Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បេក្ខជន​ប្រឡង​ចូលរៀន​នៅ​សាលារៀន​ជំនាន់​ថ្មី ជាប់​ជុំ​ទី​១ ចំនួន ៥៣៣នាក់ ខណ:គ្រូ​ៗ​ថា មានគុណ​ភាព​សិក្សា​ខ្ពស់

លទ្ធផលនៃការប្រឡងអនឡាញ ( Online ) ចូលរៀននៅសាលារៀនជំនាន់ថ្មីសម្រាប់ឆ្នាំសិក្សា ២០២១-២០២២ ដែលមានសិស្សានុសិស្ស កម្រិតថ្នាក់ទី៧ ទី៨ ទី៩ និងទី១០ បានដាក់ពាក្យចូលប្រឡងនាសម័យប្រឡងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ កន្លងមកនេះ គឺមានបេក្ខជនបានប្រឡងជាប់ ជុំទី១ ចំនួន ៥៣៣នាក់ ក្នុងចំណោមបេក្ខជនសរុបចំនួន ៦៩៨នាក់។

លទ្ធផលនៃការប្រឡងជាប់របស់បេក្ខជនសម្រាប់ចូលរៀននៅសាលាជំនាន់ថ្មី ឆ្នាំសិក្សា ២០២១-២០២២ ជុំទី១ នេះ ត្រូវបានប្រកាសនារសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ដោយមានការប្រឡង ដូចជា ភាសាខ្មែរ , គណិតវិទ្យា និងវិទ្យាសាស្ត្រ ធ្វើឡើងតាមប្រព័ន្ធអនឡាញ ហើយសិស្សានុសិស្ស ឬបេក្ខជនដែលត្រូវចូលប្រឡងនោះ អាចប្រើប្រាស់ ដូចជា Laptop (កំព្យូទ័រ), ipad , Smart Phone ជាដើម។

បើតាមគ្រូបង្រៀននៅសាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ បានឲ្យដឹងថា សាលារៀនជំនាន់ថ្មីនេះ ត្រូវបាន ក្រសួងអប់រំ យុវជន និងកីឡាដាក់ឱ្យអនុវត្តសាកល្បងចាប់តាំងពី ឆ្នាំ២០១៥ មកម៉្លេះ ដោយជ្រើសរើសយកវិទ្យាល័យព្រះស៊ីសុវត្ថិ ជាការចាប់ផ្ដើមដំបូង, ដូច្នេះ បេក្ខជនដែលត្រូវបានប្រឡងជាប់ នាសម័យប្រឡងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញរួចហើយនោះ ត្រូវប្រឡងសំណេរតែងសេចក្ដីមួយជុំទៀត នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ គឺជុំទី២ ជាការបញ្ចប់, ហើយលទ្ធផលនៃការប្រឡងជាស្ថាពរ នឹងត្រូវប្រកាសនៅ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៤:០០រសៀល។

លោកគ្រូបង្រៀននៅសាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រះស៊ីសុវត្ថិ ដែលសុំមិនបញ្ចេញឈ្មោះរូបនេះ បានឲ្យដឹងទៀតថា សាលារៀនជំនាន់ថ្មីនេះ មានកម្មវិធីសិក្សាប្លែកលើសពីសាលារៀនទូទៅ ដូចជា មានរៀននៅក្នុងថ្នាក់ផង រៀនតាមអនឡាញផង និងមានបន្ថែមមុខវិជ្ជា ict (ជំនាញកំព្យូទ័រ) ជាពិសេស គ្រូអាចដាក់មេរៀនឱ្យសិស្សរៀនតាមប្រព័ន្ធអនឡាញ ict ដោយខ្លួនឯង និងបន្ទាប់មករៀនក្នុងថ្នាក់ជាមួយគ្រូ។

ពេលរៀន សិស្សានុសិស្សត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ កំព្យូទ័រ Laptop, ipad , Smart Phone ទោះនៅក្នុងថ្នាក់រៀនក្ដី ឬតាមប្រព័ន្ធអនឡាញក្ដី។ គេសង្កេតឃើញថា សិស្សានុសិស្សដែលរៀននៅសាលារៀនជំនាន់ថ្មី ទទួលបានគុណភាពសិក្សាកម្រិតខ្ពស់, បើតាមរយៈបទពិសោធន៍កន្លងមក សិស្សានុសិស្សភាគច្រើនប្រឡងជាប់និទ្ទេសល្អៗ ហើយទទួលបានអាហារូបករណ៍ច្រើនជាងសិស្សនៅសាលាជំនាន់ចាស់ ឬសាលាចំណេះដឹងទូទៅធម្មតា។

សូមបញ្ជាក់ថា ការប្រឡងចូលរៀននៅសាលារៀនជំនាន់ថ្មីនេះ ត្រូវបានរៀបចំឡើងដោយ លោកគ្រូ អ្នកគ្រូ និងថ្នាក់ដឹកនាំនៃសាលារៀនជំនាន់ថ្មីនេះតែម្ដង សហការជាមួយក្រុមហ៊ុន អ៊ុកស្វត (Auxswot) ប្រើប្រព័ន្ធ NGS Mobile ៕ ពិសិដ្ឋ CEN

×