ភ្នំពេញ ៖ ប្រជាពលរដ្ឋ ភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាលប្រហែល៣២៥នាក់ តំណាងចំនួន៣៥០គ្រួសារ បានធ្វើការតវ៉ាជាមួយរុមហ៊ុន ING Holding ដែលមានលោកឧកញ៉ា អ៊ឹង ប៊ុនហូវ ជាអគ្គនាយក បានរំលោភយកដីសហគមន៍ បឹងជីភោ ជាង៧ហិកតា និងបានសុំអន្តរាគមន៍ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ជួយរកយុត្តិធម៌ដល់ពួកគាត់។

ការតវ៉ារបស់ប្រជាពលរដ្ឋបានធ្វើការប្រមូលផ្តុំនៅផ្លូវ ៦០ម៉ែត្រ ទល់មុខផ្សារអ៊ីអន ៣ នៅបឹងក្រោយ ស្ថិតនៅភូមិស្ទឹងជ្រៅ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ដោយមានការលើកបដាកាន់រូបសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត។
ប្រជាពលរដ្ឋជាច្រើននាក់បានរៀបរាប់យ៉ាងដូច្នេះថា ទីតាំងដីសហគមន៍ភូមិស្ទឹងជ្រៅ ចំណុចបឹងជីភោ ដែលមានទំហំជាង៧ហិកតា នៅជាប់មហាវិថីសម្ដេចតេជោហ៊ុនសែនឬយើងហៅថាផ្លូវ៦០ម៉ែត្រ គឺ ប្រជាពលរដ្ឋ បានកាន់កាប់និងគ្រប់គ្រងប្រើប្រាស់អាស្រ័យផលតាំងពីឆ្នាំ១៩៨០ រហូតមកដល់បច្ចុប្បន្ននេះមានរយៈពេលជាង៣០ឆ្នាំមកហើយ ដោយប្រជាពលរដ្ឋទាំងអស់ បានបង្កើតជាគណៈកម្មការចំនួន១២នាក់និងប្រជាពលរដ្ឋសរុបចំនួន៣៥០គ្រួសារ គឺ បានឯកភាពគ្នាស្នើសុំគោលការណ៍អនុញ្ញាតលក់ដីសហគមន៍ភូមិស្ទឹងជ្រៅចំណុចបឹងជីភោ ដើម្បីយកថវិកាមកប្រើប្រាស់សម្រាប់ធ្វើការអភិវឌ្ឍក្នុងសហគមន៍ភូមិស្ទឹងជ្រៅ កសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ដាក់លូ សាលារៀននិងមណ្ឌលសុខភាព ដែលជាសំណូមពរសេចក្ដីត្រូវការរបស់ប្រជាពលរ្ដឋទាំងអស់និងលោកគ្រូ អ្នកគ្រូ ក្នុងភូមិស្ទឹងជ្រៅ ។
ប្រជាពលរដ្ឋបានបន្តទៀតថា រាជរដ្ឋាភិបាលបានសម្រេចជាគោលការណ៍ អនុញ្ញាតឲ្យប្រជាពលរដ្ឋជាគណៈកម្មការ និងប្រជាពលរដ្ឋចំនួន៣៥០គ្រួសារ លក់ដីសហគមន៍ភូមិស្ទឹងជ្រៅ ចំណុចបឹងជីភោនេះ តាមរយៈលិខិត លេខ៥៨៥ ស.ជ.ណ.ផ.ក ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ និងលិខិតលេខ៩៦៧ ស.ជ.ណ ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ។

ជាមួយគ្នានោះ ប្រជាពលរដ្ឋបានបន្តទៀតថា មន្ទីររៀបចំដែនដីនគររូបនីយកម្មនិងសំណង់ខេត្តកណ្តាល បានចាត់តាំងមន្ត្រីជំនាញដោយសហការជាមួយរដ្ឋបាលក្រុងតាខ្មៅ ដើម្បីចុះទៅអង្កេតវាស់វែងទីតាំងដីសហគមន៍ភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាលប៉ុ ន្តែក្រុមហ៊ុន ING Holding របស់លោកឧកញ៉ាអ៊ឹង ប៊ុនហ៊ូវ បានប្រើប្រាស់កម្លាំងសន្តិសុខរបស់ខ្លួនហាមឃាត់មន្ត្រីជំនាញ និងមន្ត្រីរដ្ឋបាលក្រុងតាខ្មៅដៃ មិនអនុញ្ញាតឲ្យចុះវាស់វែង លើទីតាំងដីសហគមន៍ប្រជាពលរដ្ឋភូមិស្ទឹងជ្រៅ ទៅតាមការសម្រេចរបស់រាជរដ្ឋាភិបាលឡើយ ។
បន្ទាប់មក រដ្ឋបាលខេត្តកណ្តាល បានបង្កើតក្រុមការងារដើម្បីចុះពិនិត្យជាក់ស្តែងលើទីតាំងដីសហគមន៍ប្រជាពលរដ្ឋភូមិស្ទឹងជ្រៅ ហើយក្រុមការងារចម្រុះបានចុះពិនិត្យជាក់ស្ដែង លើទីតាំងដីសហគមន៍ភូមិស្ទឹងជ្រៅ ត្រូវបានក្រុមហ៊ុន ING Holding របស់លោកឧកញ៉ាអ៊ឹង ប៊ុនហ៊ូវ នេះរំលោភយកដីទៅធ្វើប័ណ្ណកម្មសិទ្ធិនៅរាជធានីភ្នំពេញ ដោយមានចេញបណ្ណ ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៥ របស់មន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីរាជធានីភ្នំពេញ ទៅវិញ ។
ប្រជាពលរដ្ឋទាំងអស់បានសំណូមពរ ដោយសុំកាត់ឆ្វៀលដីសហគមន៍ប្រជាពលរដ្ឋភូមិស្ទឹងជ្រៅដែលមានទំហំជាង៧ហិកតារ នៅចំណុចបឹងជីភោ និង សុំឲ្យរដ្ឋបាលខេត្តកណ្តាលនិងមន្ត្រីពាក់ព័ន្ធ អនុវត្តតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាឲ្យមានប្រសិទ្ធភាពខ្ពស់ ។
ក្រោយមកទៀត ក្រសួងមហាផ្ទៃក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក៏បានធ្វើលិខិតមួយច្បាប់ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ជម្រាបមកលោកអភិបាលខេត្តកណ្តាល ដោយក្រសួងមហាផ្ទៃស្នើឲ្យ លោកអភិបាលខេត្តកណ្តាល ត្រូវចាត់ចែងអនុវត្តតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលនិងគោលការណ៍ណែនាំដែលក្រសួងមហាផ្ទៃបានចេញកន្លងមក ឲ្យមានប្រសិទ្ធភាពខ្ពស់ ។
បញ្ហាទំនាស់ដីធ្លីប្រជាពលរដ្ឋជាមួយក្រុមហ៊ុន ING Holding បានកើតឡើងតាំងពីឆ្នាំ ២០១៦
ទាក់ទងករណីនេះ ក្រុមហ៊ុន ING Holding មិនអាចសុំការបំភ្លឺបានទេ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ






