ភ្នំពេញ ៖ ពិតជាមានការភ្ញាក់ផ្អើល បំផុតនៅពេលដែល លោកអ្នកទទួលដំណឹងថា អតីតពិធីការិនី ប្រចាំប៉ុស្តិ៍បាយ័ន ស៊ិន នារីរត្ន័ស្រាប់តែ ជួបនូវភ័ព្ទសំណាងល្អ ក្នុងជីវិត រហូតរស់ក្នុងកម្រិតជីវភាពហ៊ឺហារមិនធម្មតា។ អ្នកនាងទើបតែចំណាយដើមទុន រហូតខ្ទង់ម៉ឺនៗដុល្លារ បើកពង្រីកភោជនីយដ្ឋាន មួយកណ្តាលក្រុង ដោយរបរថ្មីនេះ ទាំងនាងនឹងស្វាមីសង្ឃឹមថា មានការគាំទ្រ បន្តទៀតពីសំណាក់អតិថិជន ដែលនិយម ញាំសាច់អាំង និងអាហារបែបជប៉ុន។

នាល្ងាចថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០២១ ជាឱកាសព្រះរាជពិធីបុណ្យ អុំទូកថ្ងៃទី២ អ្នកនាង ស៊ិន នារីរត្ន័ បានដឹងដៃស្វាមីបណ្តូលចិត្ត បើកសម្ពោធភោជនីយដ្ឋានថ្មី ដែលជាសាខាទី២ មានឈ្មោះថា«ហុកកៃដូ» នាម្តុំទួលគោករាជធានីភ្នំពេញ។ អ្វីដែលគេភ្ញាក់ផ្អើលបំផុតគឺ នាងនិងស្វាមី ជះលុយសន្ឋឹកសន្ឋាប់ក្បែរលានដុល្លារទៅហើយ រៀបចំហាងថ្មីនេះឡើង។ ម្ល៉ោះហើយទើបមើលទៅ ការរចនាឡើងក្នុងផ្ទៃហាងស្រស់ស្អាត ទាក់ទាញ ដូចនៅស្រុកជប៉ុន។ បែបនេះហើយទើបគេលាន់មាត់សរសើរថា នារីរត្ន័ឡូយណាស់ ស្ងាត់ពីមហាជន បែរជាជួបនូវភាពជោគជ័យទាំងជីវិតស្នេហា និងជីវិតជាស្ត្រីជំនួញ។

តារាស្រីដែលពេលនេះ មានកូនស្រី២នាក់ជា ចំណងដៃស្នេហា បានលើកឡើងថា រយៈពេលឃ្លាតឆ្ងាយពី មហាជននាងក៍ចាប់ផ្តើមងាក មកពង្រឹងស្នាដៃលើមុខរបរជំនួញ បើកជាហាងលក្ខណៈជប៉ុន។ ការប្រែប្រួលនេះ បានចេះចាំកើតរៀនសូត្រពីស្វាមីជាអ្នកបង្ហាញទិស។ ការងារប្រចាំថ្ងៃនេះហើយជម្រុញអោយ យើងកាន់តែយល់ដឹង។ពិសេសខុសពីការនិយាយ មុខកញ្ចក់ទូរទស្សន៍ ដោយយើងត្រូវចេះមើលថែទាំភ្ញៀវមកចូលញាំអាហាររបស់យើង គោរពគាត់ជានិច្ច។
តារាដែលនៅតែរក្សាបានសម្រស់ស្អាតរូបនេះលើកឡើងទៀតថា ហាងរបស់នាងដែលបន្ថែមសាខាថ្មីទី២នេះ គឺរៀបចំដោយមានការ អនាម័យខ្ពស់គោរពតាម ក្រសួងសុខាភិបាល យើងប្រយ័ត្នបំផុត បូកទាំងអនាម័យ។ យើងមាន២៧បន្ទប់ខណ្ឌគ្នាមិនអោយជុំគ្នា ច្រើនទើបខណ្ឌដោយឡែកៗពីគ្នា។ បើរំលឹកដល់អាជីពចាស់ នាងមានការនឹករលឹក ហើយស្តាយដែរតែនេះជាវិថីជីវិតដែលជួបក្នុងពេលមានគ្រួសារ។ នាងសរសើរដល់ប្អូនៗជំនាន់ក្រោយដែល ពូកែៗអាចនិយាយកម្មវិធីបានល្អ។ វត្តមានតារាចូលរួមភាគច្រើនជាមិត្តចាស់រួមទ្រនំ ដូចជា ស៊ឹម សូលិកា និងស្វាមី ហ៊ិន ច័ន្ទនិរត្ន័ សុខ សោម៉ាវត្តី ហេង កែវនីតា ប៉ែន ចំរ៉ុងជាដើម៕ រក្សសិទ្ធិដោយ ៖ ឧត្តម













