Tuesday, April 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហេតុផលអ្វីខ្លះ ត្រូវបានរៀបចំឲ្យមានព្រះរាជពិធីបុណ្យអុំទូក រហូតដល់បច្ចុប្បន្ន ?

ភ្នំពេញ ៖ បុណ្យអុំទូក គឺជាព្រះរាជពិធីបុណ្យ ជាតិដ៏ធំមួយតាមប្រពៃណីនៅក្នុងប្រទេសកម្ពុជា ដែលកំណត់ឱ្យមានថ្ងៃឈប់សម្រាកដល់ពលរដ្ឋកម្ពុជាចំនួន ៣ថ្ងៃ គិតចាប់ពី អំឡុងខែវិច្ឆិកា និងពេលខ្លះធ្លាក់មកនៅចុងខែតុលា រាប់តាមប្រតិទិន នៃឆ្នាំចន្ទគតិ ( គឺពីថ្ងៃ១៤កើត ១៥កើត និងថ្ងៃ១រោច ខែកត្តិក ) នៅតាមទន្លេសាប។

សម្រាប់ឆ្នាំនេះ ត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃទី១៨-១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២១, ប៉ុន្តែត្រូវផ្អាកទៅវិញសម្រាប់ពិធីធំនៅរាជធានីភ្នំពេញ រីឯការឈប់សម្រាករបស់ពលរដ្ឋ ត្រូវបានរាជរដ្ឋាភិបាល អនុញ្ញាតរយៈពេល ៣ថ្ងៃ ដដែល។

ព្រះរាជបុណ្យអុំទូក ត្រូវបានគេឱ្យនិយមន័យថា ជាបុណ្យសន្តៈរដូវ (រដូវរំហើយ) ឬ ទិវា វិស្សមកាល ដែលស្រដៀងគ្នាទៅនឹងពិធីបុណ្យសែនព្រះខែ នៃបណ្ដាប្រទេសមួយចំនួន ដូចជា វៀតណាម ចិន តៃវ៉ាន់ កូរ៉េខាងត្បូង និង ជប៉ុន ជាដើម។

ប្រវត្តិនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មានការបកស្រាយ ប្លែកៗគ្នាជាច្រើន ហើយពិធីធ្វើក៏ប្លែកៗគ្នាដែរ, ព្រះរាជពិធីនេះ មានតាំងពីបរមបុរាណ យូរលង់មកហើយ ដែលមានចែងក្នុងឯកសារ របស់ប្រវត្តិវិទូ ក៏ដូចជាតាមសិលាចារឹក នៃប្រាសាទអង្គរ។

បើយោងតាមការដកស្រង់ចេញពី សៀវភៅ របស់គណៈកម្មាធិការ រៀបចំបុណ្យជាតិ អន្តរជាតិបង្ហាញថា ក្នុងសម័យអង្គរ នា គ.ស សតវត្សរ៍ទី១២ ប្រទេសកម្ពុជា មានសេចក្តីសុខក្សេមក្សាន្តរុងរឿងណាស់ ដោយព្រះបាទជ័យវរ្ម័នទី៧ ស្តេចយាងធ្វើសង្គ្រាមជើងទឹក ដើម្បីបង្ក្រាបពួកចំប៉ា ដោយកងទ័ពទូកជាចម្បាំង រំដោះក្រុងកម្ពុជា ឱ្យរួចផុតស្រឡះពីខ្មាំងសត្រូវ (គ.ស ១១៧៧-១១៨១) ។

រឿងរ៉ាវចម្បាំងគ្រានោះ មានឆ្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន និងបន្ទាយឆ្មារ។ ក្នុងចម្លាក់នោះ មានកងទ័ពទូកយ៉ាងច្រើនមហិមា ដែលមានព្រះឆាយាល័ក្ខណ៍ ព្រះបាទ ជ័យវរ្ម័នទី៧ ប្រថាប់ឈរលើទីតាំងនាវាចម្បាំង ដោយទ្រង់ធ្នូ និងដំបងយ៉ាងស្វាហាប់ ក្នុងចំណោមកងទ័ព ទូកទាំងឡាយ។

ងាកមកមើលឯកសារល្បែងប្រណាំងទូក របស់ក្រុមជំនុំ ទំនៀមទម្លាប់លេខ១៩.០០៤ និពន្ធដោយ លោក ថាច់ ប៉ែន ហៅ ប៉ាង អាចារ្យនៅពុទ្ធសាសនបណ្ឌិត្យរង ខេត្តឃ្លាំងកម្ពុជាក្រោម មានចែងថា សម័យលង្វែក ព.ស២០៧១ គ.ស១៥២៨ ព្រះបាទអង្គចន្ទទី១ ទ្រង់តាំងពញាតាត ងារជាស្និទ្ធភូបាល ជាស្តេចត្រាញ់នៅកម្ពុជាក្រោម ស្រុកបាសាក់។ ស្តេចត្រាញ់នេះ បានចាត់របៀបរៀបចំ ការពារស្រុក មានដូចខាងក្រោមនេះ ៖

ទាហានជើងទឹក ចែកជា ៣ក្រុម ៖

  • ក្រុមទី១ ហៅទ័ពស្រួច ហាត់ច្បាំង និងទូកដែលមានទ្រង់ទ្រាយ ដូចទូកប្រណាំងយើងសព្វថ្ងៃ។
  • ក្រុមទី២ ហៅទ័ពជំនួយ ហាត់ច្បាំង និងទូកចែវពីរជួរដែលមានទ្រង់ទ្រាយដូចទូក ប្រណាំងយើងសព្វថ្ងៃ។
  • ក្រុមទី៣ ហៅទ័ពបាសាក់ គឺទូកធំមានដំបូលមានចែវ មានក្តោង មានទ្រង់ទ្រាយដូចទូកបាសាក់ ហៅទូក ប៉ុកចាយ តែរាងស្តួចវែងមានដំបូលតែមួយកាត់ខាងមុខ ឥតជញ្ជាំង។ល។ ជាទូកដាក់ស្បៀង អាហារសម្រាប់ កងទ័ព។

របៀបបង្ហាត់ចម្បាំង «តាមទំនៀមស្តេចត្រាញ់កម្ពុជាក្រោម» ស្រេចលើមន្ត្រី៤ទិស «ចតុស្តម្ភ» ដែលមាន នៅក្នុងឱវាទស្និទ្ធភូបាល ស្តេចក្រាញ់គ្រប់ជំពូក ដែលមានបញ្ញត្តិច្បាប់សម្រាប់ស្រុក ។ល។ កំណត់ថ្ងៃ ពេញ បូណ៌មី ខែកត្តិក រដូវអកអំបុកនោះ មន្ត្រី៤ទិស ត្រូវកេណ្ឌទាហានទាំងជើងទឹក និងជើងគោក ធ្វើ «សមយុទ្ធ» ១ថ្ងៃ ១យប់រាល់ឆ្នាំ។ ចំណែកទាហានជើងទឹក ឱ្យទៅប្រឡងឫទ្ធិ នៅឯទន្លេពាមកន្ថោរ ក្នុងខេត្តឃ្លាំង ដ្បិតទីនោះ មាន ទីប្រជុំទឹក គ្រប់ខេត្តទៅមកបានស្រួល។

ដូច្នេះ បើតាមសៀវភៅ និងឯកសារជាប្រភពទាំងពីរ ខាងលើនេះ អាចសន្និដ្ឋានបានថា ប្រទេសកម្ពុជានាសម័យបុរាណ ជាប្រទេសមានកងទ័ពជើងទឹក យ៉ាងខ្លាំងពូកែ និងមានពិធីហ្វឹកហ្វឺន ពិធីសមយុទ្ធកងទ័ពនេះ ជាប្រពៃណី ជាប់រៀងរហូតមក ហើយអាចសន្និដ្ឋានបានទៀតថា ប្រទេសកម្ពុជាធ្វើពិធីនេះ រៀងរហូតមក គឺជាប់តំណ មកពីសមយុទ្ធ ក្នុងសម័យបុរាណនេះឯង។

គួរបញ្ជាក់ថា ព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែសម្រាប់ ឆ្នាំ ២០២១ នេះ ត្រូវបានផ្អាកការប្រារព្ធ ពិធីធំនៅទន្លេចតុម្មុខនៃព្រះបរមរាជវាំង ដោយសារ តែការពារទប់ស្កាត់ការរីករាលដាល នៃមេរោគកូវីដ -១៩ ។ នេះជាការបញ្ជាក់របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃក្នុងពិធីប្រកាសចូលកាន់ មុខតំណែង អភិបាលខេត្តបាត់ដំបង លោក សុខ លូ នាថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២១។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ ថា បើតាមការសម្រេច របស់រាជរដ្ឋាភិបាល គឺឆ្នាំនេះ យើងមិនបានប្រារព្ធពិធីបុណ្យ អុំទូក អកអំបុក ដូចបណ្តាឆ្នាំមុនៗទេ ដោយសារបញ្ហាកូវីដ -១៩នេះឯង ។

គួររំលឹកផងដែរថា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង សំពះ ព្រះខែ ដែលធ្លាប់ប្រារព្ធជារៀងរាល់ឆ្នាំកន្លងមក តែងតែមាន ប្រជាពលរដ្ឋ ចូលរួមទស្សនាការប្រណាំងទូក.ង នៅមាត់ទន្លេចតុម្មុខជាច្រើកុះករ ឬ ទិញទំនិញតាមស្តង់តាំងពិពរ័ណ៍ទំនិញជាច្រើន នៅតាមទីតាំងនីមួយៗក្នុងរាជធានីភ្នំពេញ ព្រមទាំងទស្សនាការប្រគំតន្ត្រីតាមទម្រង់សិល្បៈបុរាណ និងសម័យ ដែលមានប្រគំជូននៅតាមសួនសាធារណៈផងដែរ។ ប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ ទើបអាចប្រារព្ធពិធីបុណ្យជាតិធំៗប្រចាំឆ្នាំបែបនេះបាន, បើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកថ្ងៃនេះដែរ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN