Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមបាល់ទាត់វិសាខា បន្ដគ្រងជើងឯកពានសម្ដេចតេជោ-ថ្នាក់ជាតិ ក្រោយឈ្នះស្វាយរៀង ៥-៤ ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី, សម្ដេចតេជោនាយករដ្ឋមន្ដ្រី ឧបត្ថម្ភថវិកា ៥ម៉ឺនដុល្លារ

spot_img

ភ្នំពេញ ៖ ក្រុមបាល់ទាត់វិសាខា បានសម្រេចការពារតំណែងជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ លើកទី១៥ ឆ្នាំ២០២១ បន្ទាប់ពីយកឈ្នះអតីតក្រុមជើងឯក ៤សម័យព្រះខ័នរាជស្វាយរៀង ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ៥-៤ បន្ទាប់ពីប្រកួត ១២០នាទីស្មើគ្នា ២-២ ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅកីឡដ្ឋាន Smart RSN នាព្រលប់ថ្ងៃទី២៥ ខែវិច្ឆិកានេះ ។

ក្នុងពិធីបិទការប្រកួតនេះ តាមរយៈឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏បានឧបត្ថម្ភថវិកាផ្ទាល់របស់សម្ដេច ដល់គណៈកម្មការរៀបចំការប្រកួតនូវទឹកប្រាក់ចំនួន ៥ម៉ឺនដុល្លារផងដែរ ។

អញ្ជើញជាគណះអធិបតីក្នុងពិធីបិទការប្រកួតនេះមានវត្តមានឯកឧត្តមនាយឧត្ដមសេនីយ៌សៅ សុខា មេបញ្ជារកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងឯកឧត្តមអ៊ុក សុជាតិ រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា។

ក្រុមជំនាញបញ្ជាក់ថាសម្រាប់ជំនួបដ៏ស្វិតស្វាញនេះ កីឡាករ ប្រាក់ មុន្នីឧត្តម បានជួយក្រុមព្រះខ័នរាជស្វាយរៀង បើកការនាំមុខក្រុមជើងឯកឆ្នាំចាស់ ១គ្រាប់មុន នៅនាទី៥៣ បន្ទាប់ពីរក្សាលទ្ធផលស្មើគ្នា ០-០ នៅវគ្គទី១ ។ ប៉ុន្ដែនៅនាទី៧១ ម្ចាស់ស្បែកជើងមាសឆ្នាំចាស់ វុធ តុលា បានរកគ្រាប់បាល់វាយបកតាមស្មើ ១-១ ឲ្យវិសាខាវិញ ហើយលទ្ធផលស្មើគ្នានេះ ក៏បានរក្សាដល់ចប់ ៩០នាទី ។

ឈានដល់ការបន្ថែមម៉ោង ១៥នាទី ២ដង កីឡាករ ជូ ស៊ិនទិ បានរកគ្រាប់បាល់នាំមុខ ២-១ ឲ្យក្រុមព្រះខ័នរាជស្វាយរៀងជាថ្មី នៅនាទី១០០ មុនកីឡាករ អ៊ុក សុវណ្ណ ទាត់បាល់ហ្វ្រីឃីតតាមស្មើឲ្យវិសាខា ២-២ នៅនាទី១០៦ ហើយលទ្ធផលស្មើគ្នា ក្នុងម៉ោងបន្ថែមនេះ បានបន្ដរក្សាដល់ចប់ការប្រកួត ១២០នាទី និងឈានដល់ការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដីតែម្ដង ។

ចំពោះការទាត់បាល់ ១១ម៉ែត្រកាត់សេចក្ដី ត្រូវបានបញ្ចប់ត្រឹមការទាត់បាល់ ៥ដងម្នាក់ប៉ុណ្ណោះ បន្ទាប់ពីក្រុមជើងឯកឆ្នាំចាស់វិសាខា ធ្វើបានសម្រេចទាំង ៥គ្រាប់ ដោយកីឡាករ ទិត ឌីណា, អ៊ិន វិច្ឆ័យ, ស៊ិន សុផាណាត់, អ៊ិន សូដាវីដ និង អ៊ុក សុវណ្ណ ខណៈក្រុមព្រះខ័នរាជស្វយារៀង ធ្វើបានសម្រេចតែ ៤គ្រាប់ប៉ុណ្ណោះ បន្ទាប់ពីខ្សែការពារ សួន សុវណ្ណ ទាត់បាល់ទី៤ លើរបាទី ។

ការឈ្នះខាងលើនេះគឺជាការការពារតំណែងជើងឯក បានសម្រេចរបស់ក្រុមសេះជំទង់វិសាខា បន្ទាប់ពីពួកគេ ដណ្ដើមបានពានប្រើប្រាស់តែធនធានកីឡាករ ក្នុងស្រុកសុទ្ធនេះ កាលពីឆ្នាំ២០២០ កន្លងទៅ គ្រាដែលព្រះខ័នរាជស្វាយរៀង បានគ្រងជើងឯករងជាលើកទី៤ បន្ថែមលើប្រវត្តិធ្លាប់ឈ្នះពាន ៤លើកដូចគ្នា ។ ជាមួយការគ្រងជើងឯកនេះ វិសាខា បានទទួលពាន អមប្រាក់រង្វាន់ ១០០លានរៀល, ក្រុមជើងឯករងព្រះខ័នរាជស្វាយរៀង ទទួលបានប្រាក់រង្វាន់ ៦០លានរៀល, ក្រុមចំណាត់ថ្នាក់លេខ៣ បឹងកេត ទទួលបានប្រាក់រង្វាន់ ៣០លានរៀល ។

ចំណែកក្រុម Fair-Play បានទៅក្រុមភ្នំពេញក្រោន ទទួលបានប្រាក់រង្វាន់ ៣លានរៀល ។ រីឯពានរង្វាន់ឯកត្តជន គេឃើញសមាជិកក្រុមជើងឯកវិសាខា ក្រសោបបានទាំងអស់ចំនួន ៤ពាន រួមមានពានកីឡាករល្អ បានទៅខ្សែការពារ អ៊ុក សុវណ្ណា, ពានកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេ កែវ សុខផេង រកបាន ៧គ្រាប់, អ្នកចាំទីល្អ កែវ សុខសិលា និងគ្រូបង្វឹកល្អ Akeeb Tunji Ayiyonka ដែលអ្នកទាំង ៤នាក់នេះ ទទួលបានប្រាក់រង្វាន់ ៣លានរៀលដូចៗគ្នា៕ រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×