ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញអំពីលទ្ធផល នៃកិច្ចប្រតិបត្តិការចាប់ខ្លួនមកវិញនូវទណ្ឌិតដែលបានលួចរត់ចេញពីពន្ធនាគារខេត្តស្ទឹងត្រែង ដែលនៅពេលនេះសម្រេចបានជោគជ័យ។

ដោយសម្តេចបញ្ជាក់ថា តាមលទ្ធផលនៅថ្ងៃនេះសមត្ថកិច្ចមូលដ្ឋានបានបញ្ចប់ការចាប់ខ្លួនជនជាប់ឃុំចំនួន៧នាក់ មកវិញហើយ ដែលទណ្ឌិតទាំងនោះ បានវាយទម្លុះជញ្ជាំងពន្ធនាគារលួចរត់គេចខ្លួនកាលពីយប់ថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ ។
សម្តេចក្រឡាហោម ស ខេង បានបន្តថា ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និង ខ្លួនសម្តេចផ្ទាល់សូមសម្ដែនូវការកោតសរសើរ ដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដែលបានខ្នះខ្នែងធ្វើកិច្ចប្រតិបត្តការក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងប្រកបដោយវិជ្ជាជីវៈ ព្រមទាំងការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដើម្បីសម្រេចបានជោគជ័យនៅក្នុងប្រតិបត្តិការនេះ ។
ទន្ទឹមនឹងនេះ សម្តេចក្រឡាហោម ស ខេង ក៏បានបញ្ជាក់ជាថ្មីថា ដំណើរការអធិការកិច្ច ចំពោះបញ្ហាដែលបានកើតឡើងធ្វើឲ្យជនជាប់ឃុំរត់រួចពីពន្ធនាគារនោះ គឺនៅកំពុងដំណើរការនៅឡើយ ហើយយើងនឹងធ្វើកិច្ចការនេះប្រកបដោយការទទួលខុសត្រូវ និងតម្លាភាព ។

សម្តេចក្រឡាហោម ស ខេង បានបន្តទៀតថា លទ្ធផលជោគជ័យនៃប្រតិបត្តិការនេះ ពិតជាកើតឡើងបានដោយសារតែមានការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋយើង ដែលបានជួយស្រាវជ្រាវនិងរាយការណ៍ជូនសមត្ថកិច្ចឈានទៅដល់ការចាប់បានមកវិញនូវទណ្ឌិតដែលសុទ្ធជាឧក្រិដ្ឋជនគ្រឿងញៀន ហើយនេះគឺជាការបង្ហាញថាគ្រប់សកម្មភាពសង្គមអាចសម្រេចបានគឺពិតជាមានការចូលរួមរបស់ប្រជាពលរដ្ឋ ហើយវាជាមោទនភាពដែលលទ្ធផលនេះបានបង្ហាញថាបងប្អូនប្រជាពលរដ្ឋយើងពិតជាមានការយល់ដឹង និងបានចូលរួមក្នុងគោលនយោបាយភូមិឃុំមានសុវត្ថិភាព ក៏ដូចជាការថែររក្សាន្តិសុខ សុវត្ថិភាពសង្គមផងដែរ ។
សូមជម្រាបថា ករណីអ្នកទោសចំនួន ៧នាក់ នាំគ្នាវាយទម្លុះជញ្ជាំងពន្ធនាគារខេត្តស្ទឹងត្រែងលួចរត់គេចខ្លួន កាលពីយប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យធ្វើអធិការកិច្ចប្រកបដោយការទទួលខុសត្រូវចំពោះបញ្ហាដែលបានកើតឡើងនេះ។ ដោយសម្តេចបញ្ជាក់ថា ហើយពេលនេះក្រុមការងារកំពុងតែធ្វើកិច្ចការនេះ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

