ភ្នំពេញ៖ ក្នុងសម័យប្រជុំលើកដំបូងអាណត្តិទី៤ ក្រោមព្រះរាជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ត្រូវបានបោះឆ្នោតបន្តជាប់ជាប្រធានព្រឹទ្ធសភា សម្រាប់អាណត្តិទី៤ ។
សមាជិកព្រឹទ្ធសភាទាំង៦២រូប បានបោះឆ្នោតជ្រើសរើសដាច់ដោយឡែកពីគ្នានូវប្រធាន និងអនុប្រធាន២ នៅក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨នេះ ដោយលោក នៃ ប៉េណា ជាអនុប្រធានទី១ និងលោក ទេព ងន ជាអនុប្រធានទី២ ។
សូមបញ្ជាក់ថា ថ្នាក់ដឹកនាំនិងសមាជិកព្រឹទ្ធសភានីតិកាលទី៤ ទាំង៦២រូប នឹងអញ្ជើញធ្វើសច្ចាប្រណិធាននៅចំពោះព្រះភ័ក្ត្រព្រះ មហាក្សត្រ ព្រះភ័ក្ត្រនៃសម្តេចព្រះសង្ឃរាជ និងទេវតារក្សាស្វេតច្ឆត្រ នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១៦រសៀល នៅក្នុងព្រះទីនាំងទេវាវិនិច្ឆ័យព្រះបរមរាជវាំង។
ការបើកសម័យប្រជុំលើកដំបូងនេះ ត្រូវបានធ្វើឡើងក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះកុរណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ហើយក៏មានការចូលរួម ពីឥស្សរជនជាន់ខ្ពស់ មកពីស្ថាប័នផ្សេងទៀតដូចជា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀតផងដែរ។
សូមបញ្ជាក់ថា ព្រឹទ្ធសភា មានអាណត្តិ៦ឆ្នាំ។ សមាជិកព្រឹទ្ធសភា មានចំនួន៦២រូប ដែលស្មើនឹងពាក់កណ្តាល នៃសមាជិករដ្ឋសភា។
ក្នុងកិច្ចប្រជុំនោះ ព្រះមហាក្សត្រ មានព្រះរាជបន្ទូលទៅកាន់សម័យប្រជុំ ដោយសម្តែង នៃក្តីអំណរសាទរដ៏កក់ក្តៅ ថ្វាយនិងជូនសមាជិក សមាជិកា ព្រឹទ្ធសភាទី៤ ដែលពិតជារួបរួមសាមគ្គីភាពគ្នា ដើម្បីបំពេញនូវតួនាទី ក្នុងស្ថាប័ននីតិបញ្ញាតិកំពូល នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យអំណាចរដ្ឋមានតុល្យភាព និងប្រព្រឹត្តិបានល្អប្រសើរ សំដៅការពារមូលដ្ឋានគ្រឹះ នៃរដ្ឋធម្មនុញ និងគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ព្រមទាំងសិទ្ធិសេរីភាព និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋគ្រប់ជ្ឈដ្ឋាន។
ព្រឹទ្ធសភាពនីតិកាលទី៤ ត្រូវបន្តរួមចំណែកឲ្យកាន់តែសកម្មថែមទៀត ក្នុងការពូនជ្រុំប្រជាធិបតេយ្យ ភាវូបនីយកម្មសង្គមថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន សំដៅធានាការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ផលប្រយោជន៍ទូទៅ ព្រមទាំងគុណភាពនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ ឈរលើអត្តសញ្ញាណជាតំណាងផ្ទាល់ឲ្យក្រុមប្រឹក្សាឃុំសង្កាត់ ព្រឹទ្ធសភានីតិកាលទី៤ ត្រូវខិតខំរួមចំណែកជំរុញឲ្យការអនុវត្តគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា កាន់តែមានសន្ទុះរីកចម្រើន ថែមទៀត ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ ប្រជាពលរដ្ឋ និងការគ្រប់គ្រងសេដ្ឋកិច្ចសង្គម វប្បធម៌ ប្រព្រឹត្តទៅដោយសមធម៌ មានតម្លាភាព និងគណនេយ្យភាព ក្នុងក្របខ័ណ្ឌអភិបាលកិច្ចល្អ និងនីតិរដ្ឋពិតប្រាកដ។ ជាមួយគ្នានេះដែរ ព្រឹទ្ធសភាត្រូវធានាការពារយុត្តិធម៌ និងគោរពសិទ្ធិមនុស្ស ដើម្បីបង្កើតឡើងនូវភាពសុខដុមរមនាយូរអង្វែង ក្នុងសង្គមជាតិយើង។
លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សរបស់យើង ត្រូវបានអនុវត្តប្រកបដោយវិចារណញាណ ឈរលើឧត្តមប្រយោជន៍ជាតិ និងការពង្រឹងពង្រីកស្មារតីបង្រួបបង្រួមផ្សះផ្សាជាតិ ។ ក្នុងន័យនេះ ការថែរក្សាឲ្យបាននូវសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពមានតម្លៃថ្លៃថ្លាបំផុត៕