Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល ប្រគល់ភារកិច្ចជូន អង្គភាពប្រឆាំងអំពើពុករលួយ ចាត់វិធានការច្បាប់ចំពោះបុគ្គល ឈួរ ច័ន្ទឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធការទន្ទ្រានដីព្រៃលិចទឹក ប្រមាណ២ពាន់ហិកតា

spot_img

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈទីស្តីការគណរដ្ឋមន្រ្តី បានសម្រេចឲ្យអង្គភាពប្រឆាំងអំពើពុករលួយ(អ.ប.ព) ធ្វើការអង្កេត ស្រាវជ្រាវ និងចាត់វិធានការច្បាប់ ចំពោះបុគ្គល ឈួរ ច័ន្ទឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធនិងការទន្ទ្រានដីព្រៃលិចទឹកជាង២ពាន់ហិកតា ។

បើតាមលិខិតទីស្តីការគណរដ្ឋមន្រ្តី ក្នុងកម្មវត្ថុ ៖ ករណីរបាយការណ៍ស្តីពីលទ្ធផល នៃការចុះត្រួតពិនិត្យនិងចាត់វិធានបង្ក្រាបការទន្ទ្រានដីរដ្ឋក្នុង ព្រៃលិចទឹកនៃតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ។

យោងតាម លិខិតលេខ៤៤៣ ខន/០២១ សជណ ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ របស់ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា – ចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។

សេចក្ដីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ទីស្តីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូនឯកឧត្តមជ្រាបថា រាជរដ្ឋាភិបាលសម្រេចដូចខាងក្រោម៖

ក. ខេត្តកំពង់ឆ្នាំង ៖ ១- ប្រគល់ភារកិច្ចជូនអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើការអង្កេត ស្រាវជ្រាវ និងចាត់វិធានការច្បាប់ចំពោះបុគ្គលឈ្មោះ ឈួរ ច័ន្ទឌឿន អតីតអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង។ ២ដកហូតដីរដ្ឋទំហំ ២ ១០០,៦៦ហិកតា ដែលស្ថិតក្នុងដែនព្រៃលិចទឹកដូចមានកំណត់ក្នុងអនុក្រឹត្យលេខ១៩៧ អបក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ ដែលត្រូវបានទន្ទ្រានកាន់កាប់ដោយខុសច្បាប់ ស្ថិតនៅឃុំ ច្រណូក និងឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដូចមានផែនទីបង្ហាញទីតាំង និងតារាងនិយាមកាភ្ជាប់មកជាមួយ។

៣- ប្រគល់ភារកិច្ចជូនក្រសួងធនធានទឹកនិងឧតុនិយម រៀបចំប៉ាណូផ្សព្វផ្សាយផែនទីដែនព្រៃលិចទឹក តាមស្មារតីនៃអនុក្រឹត្យលេខ១៩៧ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១។ ៤-ប្រគល់ភារកិច្ចជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តកំពង់ឆ្នាំង ដឹកនាំយុទ្ធនា ការដាំដើមឈើឡើងវិញ។

៥- ប្រគល់ភារកិច្ចជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងធនធានទឹកនិងឧតុនិយម, អាជ្ញាធរទន្លេសាប និងរដ្ឋបាលខេត្តកំពង់ឆ្នាំង ចាត់វិធានការការពារដីរដ្ឋក្នុងដែនព្រៃលិចទឹកដើម្បីធានានិរន្តរភាព និងត្រូវពង្រឹងការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលលេខ០១ បប ចុះថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១០ និងអនុក្រឹត្យ លេខ១៩៧ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១។

៦- ប្រគល់ភារកិច្ចជូនអាជ្ញាធរទន្លេសាប និងរដ្ឋបាលខេត្តកំពង់ឆ្នាំង រំលាយព្រំខណ្ឌក្បាលដី និងដក បង្គោលព្រំដីដែលបានដាំដោយខុសច្បាប់។

ខ. ខេត្តកំពង់ធំ ៖ ១- ប្រគល់ភារកិច្ចជូនរដ្ឋបាលខេត្តកំពង់ធំ ជំរុញនីតិវិធីតុលាការករណីសំណុំរឿងបទល្មើសទន្ទ្រាន កាន់កាប់ដីរដ្ឋក្នុងដែនព្រៃលិចទឹកនៃតំបន់ទន្លេសាប។ ២- ប្រគល់ភារកិច្ចជូនរដ្ឋបាលខេត្តកំពង់ធំ ដឹកនាំអង្គភាពជំនាញរៀបចំរបាយការណ៍ មានផែនទី និងនិយាមកា ដើម្បីលើកសំណើជូនក្រសួងធនធានទឹកនិងឧតុនិយម កែសម្រួលព្រំប្រទល់តំបន់ ២ ស្ថិតក្នុងភូមិសាស្ត្រ ដែលមានការប៉ះពាល់។

៣- ប្រគល់ភារកិច្ចជូនរដ្ឋបាលខេត្តកំពង់ធំ និងមន្ទីរ អង្គភាពជុំវិញខេត្តកំពង់ធំ បន្តចាត់វិធានការការពារនិងបង្ក្រាបការទន្ទ្រានកាន់កាប់ដីរដ្ឋ នៅក្នុងដែនព្រៃលិចទឹកជុំវិញបឹងទន្លេសាប ដើម្បីធានានិរន្តរភាពនិងត្រូវពង្រឹងការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលលេខ០១ បប ចុះថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១០ និងអនុក្រឹត្យលេខ១៩៧ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១។ ៤- ប្រគល់ភារកិច្ចជូនអាជ្ញាធរទន្លេសាប និងរដ្ឋបាលខេត្តកំពង់ធំ ជំរុញអនុវត្តលិខិតលេខ១០០៣សជណ ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៥ និងលិខិតលេខ១០៤៤ សជណ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ របស់ ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីប្រជាជនអាចមានសិទ្ធិកាន់កាប់និងអាស្រ័យផល។
ដីដែលកាត់ឆ្កៀលជូនប្រជាពលរដ្ឋត្រូវរក្សាទុកជូនប្រជាពលរដ្ឋដូចក្នុងចំណុចទី៤៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×