Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រីលង្កា លុបចោលកិច្ចព្រមព្រៀងជីសរីរាង្គ ជាមួយក្រុមហ៊ុន Qingdao Seawin Biotech ដោយសារមាន បាក់តេរីបង្កគ្រោះថ្នាក់

ប៉ុន្មានខែមុននេះ ប្រទេសស្រីលង្កា បានបញ្ឈប់ការនាំចូលជីគីមី ហើយចាប់ផ្តើមប្រើប្រាស់ជីសរីរាង្គ សម្រាប់ ការដាំដុះ។ ទោះជាយ៉ាងណាក៏ដោយ ការផលិតជីសរីរាង្គ មិនគ្រប់គ្រាន់សម្រាប់កសិករនោះឡើយ ដូច្នេះ ហើយទើបរដ្ឋាភិបាល សម្រេចនាំចូលជីសរីរាង្គ។

សំណាកតេស្តជី ដែលនាំយកពីក្រុមហ៊ុន Qingdao Seawin Biotech ក៏ត្រូវបានធ្វើតេស្តសាកល្បង។ បាក់​តេរី​បង្កគ្រោះថ្នាក់ ដែលមានឈ្មោះថា Erwinia ត្រូវបានរកឃើញនៅក្នុងសំណាកតេស្តទាំងនោះ ដែលវាត្រូវ​បានធ្វើតេស្តពីរដង។

ទោះបីជាយ៉ាងណាក៏ដោយ ក្នុងអំឡុងពេលស៊ើបអង្កេតនេះ ក្រុមហ៊ុន នៅតែបាន​បញ្ជូនកប៉ាល់ដឹក​ជីមក​ប្រទេស​ស្រីលង្កា ដឹកតាមការបញ្ជាទិញជីដដែរ។ អាជ្ញាធរស្រីលង្កា មិនអនុញ្ញាតឱ្យកប៉ាល់ចូលប្រទេសទេ ដោយសារតែមានវត្តមានជីដែលបង្កគ្រោះថ្នាក់ ហើយតុលាការបានផ្អាកការទូទាត់ថ្លៃជីតាម​ធនាគារប្រជាជន ដែលជាធនាគាររដ្ឋឈានមុខគេមួយក្នុងប្រទេសស្រីលង្កា ដែលជាប់ពាក់ព័ន្ធនឹងបញ្ហានេះ ប៉ុន្តែ ជាការឆ្លើយ​តប ប្រទេសចិន បានចុះបញ្ជីខ្មៅធនាគារប្រជាជនទៅវិញ។

ក្រុមហ៊ុន Qingdao Seawin Biotech មិនបានទទួលស្គាល់របាយការណ៍ធ្វើតេស្តនេះទេ ហើយបានចាត់​វិធាន​ការផ្លូវច្បាប់ ដោយសារតែភាពមិនសមរម្យ ដែលបានកើតឡើងចំពោះក្រុមហ៊ុនរបស់ពួកគេ។ ហើយទោះជា​យ៉ាងណាក៏ដោយ កប៉ាល់ចិននៅតែចតនៅលើមហាសមុទ្រជុំវិញប្រទេសស្រីលង្កា ដោយប្តូរឈ្មោះ និងផ្អាក​ដំណើរការឧបករណ៍ GPS របស់ពួកគេ។

កសិករ បានតវ៉ាប្រឆាំងនឹងការនាំចូលកប៉ាល់ ដែលមានផ្ទុកជី ដែលបង្កគ្រោះថ្នាក់ដល់ប្រទេស ដោយស្នើ​សុំ​រដ្ឋាភិបាលមិនអនុញ្ញាតឲ្យមានការបំផ្លាញកសិកម្ម ក្នុងប្រទេសខ្លួនដោយសារបាក់តេរីបង្កគ្រោះថ្នាក់នោះទេ។

លោក Maithripala Sirisena អតីតប្រធានាធិបតីស្រីលង្កា​ បានលើកឡើងថា​”យើងត្រូវតែគាំទ្រគំនិត​របស់អ្នក​ជំនាញរបស់ប្រទេសយើង រួមទាំងនាយកដ្ឋានកសិកម្មប្រទេសយើងផងដែរ។​យើងត្រូវធ្វើការតាមគំនិត​របស់​អ្នក​ជំនាញ​របស់យើង។ យើង​មិន​អាច​ធ្វើ​ការ​តាម​ការ​យល់​ឃើញ​របស់​ប្រទេសខាងក្រៅ​ណា​មួយ ឬ​ក្រុម​អ្នក​ជំនាញខាង​ក្រៅ​ណា​មួយ​ឡើយ។ បើ​មានអ្វីកើត​ឡើង ​វា​ប៉ះពាល់​ដល់​ឯករាជ្យ​ជាតិប្រទេសរបស់​យើង។”

លោក Maithripala Sirisena អតីតប្រធានាធិបតីស្រីលង្កា បានបន្តថា “ធនាគារ​ប្រជាជន​បាន​ធ្វើ​ការ​តាម​ដីកា​របស់​តុលាការ។ ប្រទេស​ចិន​បាន​ធ្វើ​រឿងមិន​ត្រឹមត្រូវ​ដោយ​ការ​ចុះ​បញ្ជី​ខ្មៅ​ធនាគារ​ប្រជាជន។ យើងមិនអាចទ​ទួលយកវាបានទេ។”

លោក T.B Sarath  ប្រធានសមាគមកសិករ All Ceylon បានឱ្យដឹងដែរថា “អ្នក​វិទ្យាសាស្ត្រ​ស្រីលង្កា​និយាយ​ថា ជី​សរីរាង្គ​របស់​ចិន​មាន​គ្រោះថ្នាក់​ដល់​ប្រទេស។ ពួកគេស្នើឱ្យជៀសវាងការនាំចូលជីទាំងនេះ ជាពិសេស​ព្រោះ​វាផ្ទុកបាក់តេរីបង្កគ្រោះថ្នាក់ហៅថា Erwinia។”

លោក Jayasena មេដឹកនាំសហជីព បានលើកឡើងដែរថា​”យើងមិនបានប្រឆាំង​នឹងការដាំដុះសរីរាង្គ​ទាំង​ស្រុង​នោះទេ។ យើង​តវ៉ា​ប្រឆាំង​នឹង​ការ​នាំ​ចូល​វត្ថុ​បង្ក​គ្រោះថ្នាក់​ពី​បរទេស និង​បំផ្លាញ​ការ​ដាំដុះ​របស់​យើង។”

ប្រភព៖ A24

×