ដូចដែលយើងគ្រប់គ្នាធ្លាប់បានដឹងថាហើយថា ការងារចំណាកស្រុកទៅកាន់ប្រទេសគេ បើទោះបីទទួលបានប្រាក់ខែច្រើនក្តី តែវាជាការងារមួយមិនស្រួលនោះឡើយ គឺលំបាកវេទនាណាស់ ដោយអ្នកខ្លះជូនកាលក៏ត្រូវបានថៅកែរំលោភបំពានជិះជាន់ទៅតាមរូបភាពផ្សេងៗទៀតផង ។ លើសពីនេះទៀត អ្នកខ្លះទន្ទឹមនឹងទទួលបានប្រាក់ខែច្រើនហើយ តែបែរជាឆ្លៀតយកលុយដែលជាកម្លាំងញើសឈាមដ៏លំបាកទាំងនេះ ទៅចាញ់បោកប្រាស់គេដែលគ្រាន់តែបានស្គាល់គ្នាតាមរយៈអ៊ីនធើរណេត ដែលបានសន្យា…ខ្យល់ ។
ជាក់ស្តែង នារីជាពលករជនជាតិហ្វីលីពីនម្នាក់ បានចែករំលែករឿងរ៉ាវពិតរបស់នាង ដើម្បីឲ្យមិត្តភក្តិ និងអ្នកដទៃបានដឹង កុំឲ្យចាញ់បោកគេស្រួលៗឆ្កួតដូចជារូបនាង ព្រោះតែសេចក្តីស្នេហាស្គាល់មុខគ្នាតែតាមអ៊ីនធើរណេតប៉ុណ្ណោះនោះ ។
នារីជាពលករពុំបញ្ចេញឈ្មោះរូបនេះ បានរៀបរាប់ថា នាងតែងចំណាយពេលនៅលើអ៊ីនធើរណេត ជាពិសេសនៅពេលនាងទំនេរដៃពីការងារ ។ នាងបន្ទាប់មក បានស្គាល់គ្នានឹងបុរសជាយោធាម្នាក់ឈ្មោះ Ariel Gicutano ដែលបានអះអាងថា ត្រូវបានផ្ទេរទៅកាន់ Lanao Del Sure ។ Gicutano បានបន្តមានទំនាក់ទំនងជាមួយនាង ហើយ «ការសារសង» របស់ពួកគេកាន់តែស៊ីជម្រៅដ៏រ៉ូម៉ែនទិច ។
ខណៈនារីរងគ្រោះកំពុង «លង់ស្នេហ៍» ជាមួយ Gigutano មិនយូរប៉ុន្មាន Gicutano បានចាប់ផ្តើមស្នើសុំ «ជំនួយ» ពីនាង ។ យោងតាមលោក Gicutano បានឱ្យដឹងថា គាត់បានយកកាំភ្លើងដែលជាកម្មសិទ្ធិរបស់មនុស្សសំខាន់ម្នាក់ ហើយឥឡូវនេះ ត្រូវយកវាមកវិញ ចាប់តាំងពីកងទ័ពកំពុងរៀបចំសារពើភ័ណ្ឌ។
Gicutano និយាយថា គាត់ត្រូវការប្រាក់ចំនួន P40,000 (ស្មើនឹង 768,20 US ) សម្រាប់រឿងនេះ ហើយណាមួយទៀត សិទ្ធកាន់កាប់របស់គាត់ក៏ត្រូវបានគេដកហូត ហើយគាត់ក៏ត្រូវប្រឈមមុខជាប់ពន្ធនាគារទៀតផង ។ ដោយមានការព្រួយបារម្ភចំពោះមិត្តប្រុសរបស់នាង នារីរងគ្រោះភ្លាមៗនោះ ក៏បានផ្ញើលុយទៅឲ្យគាត់ដោះស្រាយ ។ ប៉ុន្តែ មិនមែនបញ្ចប់ត្រឹមហ្នឹងទេ Gicutano ក្រោយមក បានអះអាងថា ម្តាយរបស់គាត់បានលាចាកលោក ហើយថា គាត់ពិតជាគ្មានលុយកាក់ធ្វើបុណ្យសពឲ្យម្តាយទេ ។ គាត់ក៏បានស្នើសុំនាងបន្ថែម P31,000 (ស្មើនឹង 595.51 US) ទៀត ។
ទោះបីនាងត្រូវខ្ចីលុយពីថៅកែរបស់នាងក្តី ក៏នាងនៅតែបន្តផ្ញើលុយឲ្យ Gicutano ព្រោះតែនាងព្រួយបារម្ភពេក ។ ទោះយ៉ាងណា នាងក្រោយមកបានដឹងថា អ្វីៗទាំងអស់គ្រាន់តែជាការបោកប្រាស់ប៉ុណ្ណោះ នៅពេល Gicutano បានឈប់ទាក់ទងនាង, ហើយសូម្បីប្លុកអាខោនហ្វេសប៊ុករបស់នាងទៀតផង ។
ឥឡូវនេះ នាងកំពុងជំពាក់បំណុលគេ និងខូចចិត្តយ៉ាងខ្លាំង ហេតុនេះ ទើបនាងសម្រេចចិត្តកាត់កេរ្តិ៍កាត់ខ្មាស់ទម្លាយរឿងរ៉ាវនេះរបស់នាងឲ្យបងប្អូនគ្រប់គ្នានៅលើហ្វេសប៊ុកបានដឹង ៕ ចន្ទី