Thursday, December 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

FAO ចុះកិច្ចព្រមព្រៀង ផ្តល់ថវិកាបដិភាគ ទឹកប្រាក់ប្រមាណជាង ២ លានដុល្លារ ដល់ក្រសួងផែនការ

ភ្នំពេញ ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានទទួលជួបសមភាគីដឹកនាំដោយ លោក អែនតូនីញ៉ូ ស៉្យែវ៉ន (Mr.Antonio Schiavone) តំណាងស្តីទីនៃអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំប្រទេសកម្ពុជា(FAO) ចូលជួបពិភាក្សាការងារ និងចុះកិច្ចព្រមព្រៀងផ្តល់ជំនួយ (មិនរួមបញ្ចូលជំនួយបច្ចេកទេស) ចំនួនទឹកប្រាក់ប្រមាណ២លាន១៩ម៉ឺនដុល្លាអាមេរិក ដល់ក្រសួងផែនការ សម្រាប់ការងារអង្កេតកសិកម្មនៅកម្ពុជា ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៦។

ក្នុងជំនួបសម្តែងការគួរសម ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានមានថ្លែងនូវការស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះលោក អែនតូនីញ៉ូ ស៉្យែវ៉ន ដែលបានអញ្ជើញមកទីស្តីការក្រសួងផែនការ តាមរយៈកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងភាពជាដៃគូអភិវឌ្ឍន៍ផ្តល់ជំនួយបដិភាគជាមួយរាជរដ្ឋាភិបាលកម្ពុជាដល់ក្រសួងផែនការនាពេលនេះ គឺបានចូលរួមចំណែកអភិវឌ្ឍន៍ទិន្នន័យកសិកម្មនៅកម្ពុជា សម្រាប់ឆ្នាំ២០២១ ដល់ឆ្នាំ២០២៦ បំពេញនូវភាពកង្វះទិន្នន័យស្ថិតិកសិកម្មកម្រិតប្រទេស ដែលផ្តល់នូវទិន្នន័យកសិកម្មពេញលេញ ទាំងទិន្នន័យគ្រួសារកសិកម្ម និងសហគ្រាសកសិកម្មខ្នាតធំ ជាពិសេសសម្រាប់គាំទ្រ និងវាយតម្លៃលើសូចនាការសំខាន់ៗ ក្នុងក្របខណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា(CSDGs)ផងដែរ ហើយឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក៏បានថ្លែងអំណរគុណដល់អង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ(FAO) ដែលបានផ្តួចផ្តើមឱ្យមានគម្រោងកម្មវិធីការងារអង្កេតកសិកម្ម៥០X២០៥០ ដែលអនុញ្ញាតឱ្យកម្ពុជាទទួលបានជាសមាជិកមួយផងដែរ។

លោក អែនតូនីញ៉ូ ស៉្យែវ៉ន បានមានប្រសាសន៍ថា ក្នុងនាមភាពជាដៃគូអភិវឌ្ឍដ៏ល្អជាមួយកម្ពុជា និងដោយមើលឃើញពីភាពកង្វះទិន្នន័យកសិកម្ម អង្គការFAOបានរៀបចំគម្រោងកម្មវិធីការងារអង្កេតកសិកម្ម៥០X២០៥០ ដើម្បីគាំទ្រផ្តល់ជំនួយថវិកាដល់ប្រទេសក្នុងតំបន់ទាំង៥០ ក្នុងនោះក៏មានប្រទេសកម្ពុជាមួយផងដែរ។ លោក បន្តថា តាមរយៈកិច្ចសហប្រតិបត្តិការងាររវាង ក្រុមការងារបច្ចេកទេសនៃវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ ,ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការគ្នាជាមួយនឹងក្រុមការងារបច្ចេកទេស នៃអង្គការFAO ខ្ញុំជឿជាក់ថា យើងនឹងទទួលបានទិន្នន័យកសិកម្មនៅកម្ពុជា មានគុណភាព ដែលអាចទុកចិត្តបាន និងទទួលបានលទ្ធផលល្អប្រសើរជាក់មិនខាន។ អង្គការFAO រីករាយក្នុងការធ្វើសហប្រតិបត្តិការក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសជាមួយក្រសួងផែនការ។

ការចុះកិច្ចព្រមព្រៀងគ្នានាពេលនេះ សមភាគីអង្គការFAO បានផ្តល់ជំនួយជាថវិកាចំនួន ២ ១៩១ ៥៦៦ ដុល្លារអាមេរិក (មិនគិតបញ្ចូលប្រាក់ជំនួយបច្ចេកទេស)ថវិកាបដិភាគពីរាជរដ្ឋាភិបាលកម្ពុជាសរុបចំនួន ៣ ០០៦ ៤២៣ ដុល្លារអាមេរិក (ក្នុងនោះគិតជាសាច់ប្រាក់ចំនួន ១ ៨៣២ ១៥១ ដុល្លារអាមេរិក និងគិតជាវត្ថុសម្ភារ(In-kind) មានចំនួន ១ ៣៥៨ ១២៥ ដុល្លារអាមេរិក) ដែលមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គ្រោងចំណាយថវិកាសរុបចំនួន ៥ ១៩៧ ៩៨៩ ដុល្លារអាមេរិក និងគម្រោងការងារត្រូវអនុវត្តចាប់ផ្តើមពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៦។

សូមបញ្ជាក់ថា៖ អង្គការ FAO ប្រចាំកម្ពុជា បានធ្វើសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ ជាមួយក្រសួងផែនការ ចាប់ពីឆ្នាំ២០១៣ រហូតដល់បច្ចុប្បន្ន ដើម្បីអភិវឌ្ឍទិន្នន័យស្ថិតិកសិកម្មនៅកម្ពុជា គាំទ្រជាថវិកាបដិភាគ, ជំនួយបច្ចេកទេស, ជំនួយសម្ភារៈ, ការបណ្តុះបណ្តាលសមត្ថភាពមន្ត្រីរាជការផ្នែកវិភាគទិន្នន័យ និងសរសេររបាយការណ៍ ដើម្បីឆ្លើយតបតម្រូវការទិន្នន័យក្នុងសម័យបច្ចុប្បន្នក្នុងបរិបទនៃគោលដៅ និងចំណុចដៅនៃការអភិវឌ្ឍនប្រកបដោយចីរភាពឆ្ពោះទៅការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ (SDG)៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×