បន្ទាយមានជ័យ ៖ រថភ្លើងនិងរថយន្តបានបុកគ្នាកាលពីម៉ោង១០និង៣៥នាទី ថ្ងៃទី២១ ខែមេសា នៅចំណុចសួនច្បារប៉ោយប៉ែតមានជ័យ និងឃ្លាំងស្តុកកៅស៊ូបេទីម ចាក់ថ្នល់ក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បណ្តាលឲ្យរបួសធ្ងន់អ្នកបើកបររថយន្ត។
រថភ្លើងពីក្រុងប៉ោយប៉ែតមកក្រុងសិរីសោភ័ណត្រូវបានស្ទះមួយរយ: ទម្រាំស្ទូចឡាននោះចេញបាន។ រថយន្តតូចម៉ាកនីសាន់១បាំងកន្លះ ពាក់ស្លាកលេខភ្នំពេញ ២L ៨៧២៧ បានរងគ្រោះនិងបើកបរដោយឈ្មោះ ថា ភេទប្រុស អាយុប្រមាណជាង៤០ឆ្នាំ។
អ្នកបើកបររថយន្តបានរងរបួសធ្ងន់ធ្ងរ ហើយត្រូវកម្លាំងកងរាជអាវុធហត្ថដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។
ក្បាលរថភ្លើងបានបុកនិងអូសរថយន្តចម្ងាយជាង៥០ម៉ែត្រ។ ក្រុមសង្គ្រោះបានយកឡានស្ទូចមកស្ទូចរថយន្តនីសាន់ពណ៌សនោះចេញ ដើម្បីបើកផ្លូវអោយខ្សែរថភ្លើងអាចបន្តដំណើរមកក្រុងសិរីសោភ័ណបាន។
ពីកន្លែងកើតហេតុ អ្នកផ្តល់ព័ត៍មានប្រាប់CENថា ៖ នៅទីប្រសព្វផ្លូវដែកនិងផ្លូវលំបំបែកនឹងផ្លូវជាតិលេខ៥ ម្តុំឃ្លាំងស្តុកកៅស៊ូចាក់ថ្នល់និងសួនច្បារប៉ោយប៉ែតមានជ័យនោះ គ្មានបុគ្កលិកក្រុមហ៊ុនរ៉ូយ៉ាល់រេវេផ្នែកលើកទង់ពណ៌ក្រហមទេ។ ប៉ុន្តែអ្នកបើកបរនិងអ្នកដំណើរឆ្លងទទឹងកាត់ផ្លូវដែកសុទ្ធតែបានឮសម្លេងស៊ីប្លេររថភ្លើង ហើយឈប់៕ ដោយ ៖ បន្ទាយ