ប្រិយមិត្តជាអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន បានស្គាល់ច្បាស់រួចហើយ ពីគ្រូជោគជ័យឈ្មោះ ប៊ុន ផាក ដែលថ្មីៗនេះ ពិតជាល្បីខ្លាំងមែនទែន គឺល្បីរឿងយកប្រពន្ធគេ ដែលធ្វើឲ្យមហាជនរិះគន់ចំអកឲ្យឡើងស្ពឹកៗតែម្តង ព្រោះថាគ្រូរូបនេះពូកែតែទ្រឹស្តីអប់រំគេប៉ុណ្ណោះ តែខ្លួនឯងធ្វើមិនបាន។
ជាក់ស្តែង គ្រូជោគជ័យរូបនេះ បានជាប់ឈ្មោះជាជនទី៣ បន្ទាប់ពីបុរសម្នាក់បានបង្ហោះសាររៀបរាប់យ៉ាងកំសត់ថា សង្សារជាទីស្រឡាញ់ប្រៀបដូចប្រពន្ធរបស់គាត់ បានដាច់ចិត្តចាកចេញពីរូបគាត់ ទៅមានអ្នកទី៣ ដោយមិននឹកអាឡោះអាល័យ គ្រាខំតស៊ូការលំបាកហែលឆ្លងកាត់ជាមួយគ្នា រហូតមានអ្វីៗគ្រប់យ៉ាង អស់រយៈពេលជិត ៥ ឆ្នាំ ហើយបន្ទាប់មក ក៏បែកធ្លាយថា អ្នកថ្មីនោះគឺជាគ្រូជោគជ័យ ប៊ុន ផាក សោះ ធ្វើឲ្យមហាជនសម្តែងការហួសចិត្តខ្លាំងតែម្តង។
តែយ៉ាងណាមិញ អ្វីដែលមិននឹកស្មានដល់នោះ គឺគ្រូជោគជ័យ ប៊ុន ផាក កំពុងត្រូវបានគណៈមេធាវីពិនិត្យ និងចាត់ការទៅតាមផ្លូវច្បាប់ជាធរមាន បន្ទាប់ពីបានតាំងខ្លួនជាមេធាវីខុសច្បាប់ ចេញមុខដោះស្រាយរឿងក្តីឲ្យស្រីស្នេហ៍របស់ខ្លួន រវាងគូស្នេហ៍ចាស់លោក ជា ចាន់តុលា ដែលមានគណនីហ្វេសប៊ុកឈ្មោះ Richard Hann ដែលបើតាមដឹង គឺដោយសារលោក ចាន់តុលា ចូលមកអូសយកអុីវ៉ាន់ពីហាងរបស់ស្រីស្នេហ៍របស់ខ្លួន ដែលជាអតីតសង្សារគាត់យូរឆ្នាំមកហើយ។ ហើយក្នុងនោះផងដែរ ក៏បានលឺគ្រូជោគជ័យតាំងខ្លួនជាមេធាវីរូបនេះ និយាយតាមវីដេអូខលប្រាប់សមត្ថកិច្ចថា លោក ជា ចាន់តុលា ចូលមកបង្អាក់សកម្មភាពអាជីវកម្ម….។
ដោយឡែក ក្នុងលិខិតជម្រាបជូនលោក ជា ចាន់តុលា ជាអតីតគូស្នេហ៍ មេធាវីលោក លី ចាន់តុលា បានបញ្ជាក់ថា គណៈមេធាវីមិនមានសមត្ថកិច្ចក្នុងការដោះស្រាយលើពាក្យស្នើសុំអន្តរាគមន៍របស់លោក ជា ចាន់តុលា បានទេ ដោយទុកឲ្យលោកចាត់ការទៅតាមផ្លូវច្បាប់ទៅ ចំពោះសកម្មភាពរបស់ឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក ដែលមិនមែនជាមេធាវី ហើយគណៈមេធាវីនឹងចាត់វិធានការតាមផ្លូវច្បាប់បន្តផងដែរ ចំពោះគ្រូជោគជ័យ ប៊ុន ផាក រូបនេះ។
ជាមួយនឹងទង្វើក្លែងធ្វើជាមេធាវីរបស់បុគ្គលរូបនេះ គណនីហ្វេសប៊ុកឈ្មោះ ពិជ័យ ប៉ាកកាមាស ក៏បានដាក់ជាសំណួរយ៉ាងដូច្នេះថា៖ «តើបុគ្គលដែលមហាជនស្គាល់ថាជាគ្រូជោគជ័យ ឈ្មោះ ប៊ុន ផាក នេះជាមេធាវីមែនឬទេ? ខណៈដែលបុគ្គលរូបនេះបានចេញមុខអះអាងតាមរយៈវីដេអូខលចំពោះសមត្ថកិច្ចច្បាស់ៗ ថាខ្លួនជាមេធាវី ចូលមកដោះស្រាយបញ្ហារបស់ក្រុមគ្រួសារគេបែបនេះ….ចុះបើបុគ្គល ប៊ុន ផាក នេះមិនមែនជាមេធាវីស្របច្បាប់ តើច្បាប់នឹងធ្វេីបែបណាចំពោះគាត់?»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង










