Tuesday, April 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅទីបំផុត បេឡារុស យល់ព្រមបញ្ជូនជនចំណាកស្រុក ចេញពីព្រំដែន

រដ្ឋធានីមីនស្ក៍ (Minsk) ៖ ក្រោយពេលមានការប្រឈមមុខកាន់តែតានតឹង ជុំវិញពីវិបត្ដិជនចំណាកស្រុក នៅតាមព្រំដែនជាមួយនឹងប្រទេសប៉ូឡូញ រហូតដល់លោកស្រីអធិការបតីអាល្លឹម៉ង់ ចូលរួមធ្វើអន្តរាគមន៍ ហើយចរចាតាមទូរស័ព្ទជាមួយនឹងលោក Alexander Lukashenkoនោះមក ទើបបេឡារុស យល់ព្រមបញ្ជូនជនចំណាកស្រុក និង ជនភៀសខ្លួនរាប់ពាន់នាក់ ចេញពីព្រំដែន ដើម្បីបន្ធូរបន្ថយនូវភាពតានតឹងជាមួយនឹងសហភាពអឺរ៉ុប។

សារព័ត៌មាន CGTN បានចេញផ្សាយ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ថា លោក Alexander Lukashenko និង លោកស្រី Angela Merkel អធិការបតីអាល្លឺម៉ង់ បានយល់ព្រមសន្ទនាគ្នា តាមទូរស័ព្ទ ដើម្បីស្វែងរកដោះស្រាយបញ្ហាវិបត្ដិជនចំណាកស្រុក និង ជនភៀសខ្លួន នៅតាមព្រំដែន រវាងបេឡារុស និងប៉ូឡូញ។ វិបត្ដិជនចំណាកស្រុកនេះ បានកើតឡើង ចំពេលសហភាពអឺរ៉ុប គ្រោងនឹងដាក់ទណ្ឌកម្មជាថ្មីបន្ថែមទៀត ប្រឆាំងនឹងបេឡារុស។ ជំនួបចរចា រវាងមេដឹកនាំទាំង២នេះ បានឈានដល់ការបញ្ជូនជនចំណាកស្រុក និង ជនភៀសខ្លួន ចេញពីព្រំដែន។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ថា បើបណ្ដាញផ្សព្វផ្សាយរដ្ឋរបស់បេឡារុស បានរាយការណ៍ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ថា អាជ្ញាធរបេឡារុស បានបញ្ជូនជនចំណាកស្រុក និង ជនភៀសខ្លួនរាប់ពាន់នាក់ ចេញពីជំរំដ៏ធំនានា នៅតាមព្រំដែនជាមួយនឹងប្រទេសប៉ូឡូញ។ សកម្មភាពរបស់អាជ្ញាធរបេឡារុសនេះ អាចជួយបន្ធូរបន្ថយដលភាពតានតឹង ដែលបានកើនឡើង កាលពីប៉ុន្មានសប្ដាហ៍ថ្មីៗនេះ។

ជនចំណាកស្រុក និង ជនភៀសខ្លួនរាប់ពាន់នាក់ បានព្យាយាម ចូលទៅកាន់សហភាពអឺរ៉ុប ដោយឆ្លងកាត់ប្រទេសបេឡារុស ចាប់តាំងពីរដូវក្ដៅ។ ចំណែកប្រទេសជាសមាជិកអឺរ៉ុបជាច្រើន បានចោទប្រកាន់បេឡារុស ពីការមានចេតនា បង្កើតវិបត្តិជនចំណាកស្រុក ដោយដឹកជញ្ជូនមនុស្ស មកពីតំបន់មជ្ឈិមបូព៌ា និង ជំរុញឱ្យពួកគេព្យាយាមឆ្លងព្រំដែនរបស់ខ្លួន ចូលទៅក្នុងប្រទេសប៉ូឡូញ និង Lithuania ។ ប៉ុន្ដែការចោទប្រកាន់ទាំងនេះ ត្រូវបានរដ្ឋាភិបាលទីក្រុងមីនស្ក៍ ច្រានចោល។

បណ្ដាញផ្សព្វផ្សាយរដ្ឋបេឡារុស បានរាយការណ៍ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា អ្នកស្វែងរកសិទ្ធិជ្រកកោនជាច្រើននាក់ ត្រូវបានដឹកជញ្ជូនចេញពីព្រំដែនជាមួយនឹងប៉ូឡូញ នាំទៅកាន់ជំរំ ដែលរៀបចំឲ្យមានកម្ដៅត្រឹមត្រូវ ខណៈអាកាសធាតុកំពុងតែចុះត្រជាក់។ ប៉ុន្ដែនៅទីសម្រាប់ដាក់ជនចំណាកស្រុកនោះ ក៏នៅមិនឆ្ងាយប៉ុន្មានពីព្រំដែននោះដែរ។

ដោយឡែក អ្នកនាំពាក្យ ឆ្មាំព្រំដែនប៉ូឡូញ បានបញ្ជាក់ថា ជំរំនានា នៅតាមព្រំដែន នៅភាគខាងកើត ស្ថិតក្នុងទឹកដីបេឡារុស មិនមានជនចំណាក់ស្រុក និង ជនភៀសខ្លួនស្នាក់នៅនោះទេ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា។

វិបត្ដិជនភៀសខ្លួន និង ជនចំណាកស្រុក រាប់ពាន់នាក់ នៅតាមព្រំដែន រវាងប៉ូឡូញ-បេឡារុស នេះ បានកើតឡើង ចំពេលសហភាពអឺរ៉ុប គ្រោងនឹងដាក់ទណ្ឌកម្មជាថ្មីបន្ថែមទៀត ប្រឆាំងនឹងបេឡារុស។ ដោយសារតែបញ្ហានេះ ទើបប្រទេសសមាជិកសហភាពអឺរ៉ុបជាច្រើន បានចោទប្រកាន់រដ្ឋាភិបាលទីក្រុងមីនស្ក៍ ជាអ្នកបង្កឡើង ដោយសារមេគំនិតធំ នៅទីក្រុងមូស្គូ៕ រក្សាសិទ្ធិដោយ ៖ សារាយSN