ប្រិយមិត្ត និងមហាជន ពិតណាស់បានសម្តែងនូវក្តីរំជួលចិត្ត និងការឈឺចាប់ខ្លាំងរួចហើយ ចំពោះករណីយុវតីវ័យក្មេងមួយរូប ជាសិស្សថ្នាក់ទី១២ រស់នៅស្រុកចំការលើ ខេត្តកំពង់ចាម ដែលត្រូវបាត់បង់ជីវិតគួរឲ្យអាសូរបំផុត ដោយសារអំពើរំលោ-ភសម្លា-ប់ពីសំណាក់ឃាតករវ័យក្មេងម្នាក់ជាអ្នកភូមិជាមួយគ្នា ដែលបានប្រព្រឹត្តនៅចំណុចព្រៃចំការពោត កាលពីវេលាម៉ោងប្រមាណ ៥ ល្ងាច ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ខណៈពេលនាងធ្វើដំណើរចេញពីសាលារៀន វិលត្រឡប់មកផ្ទះវិញ។
យ៉ាងណាមិញ ជុំវិញរឿងរ៉ាវអំពើឃាតកម្មដ៏ឃោឃៅនេះផងដែរ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ស្រ្តីម្នាក់មានឈ្មោះ រ៉ាន់ វាសនា ដែលត្រូវជាមីងរបស់សពយុវតីរងគ្រោះ ឌីម អេងជូ បានចេញមុខរៀបរាប់ទាំងអួលដើមក ចំពោះរឿងហេតុដែលបានកើតឡើងដ៏មិននឹកស្មានដល់ និងដំណើរស្វះស្វែងរកក្មួយស្រីកាត់ចំការកៅស៊ូ ចំការពោតទាំងយប់ បន្ទាប់បាត់ដំណឹងទាក់ទងក្មួយស្រីលែងបាន។
ក្នុងនោះ ស្រ្តីខាងលើបានរៀបរាប់ឲ្យដឹងថា ក្មួយស្រីរបស់នាង អេងជូ សព្វថ្ងៃនេះ កំពុងរស់នៅស្ថិតក្រោមការមើលថែរបស់ខ្លួន ព្រោះតែឪពុកម្តាយរបស់នាងបានលាចាកលោក ខណៈឯម្តាយរបស់នាងបានចំណាកស្រុកទៅធ្វើការនៅឯប្រទេសថៃឯណោះ។ តែទោះយ៉ាងណា ក្មេងស្រីម្នាក់នេះ ពិតជាជាតស៊ូរៀនសូត្រខ្លាំងណាស់ ទោះមានលុយ អត់លុយ ឈឺជាយ៉ាងណា ក៏នាងតស៊ូទៅរៀន មិនហ៊ានឈប់ទេ ព្រោះតែបំណងអនាគតរបស់នាង គឺចង់ធ្វើជាគ្រូពេទ្យ ដើម្បីជួយក្រុមគ្រួសារ ឲ្យចាកផុតពីភាពក្រីក្រ។ ប៉ុន្តែ បំណងប្រាថ្នារបស់នាង ត្រូវបានរលាយនៅពេលនេះ ដែលធ្វើឲ្យក្រុមគ្រួសារ សាច់ញាតិ មិត្តភក្តិ មិនអាចទទួលយកបានឡើយ។
ស្ត្រីជាមីងខាងលើ ក៏បានឲ្យដឹងថា រាល់ថ្ងៃ ក្មួយស្រី ជូ ជិះម៉ូតូទៅសាលារៀន ដើម្បីរៀនសាលារដ្ឋផង និងរៀនគួរបន្ថែមផង ស្ថិតក្នុងចម្លាយផ្លូវប្រមាណ ១៥ គីឡូម៉ែត្រ ដោយឆ្លងកាត់ផ្លូវដាច់ចំការកៅស៊ូ ៣ គីឡូម៉ែត្រ និងក្រៅពីនេះ គឺជិះថ្នល់ជាតិរហូតដល់សាលា។
ដោយឡែក ទាក់ទងដំណើររឿងហេតុដែលក្មួយស្រី អេងជូត្រូវគេរំលោ-ភសម្លា-ប់ ស្រ្តីជាមីង បានរៀបរាប់ដំណើរដើមទងថា គឺបន្ទាប់ពីមានការសង្ស័យ ព្រោះពុំឃើញក្មួយស្រីមកដល់ផ្ទះដូចវេលាសព្វដង ហើយណាមួយទៀត ទាក់ទងទៅក្មួយស្រីក៏លែងបាន និងសូម្បីសួរនាំទៅមិត្តភក្តិរបស់នាង ដែលក៏បានប្រាប់ថា ជូ បានជិះមកផ្ទះបែកផ្លូវគ្នាអស់ហើយ ពុំបានទៅណាទៀតទេ និងព្រមទាំងសួរទៅខាងផ្ទះយាយនៅខាងតាប្រុកដែលនាងធ្លាប់ទៅគេងនៅទីនោះ ក៏ពុំឃើញទៀត ជាហេតុធ្វើឲ្យពួកគាត់ នាំគ្នាជិះម៉ូតូដើររកតាមផ្លូវតំបន់ចំការកៅស៊ូតែម្តង។ តែអ្វីដែលគួរឲ្យតក់ស្លុត ស្ទើរតែមិនគួរឲ្យជឿភ្នែកនោះ គឺក្រោយស្វែងរកប៉ុន្មានម៉ោងរហូតដល់ម៉ោង ៧ យប់ ក៏បានរកឃើញក្មួយស្រីកំពុងដេកស្លា-ប់អាក្រា-តកាយទៅហើយ។
ស្រ្តីជាមីងឈ្មោះ រ៉ាន់ វាសនា បានរៀបរាប់ទាំងអួលដើមកថា រូបនាងបានជិះម៉ូតូឈរនៅពីខាងក្រោយប្អូនប្រុសតាមរក ជូ លុះបញ្ចាំងភ្លើងពិលនៅតំបន់ចំណុចចម្ការពោត ស្រាប់តែឃើញចាំងស្លាកលេខម៉ូតូនៅក្នុងព្រៃ ក៏ឈប់ស្រែកហៅគ្នាឲ្យមកពិនិត្យមើល លុះចូលក្នុងព្រៃពោត ដើម្បីពិនិត្យឲ្យដឹងច្បាស់ នៅពេលនោះ ពួកគាត់ពិតជាស្លុ-តចិត្តកាន់តែខ្លាំង ខណៈឃើញម៉ូតូក្មួយស្រីពិតមែន និងម៉ូតូមួយគ្រឿងទៀត ជារបស់ជនសង្ស័យ។ លុះនាំគ្នាបន្តលុកលុយស្វែងរកទៀត ក៏ប្រទះឃើញក្មួយស្រីកំពុងដេកស្លា-ប់ក្នុងស្ថានភាពអាក្រា-តកាយ ដោយសក់រញ៉េរញ៉ៃ ខ្លួនប្រាណប្រឡាក់សុទ្ធតែដី និងក្រចកជាប់ដីទៀតផង ដែលធ្វើឲ្យគ្រប់គ្នាស្លុ-តចិត្តស្ទើរសន្ល-ប់ ព្រោះមិននឹកស្មានដល់ថា ក្មួយត្រូវជួបរឿងដ៏អាក្រក់បែបនេះ។
ស្រ្តីជាមីងក៏បានប្រាប់ឲ្យដឹងថា បន្ទាប់ពីប្រទះឃើញសាកសពហើយ ក្រុមគ្រួសារក៏បានទាក់ទងទៅអ្នកភូមិ និងប្រធានភូមិ ដើម្បីជួយអន្តរាគមន៍ ដោយមានអ្នកជំនាញថ្នាក់ខេត្តចុះមកពិនិត្យកោសល្យវិច្ច័យផងដែរ។ ហើយទីកន្លែងរកឃើញសាកសពក្មួយស្រីរបស់ខ្លួន គឺស្ថិតក្នុងព្រៃចំការពោត ដែលមានចម្ងាយប្រមាណ ១ គីឡូម៉ែត្រ ទៀតប៉ុណ្ណោះ ដល់ផ្ទះហើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង









