Monday, March 23, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រយៈពេល៣០ថ្ងៃ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញ បង្រ្កាបបទល្មើសគ្រឿងញៀន ៧១ករណី ឃាត់ខ្លួនជនសង្ស័យ១២៤នាក់ និងដកហូតវត្ថុតាងគ្រឿងញៀន ជិត១គីឡូក្រាម

ភ្នំពេញ ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក្នុងរយៈពេល៣០ថ្ងៃ បានចេញប្រតិបត្តិការនៅក្នុងយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦ ដោយចេញបង្រ្កាបបានបទល្មើសគ្រឿងញៀន ៧១ករណី ឃាត់ខ្លួនជនសង្ស័យគ្រឿងញៀន ១២៤នាក់ និងដកហូតវត្ថុតាងគ្រឿងញៀន ជិត១គីឡូក្រាម។ លទ្ធផលប្រតិបត្តិការបង្រ្កាបគ្រឿងញៀនខាងលើ កម្លាំងនគរបាលរាជធានីភ្នំពេញ ធ្វើឡើងក្នុងខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ។ នេះបើតាមការផ្សាយព័ត៌មាន របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

លោកវរសេនីយ៍ទោ រ៉ឹម ម៉ិច នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់នៅរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ឱ្យដឹងថា ៖ លទ្ធផលបង្រ្កាបបទល្មើសគ្រឿងញៀនទាំងនេះ គឺកម្លាំងតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងការិយាល័យជំនាញបានសហការគ្នា ក្នុងការចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្នុងរាជធានីភ្នំពេញ ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីលើកកម្ពស់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមឱ្យ បានប្រសើរឡើង។ នៅទន្ទឹមដែលគេមើលឃើញថា បទល្មើសគ្រឿងញៀនជាបញ្ហាប្រឈមបំផុត បង្កអសន្តិសុខសង្គម ដែលជាប្រភពបញ្ហាបង្កឱ្យកើតមានដូចជាបទល្មើស លួ.ចឆ.ក់ ប្ល.ន់ អំពើហឹ.ង្សា និងបទល្មើសផ្សេងទៀតផងដែរ។

លោកនាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ប្រាប់ឱ្យដឹងទៀតថា៖ កិច្ចការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្នុងរាជធានីភ្នំពេញ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញ អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងនោះមានការដឹកនាំបញ្ជាកម្លាំងផ្ទាល់ ដោយលោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន តែងតែចេញប្រតិបត្តិការបង្ការទប់ស្កាត់បទល្មើសគ្រឿងញៀន ជាប្រចាំ អនុវត្តនៅគ្រប់គោលដៅ ដែលមានបញ្ហាស្មុគស្មាញដោយគ្រឿងញៀន និងគោលដៅដែលមានការសង្ស័យលួចលាក់ ប្រព្រឹត្តបទល្មើសគ្រឿងញៀនខុសច្បាប់។

លោកវរសេនីយ៍ទោ រ៉ឹម ម៉ិច នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យដឹងទៀតថា៖ ការងារបង្ការទប់ស្កាត់គ្រឿងញៀននេះផងដែរ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន ក៏បានដាក់ចេញនូវវិធានការ ៤ចំណុច ដើម្បីចូលរួមអនុវត្ត នៃផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ឱ្យកាន់តែមានប្រសិទ្ធភាព ដោយវិធានការទាំង ៤ ចំណុចនោះរួមមាន៖

ទី១,វិធានការអប់រំ គឺជាការងារផ្សព្វផ្សាយ យល់ដឹងអំពីខ្លឹមសារផលប៉ះពាល់ និងបង្កគ្រោះថ្នាក់ពីបញ្ហាគ្រឿងញៀនជូនដល់សិស្ស, និស្សិត ,កម្មករ ក៏ដូចជាមុខសញ្ញាងាយរងគ្រោះផ្សេងទៀត ត្រូវឱ្យពួកគាត់ចៀសឱ្យផុតពីគ្រឿងញៀន។

ទី២,វិធានការរដ្ឋបាល គឺកម្លាំងសមត្ថកិច្ចជំនាញ បានចុះធ្វើរដ្ឋបាលនៅគោលដៅ ដែលងាយរងគ្រោះ មកធ្វើការណែនាំ អប់រំនិងឱ្យធ្វើកិច្ចសន្យា ក្នុងការចូលរួមសហការ ជាមួយសមត្ថកិច្ច ដើម្បីបង្ការទប់ស្កាត់បទល្មើសគ្រឿងញៀន ដែលអាចកើតឡើងដូចជា៖ នៅតាមបន្ទប់ជួល, ផ្ទះសំណាក់ និងទីតាំងកម្សាន្តផ្សេងៗ។

ទី៣,វិធានការច្បាប់ គឺអនុវត្តបង្រ្កាបជាក់ស្តែង និងការស្រាវជ្រាវរកមុខសញ្ញា ដែលធ្វើសកម្មភាព ប្រព្រឹត្តបទល្មើសគ្រឿងញៀនខុសច្បាប់ ដើម្បីចាប់ឃាត់ខ្លួនជនប្រព្រឹត្ត យកទៅផ្តន្ទាទោសតាមផ្លូវច្បាប់។

ទី៤,វិធានការព្យាបាល និងស្តានីតិសម្បទាអនុវត្តចំពោះជនរងគ្រោះពីគ្រឿងញៀន ដោយបញ្ជូនអ្នកញៀនគ្រឿងញៀន ទៅព្យាបាលនៅតាមបណ្តាមជ្ឈមណ្ឌលព្យាបាល និងស្តានីតិសម្បទានានា និងការបញ្ជូនទៅព្យាបាលអប់រំ នៅក្នុងសហគមន៍ ជាដើម៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×