ជឿថា ប្រិយមិត្តជាច្រើន គឺសុទ្ធសឹងជាអ្នកគាំទ្រ ចំពោះវង់ល្ខោនបាក់ដ៏ល្បីឈ្មោះនៅក្នុងប្រទេសកម្ពុជា គឺវង់ល្ខោន «ភី សុគន្ធី» ដែលជាវង់ល្ខោនមួយប្រមូលផ្តុំសុទ្ធតែតួសម្តែងពោរពេញទៅដោយសមត្ថភាពទេពកោសល្យសិល្បៈខ្ពស់ៗណាស់។
ប៉ុន្តែ អ្វីដែលគួរឲ្យសោកស្តាយបំផុតនោះ គឺវង់ល្ខោនដែលមហាជនតែងតែទន្ទឹងរង់ចាំទស្សនាយ៉ាងខ្លាំង បែរជាត្រូវរលាយ ដោយសារតែអាជ្ញាធរខេត្តកំពត បានចុះមករារាំងមិនឲ្យសម្តែងទៅវិញ ដែលធ្វើឲ្យគ្រប់គ្នាហួសចិត្តជាខ្លាំង ព្រោះថា កាលពីថ្ងៃទី១៧ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្ដីជូនដំណឹងស្ដីពីការបើកដំណើរការឡើងវិញ នូវការចូលទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្ដែងសិល្បៈ នៅតាមបណ្ដាខេត្តក្រុងព្រះរាជាណាចក្រកម្ពុជា។
ករណីអាជ្ញាធរខេត្តកំពត ចុះរារាំងវង់ល្ខោនបាសាក់ «ភី សុគន្ធី» មិនឲ្យសម្តែងជាលើកទី១ ដ៏គួរឲ្យហួសចិត្តនេះ គឺបានកើតឡើងនៅយប់ថ្ងៃទី១៨ ដែលជាថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ។
ក្រោយករណីនេះបានកើតឡើង កូនស្រីសំណព្វរបស់ថៅកែល្ខោន ភី សុគន្ធ អ្នកនាង ផន សុផារី បានសម្តែងការសោកស្តាយស្ទើរស្រក់ទឹកភ្នែក ដោយអ្នកនាងបានលើកឡើងបែបនេះថា៖ «ទីបំផុត ថ្ងៃដែលរង់ចាំ ក្លាយជាថ្ងៃដែលកម្ស.ត់លើសថ្ងៃធម្មតា កុំចាំខ្ញុំអី ខ្ញុំមិនបាន ផ្សាយផ្ទាល់ ល្ខោនបាសាក់ជូនបងប្អូនទស្សនាទេ ព្រោះអាជ្ញាធរ មិនអនុញ្ញាតអោយក្រុមខ្ញុំសម្តែងទេ។ ស្តាយការគាំទ្រ ស្តាយសមត្ថភាព ទេពកោសល្យ របស់ពូមីង អ៊ំ និងម៉ាក់ ពីមួយឆ្នាំទៅមួយឆ្នាំវ័យរបស់ពួកគាត់កាន់ច្រើន តើសិល្បៈល្ខោនបាសាក់មួយនេះពិតជាមិនអាចសម្តែងតទៅទៀត ទោះបីមុខរបរគ្រប់យ៉ាងអាចដំណើរការជាធម្មតាក៏ដោយមែនទេ? ព្រោះតែការស្រលាញ់ ចង់ថែវប្បធម៍ កេរ្តិ៍ដំណែលពីដូនតា ទើបគ្រួសារខ្ញុំតស៊ូថែរក្សាមកដល់ថ្ងៃនេះ តើតទៅថ្ងៃមុខ ឈ្មោះវង់សិល្បៈ ភីសុគន្ធី ត្រូវបញ្ចប់តែត្រឹមនេះមែនទេ ? អារម្មណ៍ពេលនេះខ្ញុំពិតជាបា.ក់ទឹ.កចិត្ត អាណិតដល់បងប្អូនសិល្បៈដែលរស់លាក់ទេពកោសល្យ អាណិតទឹកមុខរបស់ពួកគាត់នៅពេលដែលត្រូវត្រឡប់ទៅផ្ទះវិញដោយមិនបានសម្តែង, ខ្ញុំគ្រាន់តែឆ្ងល់សំរាប់ច្បា.ប់ខាងក្រោមនេះ សូមជួយស៊ែរអោយខ្ញុំអស់ចិត្តផង»។
អ្នកនាង ផន សុផារី ក៏បានប្រាប់បងប្អូនអ្នកលេងបណ្តាញសង្គម តាមរយៈខមិនថា វង់ល្ខោនរបស់នាង បានសុំការអនុញ្ញាតពីអាជ្ញាធររួចហើយ ប៉ុន្តែ ពេលរៀបចំសម្តែងបែរជាចុះមករារាំងទៅវិញ ដែលធ្វើឲ្យពុកម៉ែបងប្អូន សម្តែងការខកចិត្តជាខ្លាំង ព្រោះឱកាសបានទស្សនាវង់ល្ខោនដ៏ល្បីនេះ គឺកម្រណាស់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង











