ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់រដ្ឋមន្រ្តីការបរទេស កំមិនវ៉ែល និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃ ព្រះរាជាណាចក្រកម្ពុជា នឹងចូលរួមកិច្ចប្រជុំលើកទី២ នៃរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីអភិវឌ្ឍន៍នៃក្រុមប្រទេស G7 ក្រោមអធិបតីភាពចក្រភពអង់គ្លេស នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានបន្តថា ក្នុងចំណោមប្រធានបទ ដែលរំពឹងថានឹងត្រូវលើកមកពិភាក្សានៅក្នុងកិច្ចប្រជុំនេះ រួមមាន វ៉ាក់សាំង និងសន្តិសុខផ្នែកសុខភាពពិភពលោក កំណើនសេដ្ឋកិច្ច បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ កិច្ចសហប្រតិបត្តិការ និងការវិវត្តស្ថានការណ៍ក្នុងតំបន់ រួមទាំងនៅតំបន់អាស៊ានផងដែរ។ ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញធ្វើអន្តរាគមន៍លើប្រធានបទទាំងនេះ និងលើអាទិភាពរបស់កម្ពុជាក្នុងការដឹកនាំកិច្ចប្រឹងប្រែងកសាងសហគមន៍អាស៊ាន៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ



