ខេត្តព្រះសីហនុ៖ មន្ត្រីការពារបរិស្ថាន និងអភិរក្សសត្វព្រៃ បានរិះគន់កម្លាំងនគរបាល និងកងរាជអាវុធហត្ថ ព្រមទាំងមន្ទីរស្ថាប័ន
ជំនាញពាក់ព័ន្ធ នៃរដ្ឋបាលខេត្តព្រះសីហនុ ដែលគ្មានវិធានចុះបង្ក្រាបបទល្មើសសត្វព្រៃ ត្រូវម្ចាស់ភោជនីយដ្ឋានមួយចំនួននាមូលដ្ឋាននេះលក់ដូរយ៉ាងអនាធិបតេយ្យ។
ក្រុមមន្ត្រីធ្វើការងារពាក់ព័ន្ធអភិរក្សធនធានសត្វព្រៃមួយចំនួន បានផ្តល់សម្ភាសដល់អ្នកយកព័ត៌មាន គេហទំព័រ CEN.COM.KH ប្រចាំខេត្តព្រះសីហនុ ដឹងនៅថ្ងៃសៅរ៍ ខែមេសា ឆ្នាំ២០១៨ថា មុខម្ហូបចំអិន ពីសាច់សត្វព្រៃជាច្រើនប្រភេទ ឃើញមានដាក់លក់នៅតាមភោជនីយដ្ឋាន ពិសេសតាមហាងផឹកស៊ីភាគច្រើន នាខេត្តជាប់ឆ្នេរសមុទ្រមួយនេះ។ ពួកគេអះអាងថា បទល្មើសសត្វព្រៃនេះ មិនឃើញមានកម្លាំងសមត្ថកិច្ច ពីស្ថាប័នពាក់ព័ន្ធណាមួយចេញមុខបង្ក្រាប ឬទប់ស្កាត់នោះទេ។
អ្នកឃ្លាំមើលធនធានសត្វព្រៃទាំងនោះ សង្កេតឃើញថា មុខម្ហូបចំអិនពីសាច់សត្វព្រៃ ពិតជាកំពុងពេញនិយម សម្រាប់អ្នកនិយមទទួលទានសាច់សត្វព្រៃ មិនចាញ់មុខម្ហូបអាហារសមុទ្រស្រស់ៗនៅខេត្តព្រះសីហនុនោះទេ ហើយភ្ញៀវភាគច្រើន អាចកម្មង់ ឬបញ្ជាទិញតាមចំណង់ចំណូលចិត្ត ព្រោះម្ចាស់ហាង បានដាក់លក់ ជាចំហ និងគ្មានសមត្ថកិច្ចជំនាញមករំខានការរកស៊ី របស់ពួកគេទេកន្លងមក។
ក្រុមអ្នកអភិរក្សសត្វព្រៃ បានកត់សម្គាល់ថា រាល់ថ្ងៃនេះ នៅតាមភោជនីយដ្ឋាន ឬហាងផឹកស៊ីភាគច្រើន នៅខេត្តព្រះសីហនុ គឺភ្ញៀវអាចកម្មង់មុខម្ហូបចំអិនពីសាច់ព្រៃបានជាចំហ ដោយម្ចាស់ហាងនីមួយៗ មិនខ្លាចញញើតកម្លាំងសមត្ថកិច្ចមកហាមឃាត់នោះទេ។
ត្រង់ចំណុចនេះ ក្រុមអ្នកអភិរក្សធនធានសត្វព្រៃ បានទទូចដល់ លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និង លោក ហេង ប៊ុន ទី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ជាពិសេស លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ឲ្យទប់ស្កាត់បទល្មើសលក់សាច់សត្វព្រៃ នៅតាមភោជនីយដ្ឋាន ឬហាងផឹកស៊ីមួយចំនួននាខេត្តព្រះសីហនុឲ្យបានឆាប់ និងមានប្រសិទ្ធភាព។
ទន្ទឹមគ្នានេះ ក្រុមមន្ត្រីអភិរក្សសត្វព្រៃ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទូទៅ មន្ត្រីរាជការជាពិសេសសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធ នៃរដ្ឋបាលខេត្តព្រះសីហនុ ក៏ដូចជាពលរដ្ឋ និងមន្ត្រីរាជការនៅទូទាំងប្រទេសកម្ពុជា មិនត្រូវទទួលទានមុខម្ហូបចំអិនពីសាច់សត្វព្រៃទៀតទេ ដើម្បីរួមគ្នាការពារអភិរក្សសត្វព្រៃនៅកម្ពុជា ឲ្យបានគង់វង្ស និងសម្បូរបែបដូចពេលមុនវិញ។
ចំណុចនេះ ក្រុមអ្នកអភិរក្សសត្វព្រៃ សំណូមពរថា មនុស្សគ្រប់ៗរូប គួរងាកមករួមគ្នាធ្វើពហិការកុំបរិភោគអាហារ ឬមុខម្ហូបចំអិនពីសាច់សត្វព្រៃជាបន្តទៀតនាថ្ងៃអនាគត ប្រយោជន៍រួមគ្នាការពារ និងអភិរក្សសត្វព្រៃនៅកម្ពុជា ឲ្យបានគង់វង្ស ព្រោះបច្ចុប្បន្ននេះ សត្វព្រៃជាច្រើនប្រភេទនៅកម្ពុជា ស្ទើររលាយផុតពូជទៅហើយ។
ទាក់ទិនបញ្ហានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាបន្តបន្ទាប់មកនេះ បានរំលឹកដល់មន្ត្រីក្រោមឱវាទស្ថាប័នជំនាញពាក់ព័ន្ធឲ្យរួមសហការគ្នា ការពារបរិស្ថាន ព្រៃឈើ សត្វព្រៃ ធនធានធម្មជាតិចម្រុះបាតសមុទ្រ ដែលនៅសេសសល់ ឲ្យបានគង់វង្ស និងមានប្រសិទ្ធភាព។
ទោះយ៉ាងនេះក្តី ក្រុមអ្នកអភិរក្សធនធានសត្វព្រៃ សង្កេតឃើញថា បទល្មើសសត្វព្រៃ ឬមុខម្ហូបចំអិនពីសាច់សត្វព្រៃជាច្រើនប្រភេទ ត្រូវបានម្ចាស់ភោជនីយដ្ឋាន ពិសេសម្ចាស់ហាងផឹកស៊ីភាគច្រើន នៅខេត្តព្រះសីហនុ បានប្រកាសលក់ជូនភ្ញៀវកម្មង់ ឬបញ្ជាទិញ ចំអិនធ្វើជាអាហារយ៉ាងអនាធិបតេយ្យ និងមិនញញើតកម្លាំងសមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធចុះបង្ក្រាបនោះទេ។
បទល្មើសសត្វព្រៃនេះ ម្ចាស់ហាងនីមួយៗ បានដាក់លក់ជូនភ្ញៀវជាចំហ ហើយហាងផឹកស៊ី ឬភោជនីយដ្ឋានខ្លះ មានទីតាំងនៅមិនឆ្ងាយពីទីកន្លែងធ្វើការ របស់សមត្ថកិច្ចជំនាញពាក់ព័ន្ធនោះទេ។ ជាងនេះ អ្នកកម្មង់មុខម្ហូបចំអិនពីសាច់សត្វព្រៃមួយចំនួន ក៏ជាមន្ត្រីរាជការ និងកម្លាំងសមត្ថកិច្ចនគរបាលនិងកងរាជអាវុធហត្ថ ពិសេសជាងនេះ ក៏មានមន្ត្រីមួយចំនួន កំពុងបំរើការងារនៅក្នុងរដ្ឋបាលខេត្តព្រះសីហនុ ក៏និយមចូលចិត្តទទួលទានមុខម្ហូបចំអិនពីសត្វព្រៃនេះដែរ៕ ដែន សីមា