ភ្នំពេញ ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានទទួលជួបសវនាការជាមួយ ឯកឧត្តម Derek Chollet ទីប្រឹក្សានៃក្រសួងការបរទេសសហរដ្ឋអាមេរិក នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២១ ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្តែងនូវការត្រៀមលក្ខណៈជាស្រេចរបស់កម្ពុជា ក្នុងការបំពេញតួនាទីជាប្រធានអាស៊ាន និងបានគូសបញ្ជាក់អំពីអាទិភាពនានារបស់កម្ពុជា នៅក្នុងសរសរស្តម្ភសហគមន៍ទាំងបីរបស់អាស៊ាន។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា មូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ជាកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ស្មារតីរបស់អាស៊ានជាគ្រួសាររួបរួមគ្នា ជាមួយឆន្ទៈខ្ពស់នៃភាព «ទាំងអស់រួម គ្នា» ក្នុងការថែរក្សា សន្តិភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍ដល់ការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះតួនាទីរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ និងឯកសារសមិទ្ធផលនានា ដើម្បីពន្លឿនកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន និងលើកកម្ពស់ទំនាក់ទំនងជាមួយដៃគូខាងក្រៅរបស់ អាស៊ាន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានស្វាគមន៍ផងដែរចំពោះការបន្តការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការថែរក្សាឱ្យបានមជ្ឈភាពអាស៊ាន ក៏ដូចជាសន្តិភាព និងវិបុលភាពក្នុងតំបន់។

ឯកឧត្ដម Derek Chollet បានអះអាងជាថ្មីថា អាស៊ានគឺជាចំណុចស្នូលសម្រាប់គោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងរំពឹងដល់ការធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជាក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២។ ឯកឧត្ដម បានជម្រាបថា ឯកឧត្ដមប្រធានាធិបតី ចូ បៃដិន ក៏កំពុងរំពឹងដល់ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន- សហរដ្ឋអាមេរិក នៅទីក្រុងវ៉ាស៊ីនតោន នាពេលឆាប់ៗខាងមុខនេះផងដែរ ដែលក្នុងអំឡុងពេលនោះ ភាគីទាំងពីរ នឹងពិភាក្សាគ្នាអំពីបញ្ហា និងរបៀបវារៈជាច្រើន រួមមាន ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន- អាមេរិក ការឆ្លើយតបនឹងជំងឺកូវីដ-១៩ និងការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាតជាដើម។
កិច្ចពិភាក្សាក៏បានគ្របដណ្តប់លើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាចំណាប់អារម្មណ៍ និងក្តីបារម្ភរួម ផងដែរ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ





