ភ្នំពេញ) ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាស្ថិតិ បានអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំក្រុមប្រឹក្សាស្ថិតិលើកទី៨ ដែលរៀបចំឡើងដោយវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីអនុប្រធាន សមាជិកនៃក្រុមប្រឹក្សាស្ថិតិ ជាតំណាងមកពីក្រសួងស្ថាប័នពាក់ព័ន្ធ អញ្ជើញចូលរួមប្រព័ន្ធបញ្ជូនរូបភាព និងសម្លេងZoom។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានថ្លែងថា តាមរយៈកិច្ចប្រជុំក្រុមប្រឹក្សាស្ថិតិនៅថ្ងៃនេះ ជឿជាក់ថាយើងនឹងទទួលបានការឯកភាពជាទូទៅ អំពីការពិនិត្យ និងអនុម័តទាក់ទងទៅនឹងសំណើនានា ក៏ដូចជាអនុសាសន៍ទាំងឡាយ ដើម្បីធ្វើការអនុវត្តយុទ្ធសាស្រ្តជាតិសម្រាប់អភិវឌ្ឍន៍ស្ថិតិ (NSDS) សម្រាប់ជំហ៊ានបន្តបន្ទាប់នាពេលអនាគត ក្នុងការឆ្លើយតបតម្រូវការគម្រោងផែនការស្ថិតិនានា និងតម្រូវការហិរញ្ញវត្ថុដែលត្រូវការ ព្រមទាំងការអភិវឌ្ឍសមត្ថភាពស្ថិតិ នៅក្នុងប្រព័ន្ធស្ថិតិជាតិទាំងមូលប្រកបដោយប្រសិទ្ធភាព និងភាពសក្តិសិទ្ធិខ្ពស់។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានមានប្រសាសន៍ថា ចាប់តាំងពីច្បាប់ថ្មីស្តីពីស្ថិតិត្រូវបានអនុម័តនៅខែធ្នូ ឆ្នាំ២០១៥ និងបានចូលជាធរមាន អនុក្រឹត្យមួយចំនួនសម្រាប់អនុវត្តនូវមាត្រាផ្សេងៗនៃច្បាប់ស្តីពីស្ថិតិ ត្រូវបានរៀបចំកែសម្រួល ធ្វើវិសោធនកម្មជាបន្តបន្ទាប់។ ដើម្បីគាំទ្រក៏ដូចជាឆ្លើយតបទៅនឹងការអនុវត្តនូវបទបញ្ញត្តិទាំងនេះ ក្នុងនោះក្រុមប្រឹក្សាស្ថិតិ និងគណៈកម្មាធិការសម្របសម្រួលស្ថិតិ ដែលបានបង្កើតឡើងនៅឆ្នាំ២០០៥ ក៏នឹងត្រូវធ្វើបច្ចុប្បន្នភាពឡើងវិញ ដោយផ្អែកលើការផ្លាស់ប្តូរតួនាទី ភារកិច្ចរបស់មន្ត្រី និងថ្នាក់ដឹកនាំតាមបណ្តាក្រសួង-ស្ថាប័នផងដែរ។ ជាក់ស្តែងថ្មីៗនេះ អនុក្រឹត្យស្តីពីការរៀបចំ និងកិច្ចដំណើរការរបស់ប្រព័ន្ធស្ថិតិជាតិ និងអនុក្រឹត្យស្តីពីស្ថិតិផ្លូវការដែលបានចាត់តាំង ត្រូវបានធ្វើវិសោធនកម្ម និងចុះហត្ថលេខាដាក់ឲ្យប្រើប្រាស់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២១។ អនុក្រឹត្យស្តីពីការរៀបចំ និងកិច្ចដំណើរការរបស់ប្រព័ន្ធស្ថិតិជាតិ ដែលក្នុងនោះ ក្រុមប្រឹក្សាស្ថិតិ ត្រូវបានកែសម្រួលដោយបញ្ចូលបន្ថែមសមាជិកភាពមកពីគ្រប់ក្រសួង ស្ថាប័ន សមាគម និងវិស័យឯកជន។ ដោយឡែក អនុក្រឹត្យស្តីពីស្ថិតិផ្លូវការដែលបានចាត់តាំង ត្រូវបានកែសម្រួល និងបន្ថែមស្ថិតិផ្លូវការដែលបានចាត់តាំងរបស់វិទ្យាស្ថានជាតិស្ថិតិ និងអង្គភាពស្ថិតិតាមក្រសួង-ស្ថាប័ន។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានបន្តថា បន្ទាប់ពីអនុក្រឹត្យស្តីពីការរៀបចំ និងកិច្ចដំណើរការរបស់ប្រព័ន្ធស្ថិតិជាតិ ត្រូវបានធ្វើវិសោធនកម្ម វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ នឹងរៀបចំធ្វើបច្ចុប្បន្នកម្មសមាជិកភាពក្រុមប្រឹក្សាស្ថិតិ និងសមាជិកភាពគណៈកម្មាធិការសម្របសម្រួលស្ថិតិឡើងវិញ ដើម្បីរៀបចំជាសេចក្តីសម្រេចថ្មី។ ចំពោះសមាសភាពជាក់ស្តែងរបស់ក្រុមប្រឹក្សាស្ថិតិ ត្រូវកំណត់ដោយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល។

ជាមួយគ្នានោះ លោកជំទាវ ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាស្ថិតិ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលស្ថិតិ បានធ្វើរបាយការណ៍ជូនអង្គប្រជុំពីដំណើរការរៀបចំធ្វើវិសោធនកម្មលើអនុក្រឹត្យស្តីពីការរៀបចំ និងកិច្ចដំណើរការប្រព័ន្ធស្ថិតិជាតិ និងអនុក្រឹត្យស្តីពីស្ថិតិផ្លូវការដែលបានចាត់តាំង, របាយការណ៍ស្តីពីវឌ្ឍនភាពនៃជំរឿនទូទៅប្រជាជន នៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩,វឌ្ឍនភាពនៃការងារអង្កេតប្រជាសាស្ត្រ និងសុខភាពឆ្នាំ២០២១, វឌ្ឍនភាពនៃការចុះបញ្ជីអង្គភាពសេដ្ឋកិច្ច និងការគូសផែទីសេដ្ឋកិច្ចឆ្នាំ២០២២, វឌ្ឍនភាពនៃការងារអង្កេតសេដ្ឋកិច្ច-សង្គមកិច្ចកម្ពុជាឆ្នាំ២០២១៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ


