Monday, March 23, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិទ្ធិសេរីភាពរបស់កម្ពុជា ដែលមានដូចពេលបច្ចុប្បន្ននេះ គឺត្រូវបានរំដោះយកមកវិញ នៅក្រោយពេលដែលរបបប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបានវាយផ្តួលរំលំទាំងស្រុង

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសអបអរសាទរខួបលើកទី៧៣ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ «១០ធ្នូ»។
នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ គឺជាខួបលើកទី៧៣ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ១៩៤៨-១០ ធ្នូ ២០២១។
បើតាមស​ម្តេចតេជោ បានថ្លែងថា បើនិយាយពីរឿងសិទ្ធិមនុស្ស នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត (១៩៧៥-១៩៧៩) គឺប្រជាពលរដ្ឋមិនមានសិទ្ធិសេរីភាពអ្វីទាំងអស់ សូម្បីសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលទានអាហារ សិទ្ធិពិនិត្យព្យាបាលជំងឺ សិទ្ធិជំនឿសាសនា សិទ្ធិសិក្សាអប់រំ សិទ្ធិជ្រើសរើសតំណាង និងសិទ្ធិបញ្ចេញមតិ សិទ្ធិរៀបអាពាហ៌ពិពាហ៌ និងសិទ្ឋិប្រកបការងារជាដើម..។ល។

របបប្រល័យពូជសាសន៍ប៉ុលពតបានដកហូតសិទ្ធិសេរីភាពទាំងអស់ ហើយបានបង្ខំឱ្យពលរដ្ឋទាំងក្មេងចាស់ប្រុសស្រីធ្វើការហួសកម្លាំង ឈឺស្លាប់ដោយគ្មានពេទ្យនិងថ្នាំព្យាបាល ព្រមទាំងបានបណ្ដាលឲ្យប្រជាពលរដ្ឋជាង៣លាននាក់បានស្លាប់ក្នុងរយៈពេលតែ ៣ឆ្នាំ ៨ខែនិង ២០ថ្ងៃ។

សម្តេចនាយករដ្ឋមន្រ្តី បានលើកឡើងថា សិទ្ធិសេរីភាពរបស់កម្ពុជា ដែលមានដូចពេលបច្ចុប្បន្ននេះ គឺត្រូវបានរំដោះយកមកវិញ នៅក្រោយពេលដែលរបបប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបានវាយផ្តួលរំលំទាំងស្រុងនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។ បច្ចុប្បន្ន សិទ្ធិសេរីភាព គឺបានធ្វើឲ្យប្រជាពលរដ្ឋរស់នៅ និងប្រកបការងារតូចធំ ជ្រើសរើសជំនឿសាសនា និងសិទ្ធិបោះឆ្នោតជ្រើសតាំងមេដឹកនាំដែលខ្លួនពេញចិត្ត ដោយសេរី ហើយសិទ្ធិសេរីភាពក៏បានធ្វើឲ្យកម្ពុជាកាន់តែរីកចម្រើន ជឿនលឿនទៅមុខ។
សូមជូនពរបងប្អូនជនរួមជាតិជួបតែសំណាងល្អ និងរីករាយថ្ងៃទិវាសិទ្ធិមនុស្សអន្តរជាតិ «១០ធ្នូ»៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×