Thursday, December 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វ៉ាក់សាំងកូវីដ-១៩ កំពុងប្រើសព្វថ្ងៃនេះនៅតែមានប្រសិទ្ធភាព គ្រាន់តែថា យើងនឹងត្រូវចាក់បន្លែមដូសជាបន្ដបន្ទាប់ទៀត

ភ្នំពេញ ៖ ឆ្លើយតបនឹងបទសម្ភាសន៍នៃសន្និសីទសារព័ត៌មានពិសេសមួយ នៅទីស្ដីការក្រសួងសុខាភិបាល ស្ដីពីការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩បំប្លែងថ្មី អូមីក្រុង លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្របខ័ណ្ឌទូទាំងប្រទេស បានលើកឡើងថា វ៉ាក់សាំងកូវីដ-១៩ ដែលយើងកំពុងប្រើសព្វថ្ងៃនេះនៅតែមានប្រសិទ្ធភាពចំពោះជំងឺកូវីដ-១៩គ្រប់ប្រភេទ គ្រាន់តែថា យើងនឹងត្រូវចាក់ជាបន្ដបន្ទាប់ មិនទាន់បញ្ចប់ត្រឹមដូសទី៣ ឬទី៤នោះទេ ប៉ុន្ដែត្រូវមានការសិក្សាច្បាស់លាស់ ដើម្បីកំណត់ពីការរក្សាគម្លាតពីដូសមួយ ទៅដូសមួយ ចន្លោះ៦ខែ ឬមួយឆ្នាំ។

សន្និសីទសារព័ត៌មាន ស្ដីពី ជំងឺកូវីដ-១៩ បំប្លែងថ្មី «អូមីក្រុង» នេះ ធ្វើឡើងនារសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ដោយមានការចូលរួមពី លោកជំទាវ ឱ វណ្ណឌីន , តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងមន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលមួយចំនួនទៀត។

លោកជំទាវ ឱ វណ្ណឌីន បានបង្ហាញថា យោងទៅលើការវិវឌ្ឍន៍នៃជំងឺកូវីដ-១៩ ដែលចេះតែបំប្លែងខ្លួនជាបន្ដបន្ទាប់នោះ សម្រាប់ការចាក់ដូសទី៤ នៅកម្ពុជាអាចនឹងត្រូវចាប់ផ្ដើមនៅ ឆ្នាំ២០២២ខាងមុខ នេះសម្រាប់អ្នកដែលបានចាក់ដូសទី៣រួចរាល់ ហើយបានរយៈពេល៦ខែឡើងទៅ។ ពោលគឺ អាចពី ៦ខែ ទៅ ១ឆ្នាំ ដែលយើងត្រូវចាក់ដូសទី៤នេះជាបន្ដទៀត តែចំណុចនេះត្រូវមានភាពច្បាស់លាស់នៅពេលណាដែលមានការបកស្រាយ ឬការសិក្សាបន្ថែមទៀត ដែលនេះគ្រាន់តែជាការគិតរបស់យើង។ តែចំណុចដែលខ្ញុំគិតថា ភាពប្រាកដប្រជា គឺ ដូសទី៤នេះត្រូវតែចាក់ តែមិនទាន់ដឹងថា ចាក់ថ្ងៃណា ហើយក្រោយពីដូសទី៤ទៅ , ដូសទី៥ នឹងមានផងដែរ»។

បើតាមលោកជំទាវ ឱ វណ្ណឌីន ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ អាចនឹងត្រូវចាក់ដូចវ៉ាក់សាំងផ្ដាសាយអ៊ីចឹងថែរ ពោលគឺ ត្រូវចាក់ជាបន្ដបន្ទាប់ តែត្រូវរង់ចាំការសិក្សាច្បាស់លាស់អំពីរយៈពេលក្នុងការចាក់។

លោកជំទាវ ឱ វណ្ណឌីន បានលើកឡើងថាស្ដីពីស្ថានភាពនៃការចាក់វ៉ាក់សាំងកូវីដ-១៩ នេះ រាជរដ្ឋាភិបាល ក៏បានផ្ដល់សិទ្ធិឲ្យវិស័យឯកជន អាចនាំចូល និងចាក់ជូនប្រជាពលរដ្ឋបានដូចគ្នាជាមួយវិស័យសុខាភិបាលរដ្ឋ ដែលប្រៀបដូចជាការផ្ដល់នូវជម្រើស ស្វែងរកសេវាចាក់វ៉ាក់សាំងកូវីដ-១៩ នៅពេលណាដែលវិស័យឯកជនចាប់ផ្ដើម អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការរក្សាទុកវ៉ាក់សាំងនេះ បានត្រឹមត្រូវតាមក្បួនបច្ចេកទេស។

បើតាមក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រសួងសុខាភិបាល ដែលមានការគាំទ្រពីអង្គការសុខភាពពិភពលោក កំពុងធ្វើការយ៉ាងមមាញឹក ដើម្បីដោះស្រាយបញ្ហាប្រឈម និងដើម្បីមើលថា តើការប្រែប្រួលនៃជំងឺកូវីដ-១៩ នឹងមានផលប៉ះពាល់អ្វីខ្លះ ទៅលើឧបករណ៍ និងវិធានការដែលមានស្រាប់របស់ប្រទេសកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩ ជាពិសេស ពពួកបប្លែងថ្មី អូមីក្រុង នេះ។

ទោះជាយ៉ាងណា នៅមិនទាន់មានការបញ្ជាក់ណាមួយថា វត្តមានវីរុសបំប្លែងថ្មី អូមីក្រុង មាននៅក្នុងប្រទេសកម្ពុជា នៅឡើយទេ ប៉ុន្តែបើតាមការសិក្សាពីចរាចរ និងបទពិសោធន៍នៃវីរុសប្រភេទដែលតា (Delta) យើងអាចប្រមើលមើលរំពឹងទុកថា ចរន្តចរាចរនៃវីរុសអូមីក្រុង អាចនឹងមកដល់ប្រទេសនានា ដោយស្ងៀមស្ងាត់ ទៅតាមពេលវេលាណាមួយ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×