ភ្នំពេញ ៖ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ បានស្នើថ្នាក់ដឹកនាំខេត្ត ស្រុក ក្រុង ក្រុមការងារចុះជួយ និងសមាជិក សមាជិកា ស.ស.យ.ក. ខេត្តបាត់ដំបង ទាំងអស់ បន្តជួយឧបត្ថម្ភគាំទ្រ និងចូលរួមក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដើម្បីឲ្យប្រទេសជាតិយើង ឆាប់បានឆ្លងផុតពីជំងឺដ៏កាចសាហាវនេះ ។ ហើយសូមបន្តចូលរួមផ្សព្វផ្សាយសារអប់រំនានា របស់ក្រសួងសុខាភិបាល ជាពិសេសវិធានការ ៣ការពារ ៣កុំ ដើម្បីការពារ ទប់ស្កាត់ និងបង្ការពីការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក៏ដូចជាវីរុសបំប្លែងថ្មីផ្សេងទៀត បើទោះបីកម្ពុជាយើងបានចាក់វ៉ាក់សាំងហើយក៏ដោយ ។

ការស្នើនេះ បានធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅបន្តឆ្នាំ២០២២ របស់ ស.ស.យ.ក. ខេត្តបាត់ដំបង នៅស្នាក់ការ ស.ស.យ.ក. ខេត្ត នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ នេះ ។
ឯកឧត្តម ស សុខា បានថ្លែងថា ក្នុងនាមឯកឧត្តមប្រធាន ហ៊ុន ម៉ានី និងខ្លួនខ្ញុំផ្ទាល់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំខេត្ត ស្រុក ក្រុង ក្រុមការងារចុះជួយ និងសមាជិក សមាជិកា ស.ស.យ.ក. ខេត្តបាត់ដំបង ទាំងអស់ ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត និងទ្រព្យធនផ្ទាល់ខ្លួន ក្នុងកិច្ចការងារសង្គម ស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត ស្រុក ក្រុង ពិសេសក្នុងកាលៈទេសៈដែលប្រទេសជាតិ បាននិងកំពុងប្រឈមនឹងជំងឺកូវីដ-១៩ អស់រយៈពេលជិត ២ឆ្នាំមកនេះ ។ សូមរួមគ្នាអនុវត្តវិធានការ ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួន ដើម្បីការពារខ្លួនយើង គ្រួសារយើង និងសង្គមជាតិយើង ពីជំងឺកូវីដ-១៩ ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ





