Monday, March 23, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យប្រមូលអាវុធ និងសម្ភារៈយោធាអាមេរិកទាំងអស់យកទៅរក្សាទុកក្នុងឃ្លាំងឬកំ.ទេចចោល ហើយថាបើចង់មានឯករាជ្យកុំប្រើអាវុធរបស់អាមេរិក

ភ្នំពេញ ៖ ក្រោយពីសហរដ្ឋអាមេរិក បានប្រកាសជាឯកតោភាគីដាក់ទណ្ឌកម្មបន្ថែមទៀតមកលើរដ្ឋាភិបាលកម្ពុជា តាមរយៈវិធានរឹតត្បិតការលក់អាវុធ និងសម្ភារយោធាឱ្យកម្ពុជា ក្រោមហេតុផលភូមិសាស្រ្តនយោបាយ តាមរយៈការិយាល័យ ឧស្សាហកម្ម និងសន្តិសុខរបស់ខ្លួនកាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យប្រមូលអាវុធ និងសម្ភារៈយោធាអាមេរិកទាំងអស់យកទៅរក្សាទុកក្នុងឃ្លាំងឬកំទេចចោលតែម្តង ហើយថាបើចង់មានឯករាជ្យកុំប្រើអាវុធរបស់អាមេរិក។

តាមរយៈបណ្តាញសង្គម Facebook នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ សហរដ្ឋអាមេរិកបានសម្រេចអំពីការរឹតត្បិតការលក់ដូរអាវុធ និងសម្ភារៈយោធាដល់កម្ពុជា។ ខ្ញុំឆ្លៀតយកឱកាសនេះ សូមអរគុណចំពោះសហរដ្ឋអាមេរិក ដោយសារការសម្រេចរបស់សហរដ្ឋអាមេរិកលើបម្រាមការលក់ដូរអាវុធ និងសម្ភារៈយោធាមកកម្ពុជានាពេលនេះ គឺបានឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវនៃការសម្រេចចិត្តរបស់ខ្ញុំ កាលពីឆ្នាំ១៩៩៤ ដែលនៅពេលនោះ ខ្ញុំបានធ្វើការសម្រេចចិត្ត ដោយមិនធ្វើការផ្លាស់ប្តូរប្រព័ន្ធអាវុធកម្ពុជាដែលមានពេលនោះ ទៅទិញប្រព័ន្ធអាវុធអាមេរិក។ ទន្ទឹមនឹងនេះ ខ្ញុំសូមដាក់ចេញបទបញ្ជាដល់អង្គភាពប្រដាប់អាវុធទាំងអស់ ឱ្យធ្វើការត្រួតពិនិត្យឡើងវិញជាបន្ទាន់អំពីអាវុធ និងសម្ភារៈយោធា ដែលកម្ពុជាមានបច្ចុប្បន្ន ហើយត្រូវប្រមូលអាវុធ និងសម្ភារៈយោធាអាមេរិកទាំងអស់ ប្រសិនបើមាន យកទៅរក្សាទុកក្នុងឃ្លាំង ឬយកទៅកំទេចចោល តាមការជាក់ស្តែង»។

សម្តេចបានបន្តថា «តាមចំណាំរបស់ខ្ញុំ អ្នកដែលធ្លាប់ប្រើប្រព័ន្ធអាវុធអាមេរិកជាច្រើន បានចាញ់សង្រ្គាម ដូចជាក្នុងរបបសាធារណខ្មែររបស់ លន់ នល់ ដែលពេលនោះបានប្រើប្រព័ន្ធអាវុធអាមេរិក និងបាននាំចូលអាវុធជាច្រើនមកកម្ពុជា ហើយធ្វើឱ្យកម្ពុជាជាប់បំណុលខ្មៅនេះរហូតមកដល់បច្ចុប្បន្ននេះ។ ថ្មីៗនេះទៀតសោត គឺ អ្នកប្រើប្រព័ន្ធអាវុធអាមេរិក ក៏បានចាញ់សង្រ្គាមនៅអាហ្គានីស្ថាន។ ខ្ញុំមានជំនឿលើភាពក្លាហាន ព្រមទាំងស្មារតី និងទឹកចិត្តប្រយុទ្ធរបស់យុទ្ធជនក្នុងសមរភូមិ ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា ជាជាងលើអាវុធតែមួយមុខ»។

ជាចុងក្រោយសម្តេចបញ្ជាក់ថា «ជាថ្មីម្តងទៀតខ្ញុំសូមអរគុណសហរដ្ឋអាមេរិក ដែលបានជួយបញ្ជាក់ថា ការសម្រេចចិត្តរបស់ខ្ញុំ មិនយល់ព្រមទិញអាវុធពីអាមេរិកពិតជាត្រឹមត្រូវ សម្រាប់នយោបាយការពារជាតិរបស់កម្ពុជា ហើយវាក៏ជាសារព្រមានមួយប្រាប់ទៅខ្មែរ ដែលគ្រប់គ្រងរាជរដ្ឋាភិបាលជំនាន់ក្រោយឱ្យបានជ្រាបថា បើចង់មានឯករាជ្យភាពលើវិស័យការពារជាតិសូមកុំប្រើប្រាស់អាវុធ របស់អាមេរិក»៕ រក្សាសិទ្ធិដោយ ៖ កូលាបក្រហម

×