ប្រិយមិត្តពិតណាស់ជាបានជ្រាបហើយ ដែលកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ការប្រកួតសម្រស់កញ្ញាឯកដ៏ធំ Miss Grand International 2021 ត្រូវបានបញ្ចប់យ៉ាងរលូន ហើយកម្មវិធីក៏បានរកឃើញម្ចាស់ក្កុដរួចហើយផងដែរ នោះគឺបវរកញ្ញាមកពីប្រទេសវៀតណាម នាង Nguyen Thuc Thuy Tien។
តែទោះយ៉ាងណា ទន្ទឹមនឹងវគ្គប្រកួតផ្តាច់ព្រ័ត្រ បវរកញ្ញាជ័យលាភីរូបនេះ ក៏បានធ្វើឲ្យមហាជនផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ចំពោះការឆ្លើយសំណួរយ៉ាងក្លាហានរបស់នាង និងថែមទាំងលើកម្រាមដៃ៣ ដែលត្រូវបានចាត់ទុកថាជានិមិត្តសញ្ញានៃការប្រឆាំងរបស់បាតុករថៃ ទៅកាន់រដ្ឋាភិបាលថៃ ទៀតផង។
ដូចការគិតទុកមែន ស្រាប់តែនៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ គេក៏បានឃើញផេកហ្វេសប៊ុក ศูนย์รวมประชาชนปกป้องสถาบัน (Center for the People’s Defense Institute) បានបញ្ជាក់ឲ្យដឹងថា នៅព្រឹកថ្ងៃស្អែកទី៧ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១០ និង០០ នាទី នឹងមានការជួបជុំគ្នា នៅឯស្ថានទូតវៀតណាម ប្រចាំទីក្រុងបាងកក ដើម្បីតវ៉ាលើបញ្ហារបស់បវរកញ្ញាវៀតណាម ដែលបានលើកម្រាមដៃ៣ រងការចោទប្រកាន់។
ជាមួយគ្នានេះផងដែរ មហាជនជាច្រើនបានលើកឡើងថា នេះមិនមែនជាចេតនារបស់នាងប្រឆាំងទៅនឹងរដ្ឋាភិបាលថៃនោះទេ ប៉ុន្តែ នាងបានបង្ហាញម្រាមដៃ៣នេះ គឺដោយសារនាងចង់បង្ហាញពីសន្តិភាពដោយគ្មានសង្គ្រាម។ នាងបានចែករំលែកថា នាងពិតជាស្រឡាញ់ប្រជាជនថៃខ្លាំងណាស់។ ប៉ុន្តែ គ្មានអ្នកណាកត់សម្គាល់នោះទេ។ ក្នុងនោះ អ្នកលេងបណ្តាញសង្គមមួយចំនួន ក៏បានភ្ជាប់រូបភាពជនបរទេសដទៃ ក៏លើកបង្ហាញសញ្ញាម្រាមដៃ៣នេះ ដូចនាងផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង










