Sunday, June 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមការងារជំនាញ របស់ក្រសួងសាធារណការ បញ្ចប់ការពិនិត្យ និងពិភាក្សា លើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រង លើការប្រើប្រាស់ដីចំណីផ្លូវ នៅតាមបណ្ដោយផ្លូវថ្នល់

ភ្នំពេញ៛ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្ដីការក្រសួង ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងលើកិច្ចការប្រើប្រាស់ដីចំណីផ្លូវ នៅតាមបណ្តោយផ្លូវថ្នល់ ដោយមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធក្រោមឱវាទក្រសួង។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិនិត្យពិភាក្សា កែសម្រួល និងបំពេញបន្ថែមចំណុចខ្វះខាត សំដៅធ្វើយ៉ាងណាឱ្យការរៀបចំសេចក្ដីព្រាងអនុក្រឹត្យនេះ មានខ្លឹមសារកាន់តែច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ជៀសវាងការភាន់ច្រឡំនៅពេលអនុវត្ត។

ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានជំរុញ ឱ្យសមាជិកអង្គប្រជុំទាំងអស់ខិតខំប្រឹងប្រែងផ្ដល់មតិយោបល់ និងធាតុចូលឱ្យបានផុលផុស ដើម្បីពន្លឿនសេចក្តីព្រាងអនុក្រឹត្យនេះ ឱ្យបានចប់សព្វគ្រប់ ដោយអនុលោមទៅតាមច្បាប់ និងបទដ្ឋានគតិយុត្តដែលមានស្រាប់។

ជាលទ្ធផល ក្រោយពីបានពិភាក្សា ក្នុងកិច្ចប្រជុំជាច្រើនលើកច្រើនសារកន្លងមក ក្រុមការងារទទួលបន្ទុក បានបញ្ចប់ការពិនិត្យ ពិភាក្សា និងកែសម្រួលខ្លឹមសារនៃសេចក្តីព្រាងអនុក្រឹត្យនេះ ប្រកបដោយលទ្ធផលផ្លែផ្កា និងជោគជ័យតាមការគ្រោងទុក។

ជាទីបញ្ចប់ ឯកឧត្តមប្រធានអង្គប្រជុំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមការងារទទួលបន្ទុក ដែលបានខិតខំប្រឹងប្រែងរៀបចំ កែសម្រួលសេចក្តីអនុក្រឹត្យនេះប្រកបដោយការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ យោងតាមអនុសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

សូមជម្រាបជូនថា សេចក្តីព្រាងអនុក្រឹត្យ ស្ដីពីការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវ នៅតាមបណ្ដាញផ្លូវថ្នល់ ដែលទើបបានបញ្ចប់ ការកែសម្រួលថ្មីនេះមាន ៧ជំពូក និង៤៦មាត្រា គ្រោងនឹងដាក់ជូនឯកឧត្តមទេសរដ្ឋមន្ត្រី ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាបន្តនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ខាងមុខ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×