទាប់។ ជនជាប់ឃុំដែលសមត្ថកិច្ចចាប់បានមកវិញនោះគឺមានជនជាតិឡាវចំនួន ២នាក់ និងជនជាតិ ខ្មែរចំនួន ៣នាក់ ដែលមានឈ្មោះដូចខាងក្រោម ៖ ១) ឈ្មោះ ទូច វ៉ាត់ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានបទល្មើសសមគំនិតក្នុងអំពើជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងមានកម្រិតទោស៣០ឆ្នាំ ។ ២) ឈ្មោះ វ៉ា ភូ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានបទល្មើស ជួញដូរដោយ ខុសច្បាប់នូវសារធាតុញៀន និងមានកម្រិតទោស២០ឆ្នាំ ។ ៣) ឈ្មោះ គិត ងិន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិឡាវ មានបទល្មើស ប៉ុនប៉ងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងមានកម្រិតទោស ០៤ឆ្នាំ ។ ៤)ឈ្មោះ ចាក លី ប៊ីតាលី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិឡាវ មានបទល្មើស ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កម្រិតទោស អស់មួយជីវិត ។ ៥) ឈ្មោះ មាន វិមាន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានបទល្មើស លួចមានស្ថានទម្ងន់ ទោសដោយសារការ ប្រើទារុណកម្ម និងមានកម្រិតទោស២៧ឆ្នាំ ។

កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រសួងមហាផ្ទៃក៏បានចាត់ចែងធ្វើអធិការកិច្ចប្រកបដោយការទទួលខុសត្រូវចំពោះបញ្ហាដែលបានកើតឡើង គឺធ្វើឱ្យជនជាប់ឃុំរត់រួចពីពន្ធនាគារផងដែរ។
សម្តេចក្រឡាហោម ស ខេង បានឲ្យដឹងថា ជាមួយគ្នានេះខ្ញុំក៏បានចាត់ចែងឲ្យមានការធ្វើអធិការកិច្ច ប្រកបដោយការទទួលខុសត្រូវចំពោះបញ្ហាដែលបានកើតឡើង គឺធ្វើឲ្យជនជាប់ឃុំរត់រួចពីពន្ធនាគារ ដែលពេលនេះក្រុមការងារកំពុងតែធ្វើកិច្ចការនេះ ។
អ្វីដែលខ្ញុំចង់បញ្ជាក់នៅពេលនេះ គឺលទ្ធផលប្រតិបត្តិការនេះពិតជាកើតឡើងបានដោយសារតែមាន ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋយើង ដែលបានជួយស្រាវជ្រាវនិងរាយការណ៍ជូនសមត្ថកិច្ច ឈានទៅដល់ការចាប់បានមកវិញនូវទណ្ឌិតដែលសុទ្ធជាឧក្រិដ្ឋជនគ្រឿងញៀនទាំងនេះ ។
លទ្ធផលនេះ បានបង្ហាញថាគ្រប់សកម្មភាពសង្គមអាចសម្រេចបានដោយសារតែមានការចូលរួមរបស់ប្រជាពលរដ្ឋ ហើយវាជាមោទនភាពដែលលទ្ធផលនេះបានបង្ហាញថា បងប្អូនប្រជាពលរដ្ឋយើងពិតជាមានការយល់ដឹង និងចូលរួមក្នុងគោលនយោបាយភូមិឃុំមានសុវត្ថិភាព ក៏ដូចជាការថែររក្សាសន្តិសុខ សុវត្ថិភាពសង្គមផងដែរ ។
ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និង ខ្លួនខ្ញុំផ្ទាល់ដែលទទួលខុសត្រូវ ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ខ្ញុំសូមសម្ដែនូវការកោតសរសើរ ដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដែលបានខ្នះខ្នែងធ្វើកិច្ចប្រតិបត្តការប្រកបដោយវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមក្នុងប្រតិបត្តិការនេះ៕ រក្សាសិទ្ធិដោយ ៖ កូលាប

