ភ្នំពេញ៖ក្នុងលិខិតចំហរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨នេះ បានលើកឡើងថា
អ្នកនាំពាក្យក្រសួងមហាផ្ទៃ មានការពេញចិត្ត និងមានសេចក្តីសោកស្តាយចំពោះចរិតឆោតល្ងង់របស់អ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី តាមរយៈការចុះផ្សាយអត្ថបទលើគេហទំព័រ កាលពីថ្ងៃទី១៩ខែមេសាឆ្នាំ២០១៨ និងការចាក់ផ្សាយក្នុងកម្មវិធីវិទ្យុរបស់ខ្លួន កាលពីយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ ក្រោមចំណងជើងថា “មន្ត្រីក្រសួងមហាផ្ទៃថា ការតាមចាប់ខ្លួនមន្ត្រីបក្សប្រឆាំង ពីក្រៅប្រទេស នាំឲ្យបែកបាក់ជាតិ”។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមទាត់ចោលទាំងស្រុងនូវអត្ថបទចុះផ្សាយ និងការធ្វើអត្ថាធិប្បាយបំផ្លើស ក្នុងចេតនា ញុះញង់។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រកាសទាត់ចោលទាំងស្រុងនូវអត្ថបទចុះផ្សាយ និងការធ្វើអត្ថាធិប្បាយបំផ្លើស ក្នុងចេតនាញុះញង់របស់វិទ្យុអាស៊ីសេរីមួយនេះ។ ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបកស្រាយប្រាប់ជូនវិទ្យុអាស៊ីសេរី និងសាធារណមតិជាតិ និងអន្តរជាតិដូចតទៅ៖
១៖ ការចុះផ្សាយ និងការធ្វើបទអត្ថាធិប្បាយរបស់វិទ្យុអាស៊ីសេរី គឺជាវិជ្ជាជីវៈកាត់តយ៉ាងថោកទាបជាទីបំផុត ដែលមានបំណងធ្វើឱ្យខូចកិត្តិយស និងធ្វើឱ្យសាធារណមតិ មានការភាន់ច្រឡំ។
២៖ អ្វីដែលអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានលើកឡើង គឺដើម្បីប្រៀនប្រដៅអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី ឱ្យមានមនសិការស្នេហាជាតិ និងកុំចេះតែធ្វើការងារបម្រើបរទេស ហើយបំផ្លាញជាតិសាសន៍ខ្លួនឯង។
៣៖ ការផ្សព្វផ្សាយជាច្រើនលើកច្រំដែលៗរបស់វិទ្យុអាស៊ីសេរី កាន់តែបង្ហាញឱ្យឃើញរឹតតែច្បាស់ថា វិទ្យុអាស៊ីសេរី គឺជាវិទ្យុដែលមានគោលការណ៍មិនអព្យាក្រឹត និងមិនឯករាជ្យ ហើយធ្វើសកម្មភាពក្នុងគោលបំណងធ្វើឱ្យសង្គមជាតិមានការបែកបាក់ និងធ្លាក់ក្នុងភាពវឹកវរ។
៤៖ ការចុះផ្សាយ និងការអត្ថាធិប្បាយរបស់វិទ្យុអាស៊ីសេរី គឺជារឿងគួរឱ្យអស់សំណើច និងស្តែងឱ្យឃើញនូវចរិតល្ងង់ខ្លៅរបស់អ្នកសារព័ត៌មានវិទ្យុអាស៊ី ដែលយល់ច្រឡំថា “គេហុចដំបង ខ្លួនយល់ថាគេសំឡុត” និង “គេឱ្យលាមក ខ្លួនយល់ថាជាផ្កា” ទៅវិញ ដែលចរិតបែបនេះវិទ្យុអាស៊ីសេរីធ្លាប់បានធ្វើរាប់មិនអស់រួចមកហើយ៕ ដោយ៖បញ្ញាស័ក្តិ