ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញការគាំទ្រទាំងស្រុងលើគម្រោងសាងសង់ចំណតផែកុងតឺន័រថ្មី ជំហានទី២ និងជំហានទី៣ នៅឯកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍លម្អិត ពីសំណាក់ លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ អំពីគម្រោងនេះ។

សេចក្ដីរាយការណ៍លម្អិតនៃគម្រោងសាងសង់ចំណតផែកុងតឺន័រ និងការគាំទ្រនេះ បានធ្វើឡើងនាថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ក្នុងឱកាសដែល លោក លូ គឹមឈន់ ត្រូវបានអនុញ្ញាតទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ។ មន្ត្រីជាន់ខ្ពស់ទាំងពីរ ពិភាក្សាអំពីគម្រោងសាងសង់ចំណតផែកុងតឺន័រថ្មី ជំហានទី២ និងជំហានទី៣ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញក្រោមឱវាទក្រសួងពាក់ព័ន្ធ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ថា កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ បែបទំនើប និងការអភិវឌ្ឍទៅលើវិស័យផ្សេងៗជាច្រើនទៀត បាននាំឱ្យកម្ពុជាត្រូវបានគេចាត់ទុកជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចរីកចម្រើនឆាប់រហ័សនៅក្នុងតំបន់អាស៊ាន។
បើតាមប្រសាសន៍ លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល បានឲ្យដឹងទៀតថារាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកកំពង់ផែជាទិសដៅនៃតំបន់អភិវឌ្ឍន៍ឧស្សាហកម្ម សម្រាប់ការពង្រីកការដឹកជញ្ជូនទំនិញ ទៅកាន់ទីផ្សារ បណ្តាប្រទេស ក្នុងតំបន់ និងពិភពលោកទាំងមូល។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សកម្មភាពដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា មានវិសាលភាពយ៉ាងធំធេង ជាពិសេស ការលើកដាក់ទំនិញនៅកំពង់ផែក្រុងព្រះសីហនុ កំពុងតែមានសកម្មភាពយ៉ាងមមាញឹកជាមួយនឹងបទពិសោធន៍ និងមានការទទួលខុសត្រូវខ្ពស់របស់កំពង់ផែ។

សូមបញ្ជាក់ថា ការអភិវឌ្ឍកំពង់ផែនៅកម្ពុជាមួយចំនួនធំ ជាពិសេស ចំណតផែកុងតឺន័រ ធ្វើឡើងក្រោមជំនួយរបស់ជប៉ុន និងដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត ដើម្បីឱ្យពិភពលោកបានដឹងជ្រួតជ្រាប ចៀសវាងគេចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជាថា កម្ពុជាទទួលយកតែជំនួយពីប្រទេសចិន ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាងរបស់ខ្លួន។
បច្ចុប្បន្នក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងរៀបចំបង្កើតប្រព័ន្ធកំពង់ផែ Port EDI (Electronic Data Interchange) ដែលនឹងជួយសម្រួលដល់នីតិវិធីផ្លូវការ នៃនាវាចេញចូលកំពង់ផែកម្ពុជា ក្នុងគោលបំណងពន្លឿននីតិវិធី និងកាត់បន្ថយថ្លៃដើមដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រ ការស្តុកទំនិញ និងអាចឆ្លើយតបទៅនឹងកំណើនវិនិយោគពីបរទេស ជាពិសេស សំដៅធ្វើឱ្យកម្ពុជាក្លាយជាទីតាំងយុទ្ធសាស្ត្រមួយប្រកបដោយការប្រកួតប្រជែងលើវិស័យភស្តុភារកម្ម និងការដឹកជញ្ជូន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN







