ប្រិយមិត្តជាច្រើនបានស្គាល់រួចមកហើយ លោក អៀង ចេនឡា ជាតារាសម្តែងមួយដែលពោរពេញទៅដោយសមត្ថភាពសិល្បៈ ទាំងសម្តែង និងកំប្លែង។ ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់នោះ ស្រាប់តែមួយរយៈចុងក្រោយនេះ លោកបានធ្លាក់ខ្លួនឈឺធ្ងន់ រហូតស្រកសាច់ បាក់រូបសម្រស់យ៉ាងខ្លាំង មើលសឹងពុំស្គាល់ ចេនឡា ពីមុន។ មូលហេតុ គឺលោកមានជំងឺទឹកចូលសួត ដែលធ្វើឲ្យលោកពិបាកក្នុងការដកដង្ហើម និងហូបបាយទឹកមិនបាន។
តែទោះជាយ៉ាងណា នៅពេលនេះ លោក អៀង ចេនឡា បានទទួលអំណោយដ៏ថ្លៃថ្លាពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នូវទឹកប្រាក់ចំនួន ១ ម៉ឺនដុល្លារ សម្រាប់ព្យាបាលជំងឺ។
ក្រៅពីថវិកាឧបត្ថម្ភសម្រាប់ការព្យាបាលជំងឺដ៏ច្រើនសន្ធឹកសន្ធាប់ពីសម្តេចទាំងទ្វេ លោក អៀង ចេនឡា ក៏ទទួលបានបណ្ណសរសើរពីសមាគមអ្នកនិពន្ធខេមរៈ ទៀតផងដែរ។
ជាមួយគ្នានេះផងដែរ ដោយក្តីរំភើបខ្លាំងរកអ្វីប្រៀបពុំបាន អៀង ចេនឡា បានរៀបរាប់ទាំងអារម្មណ៍ក្តុកក្តួលនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា៖ «កូនរំភើបឡើងស្រក់ទឹកភ្នែក នៅពេលបានទទួល អំណោយដ៏ថ្លៃថ្លាពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ចំនួន១មុឺនដុល្លារ តាមរយៈឯកឧត្តមចាន់ កុលបុត្រ កូនសូមគោរពជូនពរសម្ដេចពុក និង ក្រុមគ្រួសារ សូមមានសុខភាពល្អ កំលាំងពលំមាំមួន ដើម្បីបន្តដឹកនាំ ព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព និង ការអភិវឌ្ឍន៍ ជានិច្ចនិរន្តរ៍»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង









