ភ្នំពេញ ៖ តារាចម្រៀងដែលផ្ញើ វាសនា នៅ សហរដ្ឋអាមេរិក អស់ជាច្រើនឆ្នាំមកហើយនោះ លោកសៅ រ៉ានីត ហាក់មានទឹក មាត់លេបឡើងវិញហើយ ក្រោយពេលលោក ស្រាប់តែមានឱកាស ច្រៀងសម្តែងឡើងវិញរដូលចុងឆ្នាំនេះ និងអំឡុងឆ្នាំ២០២២ខាងមុខ។
ជាមួយនិងក្តី សង្ឃឹមថ្មីនេះ រ៉ានីត បានដាក់គម្រោងឬផែនការមួយចំនួន ដើម្បីជាប្រយោជន៍រួម។ ផែនការមួយនេះ លោកបានតស៊ូ និងគិតយូរមកហើយ ដោយសង្ឃឹមថា អាចដំណើរការបាន។
លោកសៅ រ៉ានីត បានសម្រេចចិត្តយក ការសម្តែង នៅលើទឹកដីអាមេរិក ធ្វើជាឱកាសអំពាវនាវដល់បងប្អូន នៅទីនោះជួយខ្លះៗ លើភាពមនុស្សធម៌ ដល់ពលរដ្ឋកម្ពុជា ដែលលំបាក ដូចជាចាស់ជរា កុមារកំព្រា វត្តអារាម និង សាលារៀនឆ្ងាយៗពីទីប្រជុំជន។ លោកមិនបាក់ទឹកចិត្តនោះទេ ប្រសិនបើសំឡេង អំពាវនាវ ទៅ មានសភាពមិនលាន់ឭខ្លាំង ក៏លោកសប្បាយចិត្តជាមួយ អ្វីដែលខំ។ ម្ល៉ោះហើយទើប លោកនៅតែជឿជាក់ និងរំពឹងថា ជនរួមជាតិរស់នៅ ឯនាយសមុទ្រ និងមិនមើលរំលងជាដាច់ខាត។ ម្យ៉ាងបងប្អូនខ្មែរយើង មិនថានៅទីណានោះទេ រមែងជួយគ្នា ជានិច្ចដើម្បីជាកម្លាំងចិត្ត។
លោក សៅ រ៉ានីត តារាចម្រៀងដែល ច្រៀងបានទាំងបទសម័យ និងបុរាណលើកឡើងថា លោករីករាយដែលចាប់ ផ្តើមមានការងារថ្មីៗ នៅលើអាជីពចម្រៀង ដែលនេះជាការចង់ឃើញឡើងវិញ។ លោកថ្លែងថា ឆាប់ៗនេះ មានការប្រគំតន្ត្រី ជួបជុំគ្នាវិញ និងឆ្នាំក្រោយ លោកមានគម្រោងសម្តែងជាបន្តបន្ទាប់។
យ៉ាងណាលោក បានកំណត់ថា មានឱកាសលើឆាកលោក នឹងប្រកូកប្រកាស រាល់ការងារជួយដល់ ប្រជាពលរដ្ឋលំបាក ដូចជាជួយ សាលារៀន កុមារកំព្រា វត្តអារាម និងភាពជាក់ស្តែងផ្សេងៗទៀត។ មហាជន នៅពេលបានដឹងអំពី កិច្ចការដែលលោក មាននេះ សរសើរ អំពីទឹកចិត្ត និងការចេះ អាណិតស្រឡាញ់គ្នា ក្នុងនាមជាខ្មែរ ជួយខ្មែរ៕រក្សាសិទ្ធិដោយ ៖ ឧត្តម