Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្គើនទីស្តីការគណៈរដ្ឋមន្ត្រី ! ប្រធានមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ ចេញប្លង់រឹងឱ្យទៅបុគ្គលមាស សូលឡុង គ្របលើដីរដ្ឋតំបន់ការពារនៃព្រៃកោងកាង

spot_img

ភ្នំពេញ ៖ ពិតជាមិនធម្មតា និងខ្លាំងមែន ! លោកចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តព្រះសីហនុ ផ្គើនជាមួយគណៈរដ្ឋមន្ត្រី ហ៊ានចេញប្លង់រឹងឱ្យទៅបុគ្គលឈ្មោះ មាស សូលឡុង ដែលត្រូវជាឪពុកមារបស់ខ្លួនគ្របលើដីរដ្ឋតំបន់ការពារនៃព្រៃកោងកាង ចំនួន៧បណ្ណ ស្មើនឹងទំហំដីជាង ៣០ហិកតា ដែលមានទីតាំងស្ថិតនៅភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ប៉ុន្តែការកសាងវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ មិនមានអនុក្រឹត្យកាត់ចេញពីគម្របព្រៃឈើ ២០០២ ដីព្រៃកោងកាង ដើម្បីធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋសម្រាប់ប្រទានកម្មជាកម្មសិទ្ធិ ជូនប្រជាពលរដ្ឋឡើយ។

តំណាងប្រជានេសាទ និងគណៈកម្មការសហគមន៍នេសាទព្រៃនប់២ បានសម្តែងការព្រួយបារម្ភចំពោះការបាត់បង់ព្រៃកោងកាងដែលជាជម្រកជីវៈចម្រុះសម្រាប់ប្រជានេសាទអាស្រ័យផល ហើយពួកគាត់ស្នើសុំឱ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធជួយទប់ស្កាត់បទល្ម សកាប់បំផ្លាញព្រៃកោងកាងនេះតទៅទៀតដើម្បីទុកលទ្ធភាពឲ្យពលរដ្ឋក្រីក្ររកស៊ីទទួលទាន ចិញ្ចឹមជីវិតប្រ ចាំថ្ងៃ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋបានទទូចស្នើសុំឲ្យរាជរដ្ឋាភិបាលដកហូត ឬលុបចោលបណ្ណកម្មសិទ្ធិគ្របលើដីព្រៃកោងកាងរបស់សហគមន៍នេសាទព្រៃនប់២។ ហើយសំណូមពរទៅអង្គភាពប្រឆាំងអំពើពុករលួយពិនិត្យមើលភាពមិនប្រក្រតី នៃការលួចចេញប្លង់រឹង ទាំង៧បណ្ណគ្របលើដីព្រៃកោងកាង ដែលឈានទៅការបំផ្លាញបរិស្ថាន នៃជីវៈចម្រុះធនធានធម្មជាតិដ៏កម្រ។

ទីស្ដីការគណៈរដ្ឋមន្ត្រីបានចេញលិខិត លេខ៦១៦ សជណ.កស កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ បានជម្រាបជូនរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងរដ្ឋមន្ត្រីក្រសួងកសិកម្មថា « ករណីរបាយការណ៍ស្ដីពីស្ថានភាពព្រៃកោងកាងតាមតំបន់ឆ្នេរ នៃប្រទេសកម្ពុជា រាជរដ្ឋាភិបាលជូនឯកឧត្ដម ជា សុផារ៉ា ផ្ដល់មតិសំខាន់លើចំណុចទី២ «និរាករណ៍ឬដកហូតបណ្ណកម្ម សិទ្ធិកាន់កាប់អចលនវត្ថុ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនិងលិខិតបញ្ជាក់ការកាន់កាប់ដីរបស់មន្ទីរដែនដី នគរូបនីយកម្ម និងសំណង់ និងអាជ្ញាធរដែនដីនៃ ខែត្រទាំង៤ (ខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ និង ខេត្តកោះកុង) ដែលមានការពាក់ព័ន្ធដីព្រៃកោងកាង»។

ចំណែករដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បានចេញលិខិតបង្គាប់ការដែលមានប្រធាន អនុប្រធាន និងសមាជិកយ៉ាងតិច១២នាក់ មកពីគ្រប់មន្ទីរជំនាញដឹកនាំដោយលោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ ជាប្រធាន ដើម្បីចុះពិនិត្យ វាយតម្លៃ និងកំណត់អត្តសញ្ញាណដីមានទីតាំង ភូមិនិងឃុំខាងលើ តាមការស្នើសុំធ្វើអាជីវកម្មពីឈ្មោះ មាស សូលឡុង។ ក៍ប៉ុន្តែពួកគេបំភ្លេច មន្ទីរបរិស្ថាន មួយចោលដែលជាឆ្អឹងទទឹងក នៃគម្រោងការ បំផ្លាញធនធានធម្មជាតិទឹកប្រៃនេះ។

ទំនងជាមានឥទ្ធិពលអ្វីមួយទើបធ្វើឱ្យលោក គួច ចំរើន អភិបាលខេត្ត ចេញលិខិតលេខ ៩៩៥/២១ សជណ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ ជម្រាបទៅលោក មាស សូលឡុង អាសយដ្ឋានផ្ទះលេខ៣០៨ ផ្លូវលេខ៩៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កម្មវត្ថុ ករណីស្នើសុំសម្អាតដីទំហំ ៣០៦.៦៩២ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅ ភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ដើម្បីអភិវឌ្ឍន៍ជាសួនអភិរក្សសត្វត្រចៀកកាំទេសចរណ៍។

រដ្ឋបាលខេត្ត បានជម្រាបទៅលោកមាស សូលឡុង ថា «រដ្ឋបាល ខែត្រព្រះសីហនុ អនុញ្ញាតឱ្យលោកសម្អាត ទីតាំងសាងសង់ផ្ទះត្រចៀកកាំដើម្បីអភិវឌ្ឍន៍ជាសួនអភិរក្សសត្វត្រចៀកកាំទេសចរណ៍លើដីមាន វិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ចំនួន៧បណ្ណរួមមាន ក្បាលដីលេខ ០៣៣៤, ០៣៣៥, ០៣៣៩, ០៣៤០, ០៣៤១, ០៣៤២, ០៣៤៣ មានទីតាំងស្ថិតនៅ ភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខែត្រព្រះសីហនុ។ ទន្ទឹមនឹងនេះ មុនពេលសាងសង់ផ្ទះត្រចៀកកាំ លោកត្រូវអនុវត្តតាមការណែនាំដូចខាងក្រោមគឺទី១. ត្រូវទំនាក់ទំនងជាមួយ អាជ្ញាធរមានសមត្ថកិច្ច ជំនាញពាក់ព័ន្ធ និងភាគីជាប់ព្រំ ដើម្បីកំណត់ព្រំដី មុនអនុវត្តគម្រោងសាង សង់ផ្ទះត្រ ចៀកកាំ។ ទី២.ត្រូវរៀបចំប្លង់គោលគម្រោងអភិវឌ្ឍន៍ដាក់មក រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីពិនិត្យ និងសម្រេច។ ទី៣.ត្រូវរក្សាទុកព្រៃកោងកាងនៅក្នុងដីកម្មសិទ្ធិរបស់ខ្លួនឱ្យនៅសភាពដើមក្នុងករណី ទីតាំងដីមិនទាន់ធ្វើ ការអភិវឌ្ឍន៍ និងទី៤.ចំពោះការអភិវឌ្ឍន៍ ម្ចាស់សំណើត្រូវអនុវត្តជាជំហានៗ។

បើយោងតាមរបាយការណ៍មន្ទីកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២១ ស្តីពីការចុះពិនិត្យវាយតម្លៃ និងកំណត់អត្តសញ្ញាណដី ដែលមានទីតាំងនៅ ភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ តាមការចង្អុលបង្ហាញរបស់ឈ្មោះ មាស សូលឡុង ជាម្ចាស់ដី។ ផ្អែកលើលទ្ធផល នៃការចុះ ពិនិត្យជាក់ស្តែង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានដំឡើងផែនទី និងផ្ទៀងផ្ទាត់ឯកសារពាក់ព័ន្ធ គឺលទ្ធផលនៃការចុះពិនិត្យជាក់ស្តែងដល់ទីតាំងបានចង្អុលបង្ហាញដោយម្ចាស់សំណើឃើញថាគ្របដណ្តប់ដោយ ព្រៃកោងកាងទាំងស្រុង មានសភាពក្រាស់ ដុះលូតលាស់ល្អ និងមានប្រភេទចម្រុះដូចជា កោងកាង ក្រញឹប ស ក្រញឹបក្រហម ប្រសាក់ ឈើជ័រ បើស អម្ពរ អម្គា។ល។

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ខេត្តបន្តទៀតថា «លទ្ធផលបាន គណនាតាម ជីអាយអេស (GIS) ការគណនាតាម ជីធីអេស (GTS) បង្ហាញថា ក្បាលដីទាំង៧បណ្ណដែលមានទំហំសរុប ៣០៦.៦៩២ម៉ែត្រការ៉េ មានវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១០ ស្ថិតនៅក្នុងគម្របព្រៃឈើ ២០០២ ដែលមានទំហំ ២៣៨.៨៧៥ម៉ែត្រការ៉េ។ ម៉្យាងទៀតក្បាលដីទាំង៧បណ្ណនេះ ស្ថិតក្នុងផែនទី ព្រៃកោងកាងទំហំ ២៦៥.៨១៣ ម៉ែត្រការ៉េ។ ដោយឡែក ក្បាលដីលេខ៣៣៩ ទំហំ៤៥.០៨១ និងលេខ៣៤០ ទំហំ៥៦.៣៩០ម៉ែត្រការ៉េ ត្រូវបាន ផ្ទេរបណ្ណនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។ ទីតាំងទាំង៧ក្បាលដីនេះស្ថិតក្នុង គម្របព្រៃឈើ ២០០២ និងស្ថិត ក្នុង តំបន់ព្រៃកោងកាង ដែលត្រូវការពារ។ ប៉ុន្តែការកសាងវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុទាំងអស់នេះ មិនមានអនុក្រឹត្យកាត់ចេញពីគម្របព្រៃឈើ ២០០២ ឬដីព្រៃកោងកាង ដើម្បីធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ សម្រាប់ប្រទានកម្ម ជាកម្មសិទ្ធិជូនប្រជាពលរដ្ឋ នោះទេ»។

ទាក់ទងករណីនេះ លោកចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តព្រះសីហនុ មិនអាចសុំការអត្ថាធិប្បាយបានទេកាលពីល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយទូរស័ព្ទមិនមានអ្នកទទួល។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ដីព្រៃកោងកាង ដែលខ្លួនបានចេញប្លង់រឹងឲ្យទៅលោក មាស សូលឡុង ចំនួន៧ បណ្ណស្មើនឹងទំហំផ្ទៃដី៣០៦.៦៩២ម៉ែត្រការ៉េ មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុទម្រង់ថ្មីនៅក្នុង ឆ្នាំ ២០២១ នោះពីមុនជាដីស្រែប្រជាពលរដ្ឋ ដែលបានបាក់ទំនប់ទឹកប្រៃករកើតដុះព្រៃកោងកាងដល់សព្វថ្ងៃ។

ប្រភពដដែលបន្តថា ការចេញបណ្ណសម្គាល់ម្ចាស់កម្មសិទ្ធិចំនួន៧ប្លង់ គ្របលើព្រៃកោងកាង ស្ថិតនៅ ភូមិព្រែកសង្កែ ឃុំទឹកថា្ល ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ខាងលើនោះជាការបន្តចរន្តការចាស់ ពីអតីតអភិបាលខេត្តព្រះសីហនុ លោក ស្បោង សារ៉ាត់ និងបន្តកិច្ចការពីអតីតប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី លោក សូ សុខ។ ជាពិសេសបណ្ណសម្គាល់ម្ចាស់កម្មសិទ្ធិ ទាំង៧ប្លង់ ដែលទើបចុះហត្ថលេខានៅក្នុង ឆ្នាំ២០២១ ដោយលោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី ខែត្រ ព្រះសីហនុ បច្ចុប្បន្នជាការផ្លាស់ប្ដូរទម្រង់បណ្ណចាស់មកទម្រង់បណ្ណថ្មីដែលមានលេខឃ្យូអ័រកូដ៕

រក្សាសិទ្ធិដោយ៖ ចេស្តារ

spot_img
×