ភ្នំពេញ ៖ មានការភ្ញាក់ផ្អើល ខណៈប្រជាពលរដ្ឋបានឃើញជនបរទេស រត់ប្រសេចប្រសាចពេញផ្លូវ និងមានអ្នកខ្លះឡើងផ្លោះរបង និងឡើងលើដំបូលផ្ទះ ដើម្បីព្យាយាមរត់គេចពីសមត្ថកិច្ច។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅទីតាំងចំនួន២ផ្សេងគ្នា នៅឯខណ្ឌសែនសុខ ដោយទីតាំងទី១ សមត្ថកិច្ចចម្រុះនៃអគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ឡោមព័ទ្ធទីតាំងមួយកន្លែង ស្ថិតនៅភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ឃាត់ខ្លួនជនបរទេសប្រុសស្រីជាច្រើននាក់ បន្ទាប់មកកម្លាំងសមត្ថកិច្ច បានបន្តទៅឡោមព័ទ្ធទីតាំងមួយកន្លែងទៀត ស្ថិតនៅផ្លូវលេខ១០០៧ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជាលទ្ធផលសមត្ថកិច្ចបានឃាត់ខ្លួនជនជាតិបរទេសជាច្រើននាក់ទៀត។

ប្រតិបត្តិការនេះ មិនមានឃើញវត្តមានសមត្ថកិច្ចមូលដ្ឋាន ចូលរួមនោះទេ ហើយសមត្ថកិច្ច ក៏មិនទាន់បានបញ្ជាក់ថា ជនបរទេសទាំងនោះ ពាក់ព័ន្ធនឹងប្រព្រឹត្តបទល្មើសអ្វីនោះឡើយ ហើយជនបរទេសទាំងនោះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ អគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ធ្វើការសាកសួរ និងបន្តតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ សួង សាម





