បងប្អូនប្រជាពលរដ្ឋបានដឹងរួចហើយ ពីផ្លូវល្បឿនលឿនដ៏ពិសេស (ពីភ្នំពេញ ទៅក្រុងព្រះសីហនុ) ដែលកំពុងត្រូវបានស្ថាបនាសម្រេចបានលទ្ធផល ឃើញថាលឿនជាងផែនការដែលបានរំពឹងទុកថា នឹងអាចបញ្ចប់រួចរាល់ជាស្ថាពរនៅមុនខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ។
នេះបើតាមលោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងប្រាប់កាលពីព្រឹកថ្ងៃទី ២៦ ខែវិច្ឆិកា កន្លងទៅថា ការស្ថាបនាផ្លូវល្បឿនលឿន(ពីភ្នំពេញទៅក្រុងព្រះសីហនុ) គិតមកទល់បច្ចុប្បន្ននេះមានវឌ្ឍនភាពជារួមប្រមាណជាជិត ៧០% ហើយ បើធៀបនឹងផែនការរំពឹងទុក គឺយើងបានដើរលឿនជាងផែនការបន្តិច ហើយអាចនឹងបញ្ចប់ការសាងសង់ផ្លូវនេះមុនពេលកំណត់។
តែដោយឡែកងាកមកយល់ដឹងពីការកំណត់ឲ្យប្រើប្រាស់ផ្លូវល្បឿនលឿនវិញ នោះបើតាមទំព័រហ្វេសប៊ុក ផ្លូវល្បឿនលឿនភ្នំពេញ – ព្រះសីហនុ បានចែករំលែកឲ្យដឹងថា៖ ចំណេះដឹងរហ័ស (1) តើអ្នកគិតថាម៉ូតូអាចជិះនៅលើផ្លូវល្បឿនលឿនបានទេ? មិនអាចទេ! យោងទៅតាមច្បាប់ អ្នកដំណើរ យានជំនិះ ម៉ូតូ ឡានត្រាក់ទ័រ តុកតុកនិងយានជំនិះផ្សេងៗដែលមានល្បឿនតិចជាង 70km/h គឺមិនអាចឡើងផ្លូវល្បឿនលឿនបានទេ។ ចំណេះដឹងរហ័ស(2) បើខ្ញុំឈឺបត់ជើង តើអាចឈប់ឡានបត់ជើងបានទេ? ប្រាកដជាមិនអាចទេ ផ្លូវល្បឿនលឿនមានយានជំនិះធ្វើដំណើរជិត 100km/h ប្រាកដជាមិនអាចឈប់ឡាន ថយឡាន និងជិះបញ្ច្រាស់ជាដាច់ខាត បើមិនចឹងងាយនឹងមានគ្រោះថ្នាក់ដល់អាយុជីវិតណាស់៕ រក្សាសសិទ្ធិដោយ៖ លឹម ហុង






