ប្រិយមិត្តបានដឹងហើយ ចំពោះរឿងរ៉ាវរបស់គូស្នេហ៍មួយគូ ដែលបានបែកបាក់គ្នា ទៅមានជនទី៣ បង្កឲ្យផ្ទុះរញ្ជួយពេញបណ្តាញសង្គម អស់រយៈពេលជាង១សប្តាហ៍មកនេះ គឺបានដល់ទីបញ្ចប់ដោយបូរិបូរណ៍ហើយ ដោយអ្នកទាំងពីររវាងលោក ជា ច័ន្ទតុលា និងអតីតប្រពន្ធនាង ស៊ាន ធារី ត្រូវបានដោះស្រាយបញ្ចប់ស្នេហ៍រយៈពេលជិត ៥ ឆ្នាំ ត្រឹមនេះ និងក៏ដូចរឿងរ៉ាវប្តឹងផ្តល់ ចែកផ្លូវគ្នាសាងអនាគតថ្មីរៀងៗខ្លួន ស្ថិតក្រោមការសម្របសម្រួលពីសំណាក់លោក គី តិច ប្រធានមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន កាលពីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញ។
ក្រោយរឿងរ៉ាវត្រូវបានដោះស្រាយរួច លោក តុលា ក៏បានបង្ហោះសារនៅលើគណនីរបស់ខ្លួន ឲ្យបងប្អូនមហាជនបានដឹងយ៉ាងដូច្នេះថា៖ ទីបំផុតបញ្ហាខ្ញុំ ជា ចាន់តុលា និង អតីតដៃគូខ្ញុំ ស៊ាន ធារី ត្រូវបានដោះស្រាយបញ្ចប់នៅរសៀលថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២១ វេលាម៉ោង ៣:៣០ នាទី ឯកឧត្ដម គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ អញ្ជើញជាអធិបតីក្នុងពិធីសម្របសម្រួលទំនាស់រវាងខ្ញុំ និង ស៊ាន ធារី ដោយមានមេធាវី និង មិត្តភ័ក្ដិ នៃ គូរភាគីទាំងពីរចូលរួមផងដែរ ។
បន្ទាប់ពីមានការសម្របសម្រួលគ្នា ខ្ញុំទាំងពីរបានយល់ព្រមដោយស្ម័គ្រចិត្តនិង ដោយគ្មានការដាក់សម្ពាធ ឬ បង្ខិតបង្ខំ ពីភាគីណាមួយឡេីយ និងបានធ្វើ ឯកសារបញ្ចប់ទំនាស់ឈប់ប្ដឹងផ្ដល់គ្នាដោយមានមេធាវីចូលរួមធ្វើជាសាក្សីដឹងឮទាំងអស់គ្នាចាប់ពីថ្ងៃនេះតទៅ ហើយយើងទាំងពីរមិនមានទំនាក់ទំនងស្នេហា និង អាជីវកម្មអ្វីជាមួយគ្នាទៀតទេ។
ខ្ញុំបាទសូមគោរពថ្លែងអំណរគុណចំពោះ ឯកឧត្តម គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ និង លោកពូ ផែង វណ្ណះ និង បងប្អូនទាំងអស់ ដែលបានចំណាយពេលដ៏មានតម្លៃជួយសម្របសម្រួលដោះស្រាយបញ្ចប់ទំនាស់គ្នារវាងខ្ញុំ និង ស៊ាន ធារី ។
តែទោះជាយ៉ាងណា ក្រោយរឿងរ៉ាវត្រូវបានបញ្ចប់ទៅហើយ ស្រាប់តែនាង ធារី ក៏បានបង្ហោះសារប្រាប់ថា គ្រប់យ៉ាងគឺកើតចេញពីកំហឹង សងសឹក ប្រចណ្ឌ ចង់ឈ្នះចាញ់ តែមិនអាចហាស្តីបាន និងថា រឿងនេះកើតឡើង (ទៅយកគ្រូជោគជ័យ) គឺដោយសារតែអតីតជាអ្នកធ្វើឲ្យនាងឈឺចាប់បំផុត និងក៏បន្ថែមសារឌឺដងដាក់ជាពិសេសទៅកាន់អ្នកទើសថា រឿងភាគចប់ហើយ ចុងក្រោយ តួឯកស្រី និងតួឯកប្រុស អត់ជួបគ្នាទេ សុំជួបគ្នាជាតិក្រោយ តើអ្នកទស្សនាខូចចិត្តប៉ុន្មានអ្នកដែរ?។
ក្រោយពីបានឮពាក្យនេះ អ្នកលេងបណ្តាញសង្គម ជាពិសេសនារីៗ បានឆ្លើយតបឲ្យកប់ៗថា៖ «រឿងឈឺចាប់អត់មានទេ មានតែសប្បាយចិត្តជំនួសតួប្រុស ហើយបើរឿងជាតិក្រោយ ចាំធ្វើបុណ្យជួយខាងប្រុស កុំអោយមានកម្មពៀរជួបនាងឯងទៀត, តួប្រុសអស់កម្មហើយ តែតួស្រីប្រហែលនឹងជួបកម្មក្រាស់វិញ ព្រោះមើលតាមការផុសមុខមិនស្តើងប៉ុន្មានទេ ពួកយើងនឹងនៅមើលរឿងនេះវគ្គ2ទៀត គឺវគ្គជាមួយជនទី៣ (ស៊ីម២) ម្តង.. ថាតើមានក្តីសុខបានយូរអង្វែងប៉ុណ្ណា?, ងៃណាមួយអ្នកនឹងយល់អារម្មណ៍មួយនេះហេីយ រឿងតួប្រុសបានចប់ហើយ នៅឡើយតែតួស្រីទេ និងអ្នកទី3 អ្នកនឹងជួបរឿងនេះម្ដងទៀតនៅថ្ងៃណាមួយ, ឆ្នាំងណាគ្របហ្នឹង ចរឹកខុសគ្នានៅជាមួយគ្នាមិនចុះទេ ទាល់តែរត់ទៅរកអាដូចគ្នាបានសមចិត្ត មើលហើយធ្លាប់គិតអាណិតខាងស្រីដែរ គេជេរស្តីថាអោយច្រើនពេក តែចុងក្រោយ នៅឆ្លៀតឌឺដងអោយគេទៀត,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង















