គ្រួសារមានសមាជិចំនួន ៥ នាក់ នៅពេលនេះ ពួកគេគ្មានផ្ទះសម្បែងនៅទៀតទេ ដោយសារតែកូនប្រុសមហាសែនចង្រៃម្នាក់ ញៀនថ្នាំដុតផ្ទះឆេះខ្ទេច និងថែមទាំងគំរាមសម្លាប់គ្រួសារទាំងអស់ទៀតផង។
តាមសារព័ត៌មានថៃ Khasod បានចុះផ្សាយរឿងនេះនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ថា គ្រួសារមួយមានសមាជិក ស្រ្តីជាម្តាយវ័យចំណាស់អាយុ ៨៦ ឆ្នាំ និងកូនស្រី៣នាក់ កំពុងរស់នៅតាមចិញ្ចើមផ្លូវ នៅក្នុងស្រុក Chatturat ខេត្ត Chaiyaphum។ អ្នកស្រី ណាក់ ចូកសុីរី អាយុ ៥៨ ឆ្នាំ បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ម្តាយរបស់គាត់ និងចៅ ៣ នាក់ បានយករបស់របរផ្ទាល់ខ្លួន ចូលទៅក្នុងដីមួយកន្លែង ដោយមិនដឹងថាជាកម្មសិទ្ធរបស់អ្នកណានោះទេ បន្ទាប់ករណីនេះបានកើតឡើង។
អ្នកស្រី ណាក់ បានប្រាប់បន្តថា ក្រុមគ្រួសារបានរត់គេចពីកូនប្រុសដែលជាអ្នកញៀនថ្នាំ ចាកចេញពីផ្ទះមួយកន្លែងនៅក្នុងក្រុង Chaiyaphum។ កូនប្រុសច្បងរបស់គាត់បានចាប់ផ្តើមប្រើប្រាស់គ្រឿងញៀន ហើយនៅពេលរូបគេកាន់តែអាក្រក់ទៅៗ គ្រួសារក៏ចាប់ផ្តើមបាត់បង់សុភមង្គល។ នៅដើមខែនេះ ក្នុងខែធ្នូ ឆ្នាំ២០២១ កូនប្រុសរូបនេះបានគំរាមសម្លាប់សមាជិកគ្រួសារទាំងអស់ ហើយចង់ដុតផ្ទះចោល ដែលធ្វើឲ្យសមាជិកគ្រួសារផ្សេងទៀតរស់នៅក្នុងភាពភ័យខ្លាច។ ដោយសារបែបនេះ គ្រួសារក៏រួមគ្នាសម្រេចចិត្តរត់ចេញទៅពឹងប៉ូលិសជួយអន្តរាគមន៍។ មន្ត្រីបានចុះទៅដល់ផ្ទះ ហើយក៏បានធ្វើឲ្យកូនប្រុសរូបនេះស្ងប់ស្ងាត់។ ប៉ុន្តែ មិនយូរប៉ុន្មានខណៈក្រុមគ្រួសារត្រឡប់មកដល់ផ្ទះវិញក៏ស្រាប់ឃើញផ្ទះឆេះអស់ហើយ។
អ្នកស្រី ណាក់ បានបង្ហើបបន្ថែមថា សមាជិកគ្រួសារត្រូវបានបំផ្លិចបំផ្លាញ។ មុនពេលត្រូវចាប់ខ្លួន កូនប្រុសរូបនេះ បានគំរាមនឹងសម្លាប់ពួកគេទាំងអស់ បន្ទាប់ពីរូបគេបានចាកចេញពីពន្ធនាគារវិញ។ គ្រួសារកំពុងរស់នៅក្នុងភាពភ័យខ្លាចខ្លាំងណាស់ហេតុនេះ ពួកគាត់មិនហ៊ានត្រឡប់ទៅស្រុកកំណើតវិញទេ។ អ្នកភូមិនៅជុំវិញផ្ទះ ក៏បានផ្សព្វផ្សាយពាក្យចចាមអារ៉ាមថា គ្រួសាររបស់ពួកគាត់មានជំងឺកូវីដ-១៩ ដូច្នេះគ្មានអ្នកណាហ៊ានទៅជិត ឬជួយពួកគាត់នោះទេ។ អ្នកស្រី ណាក់ បានសម្រេចចិត្តនាំគ្រួសាររត់ចេញពីតំបន់នេះ ហើយទ្រព្យសម្បត្តិដ៏មានតម្លៃតែមួយគត់ដែលពួកគេមានគឺហ្វូងទា។
សូមបញ្ចាក់ថា នៅពេលនេះ ក្រុមគ្រួសារនេះគ្មានសល់អ្វីទៀតទេ ដោយពួកគេបានមកសុំអាហារ និងទឹកពីវត្តប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



