បាត់ដំបង ៖ ខណ:ក្រុមហ៊ុនផ្សារបឹងឈូកបាត់ដំបងមានគម្រោងរុះរើកន្លែងលក់ដូររបស់អាជីវករឱ្យផ្លាស់ទៅលក់នៅទីតាំងថ្មីនោះ ពេលនេះក្រុមអាជីវករប្រមាណ១០០នាក់ តំណាងឱ្យជាង៦០០នាក់ លក់គ្រឿងហូបចុក ដូចជា បាយ បបរ គុយទាវ ផ្លែឈើ បន្លែ ត្រីសាច់ បានប្រមូលផ្តុំគ្នា កាលពីរសៀលថ្ងៃទី២២ ខែវិច្ឆកា ឆ្នាំ២០២១ ក្នុងគោលបំណងស្នើឲ្យ លោក សុខ លូ អភិបាលខេត្តបាត់ដំបង ទើបកាន់តំណែងថ្មី ជួយអន្តរាគមន៍ដល់ពួកគាត់ ដើម្បីបានលក់ដូរ នៅកន្លែងចាស់ជុំវិញបរិវេណផ្សារបឹងឈូកដដែល ដោយមិនប្តូរទៅទីតាំងថ្មីនោះទេ។
សូមបញ្ជាក់ថា ទីតាំងកន្លែងលក់ដូរថ្មីនៅជាប់ចំណតរថយន្តបឹងឈូក ចម្ងាយ ប្រហែល ២០០-៣០០ម៉ែត្រពីគ្នា, ហើយការដែលក្រុមអាជីវករមិនចង់ផ្លាស់ទៅលក់លើទីតាំងនោះ ដោយសារបារម្ភខ្លាចលក់មិនដាច់។
ក្រុមអាជីវករបាននិយាយថា ពួកគេលក់ដូរលើទីតាំងចាស់ជុំវិញបរិវេណផ្សារនេះច្រើនឆ្នាំមកហើយ មានអាជីវករសរុបជាង៦០០នាក់ កន្លែងលក់ដូរចាស់មានទំហំធំសមរម្យ ខ្លះជាងមួយម៉ែត្រ ខ្លះទៀតជាងពីរម៉ែត្រ ហើយលក់ដាច់ជាហូរហែ, ផ្ទុយទៅវិញនៅទីតាំងថ្មី គេកំណត់បែងចែកជា ៣ទីតាំងឲ្យអាជីវករលក់ដូរ កន្លែងលក់តូចចង្អៀតរកតែដាក់តាំងបន្លែ ផ្លែឈើ ត្រីសាច់ មិនគ្រាន់ផង , ជាងនេះទៀត គឺកន្លែងថ្មីលក់មិនសូវដាច់ លក់បានលុយត្រឹមតែ ១០,០០០-២០,០០០រៀលប៉ុណ្ណោះក្នុងមួយព្រឹកៗ មិនអាចដោះស្រាយជីវភាពចិញ្ចឹមជីវិតបានឡើយ។
ឆ្លើយតបនឹងការតវ៉ារបស់ក្រុមអាជីវករ មន្ត្រីរដ្ឋបាលខេត្តបាត់ដំបង បានចាត់ឲ្យតំណាងអាជីវករ ៥នាក់ ឡើងទៅជួបពិភាក្សាជាមួយអភិបាលរងខេត្ត ទទួលបន្ទុក កិច្ចការនេះ ប៉ុន្តែក្រុមអាជីវករមិនព្រមឡើងទៅជួបទេ ព្រោះចង់ជួបជាមួយ លោក សុខ លូ ផ្ទាល់មាត់វិញ។
ចំណែក លោក សុខ លូ អភិបាលខេត្តបាត់ដំបង ជាប់រវល់ការងារខ្រើនមិនអាចជួបក្រុមអាជីវករភ្លាមៗបាន ធ្វើឱ្យក្រុមអាជីវករសុខចិត្តរំសាយសិន រង់ចាំជួបលោកអភិបាលខេត្តផ្ទាល់នៅពេលបន្តបន្ទាប់៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN