Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅពេលខាងមុខ នឹងធ្វើឲ្យក្រុងសៀមរាប ក្លាយជាក្រុងគំរូក្នុងតំបន់អាស៊ាន ជាក្រុងឆ្លាតវៃ ប្រកបទៅដោយបច្ចេកវិទ្យាទីក្រុងឆ្លាតវៃ

spot_img

ខេត្តសៀមរាប ៖ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត រួមជាមួយភាគីជប៉ុន ដឹកនាំលោកស្រី Kamei Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំប្រទេសកម្ពុជា បានចុះហត្ថលេខា លើកំណត់ត្រាលើកិច្ចពិភាក្សា នៃការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការ បច្ចេកទេសសម្រាប់គម្រោងទីក្រុងឆ្លាតវៃ នាព្រឹកថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ២០២១នេះ ។

ក្នុងកិច្ចស្វាគមន៍នោះដែរ ឯកឧត្តម ទៀ សីហា ក៏បានលើកឡើងថា បន្ទាប់ពីក្រុងសៀមរាប នៃខេត្តសៀមរាបរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានដាក់បញ្ចូលទៅក្នុងសមាជិកនៃបណ្តាញទីក្រុងឆ្លាតវៃអាស៊ានកាលពីឆ្នាំ២០១៨ កន្លងទៅ រដ្ឋបាលខេត្តសៀមរាប ក៏ដូចជារដ្ឋបាលក្រុងសៀមរាប បានធ្វើការរៀបចំផែនការ ជាមួយនឹងការបង្កើនការចំណាយសាធារណៈ ក្នុងការវិនិយោគទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ការបង្កើនសោភ័ណភាពក្នុងក្រុង ក៏ដូចជាចូលរួមក្នុងការអនុវត្តនូវផែនការអភិវឌ្ឍទីក្រុងឆ្លាតវៃអាស៊ានសម្រាប់ក្រុងសៀមរាប នៃខេត្តសៀមរាប ។

ឯកឧត្តមក៏បានបញ្ជាក់ថា ដើម្បីសម្រេចបាននូវការកសាងទីក្រុងឆ្លាតវៃក្នុងក្រុងសៀមរាប ឲ្យស្របតាមផែនការទីក្រុងឆ្លាតវៃរបស់សមាគមបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន រដ្ឋបាលខេត្តក៏បានរៀបចំជាសំណើ (Proposal) ដើម្បីដាក់ស្នើសុំជូនទៅទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្នុងការស្នើសុំគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេស សម្រាប់រៀបចំទីក្រុងឆ្លាតវៃក្នុងក្រុងសៀមរាប នៃខេត្តសៀមរាប ឲ្យក្លាយជាទីក្រុងឆ្លាតវៃ កាលពីឆ្នាំ២០១៩កន្លងទៅ ។ ជាការឆ្លើយតបតាមសំណើស្នើសុំរបស់រដ្ឋបាលខេត្តសៀមរាប ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) បានទទួលយកសំណើ (Proposal) របស់រដ្ឋបាលខេត្តសៀមរាប ដើម្បីជួយរៀបចំក្រុងសៀមរាបជាទីក្រុងឆ្លាតវៃអាស៊ាន ។

ឯកឧត្តមបានបន្តថា ក្នុងរយៈពេលមួយឆ្នាំជាងនៃការសិក្សាទិន្នន័យបឋម អំពីគម្រោងទីក្រុងឆ្លាតវៃក្នុងក្រុងសៀមរាប (Basic Survey)នេះ ក្រុមការងារសិក្សានេះក៏បានរៀបចំ ជាសេចក្តីព្រាងផែនការមេចង្អុលផ្លូវ សម្រាប់ការរៀបចំក្រុងសៀមរាប នៃខេត្តសៀមរាបជាទីក្រុងឆ្លាតវៃ ដោយនៅក្នុងសេចក្តីព្រាងផែនការមេចង្អុលផ្លូវនេះ គឺផ្តោតលើផ្នែកសំខាន់ៗចំនួន០៤ គឺ ការរៀបចំទេសចរណ៍ឆ្លាតវៃ(Smart Tourism) ការរៀបចំប្រព័ន្ធសន្តិសុខឆ្លាតវៃ (Smart Security) ការរៀបចំប្រព័ន្ធចល័តឆ្លាតវៃ(Smart Mobility) និង ការរៀបចំប្រព័ន្ធគ្រប់គ្រងកាកសំណល់ឆ្លាតវៃ (Smart Waste Management )។ ក្នុងនោះឯកឧត្តមមានសង្ឃឹមយ៉ាងមុតមាំថា តាមរយៈគម្រោងនេះនឹងធ្វើឲ្យសមត្ថភាព មន្រ្តីរបស់រដ្ឋបាលខេត្តសៀមរាប និងរដ្ឋបាលក្រុងសៀមរាបត្រូវបានពង្រីក ឲ្យបានកាន់តែបានស៊ីជម្រៅថែមទៀត ពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យាទីក្រុងឆ្លាតវៃ រួមជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យា និងការគ្រប់គ្រងបែបឆ្លាតវៃ នឹងពិតជាចូលរួមចំណែកអភិវឌ្ឍន៍ខេត្តសៀមរាប ឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។

លោកស្រី Kamei Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ផងដែរថា ខេត្តសៀមរាប ជាខេត្តវប្បធម៌ប្រវត្តិសាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាគោលដៅទេសចរណ៍ នៃសេដ្ឋកិច្ចជាតិ ហើយនៅពេលខាងមុខ នឹងធ្វើឲ្យក្រុងសៀមរាប ក្លាយជាក្រុងគំរូក្នុងតំបន់អាស៊ាន ជាក្រុងឆ្លាតវៃ ប្រកបទៅដោយបច្ចេកវិទ្យាទីក្រុងឆ្លាតវៃ រួមជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យា និងការគ្រប់គ្រងបែបឆ្លាតវៃ នឹងពិតជាចូលរួមចំណែកអភិវឌ្ឍន៍ខេត្តសៀមរាបទៀតផង៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×