ភ្នំពេញ ៖ រដ្ឋបាលជលផល បានចេញសេចក្ដីជូនដំណឹង នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ប្រាប់ដល់ដល់ប្រជាពលរដ្ឋទាំងឡាយថា បើចង់ធ្វើត្រីប្រហុក ផ្អក ត្រីប្រឡាក់ ឬត្រីឆ្អើរ សម្រាប់ទុកបរិភោគប្រចាំឆ្នាំ សូមរួសរាន់ទៅរកទិញត្រីនៅតាមផ្សារត្រីនានាក្នុងភូមិសាស្ត្រខេត្តកណ្ដាល និងរាជធានីភ្នំពេញ ជាពិសេសទីតាំងយឿត្រីនៅតំបន់ច្រាំងចំរេះខណ្ឌឫស្សីកែវ ដោយសារក្នុងខែខ្នើតប៉ុន្មានថ្ងៃនេះ ត្រីត្រូវខ្លាំង (ពាក្យចាស់ជាន់ដើមនិយាយបែបនេះ) , ម៉្យាងទៀត អ្នកនេសាទរកបានត្រីយ៉ាងច្រើនណាស់។

រដ្ឋបាលជលផល បានបញ្ជាក់ថា ក្នុងរដូវនេសាទឆ្នាំ២០២១-២០២២ បន្ទាប់ពីបានអង្កេតតាមដានកម្ពស់ទឹកដែលហូរចេញពីបឹងទន្លេសាប រដ្ឋបាលបាលជលផល បានពិនិត្យឃើញថា គន្លងដាយនៅតាមដងទន្លេសាបក្នុងភូមិសាស្ត្រ ខេត្តកណ្ដាល និងរាជធានីភ្នំពេញ អាចនេសាទត្រីបានច្រើនក្នុងខែមិគសិរនេះ ពោលគឺ ត្រីត្រូវខ្លាំងចាប់ពីថ្ងៃ៨កើត ខែមិគសិរ ចន្ទគតិ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ សុរិយគតិ រហូតដល់ថ្ងៃ ១២កើត ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១, ប្រសិនបើមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬទទួលរងឥទ្ធិពលព្យុះនោះទេ ត្រីប្រាកដជាត្រូវខ្លាំង (ត្រីឡើងច្រើន)។
ទន្ទឹមនឹងប្រជានេសាទសប្បាយរាត្រី រីឯប្រជាពលរដ្ឋសប្បាយធ្វើត្រីប្រហុក ផ្អក ក្នុងរយៈពេលនេះ រដ្ឋបាលជលផល បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋបានធ្វើដំណើរ ស្នាក់នៅ និងដឹកជញ្ជូនផលិតផលត្រីបានដោយរលូនតាមការគួរផង ដើម្បីបង្កើនសន្តិសុខស្បៀង ចំណូលជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងភាពងាយស្រួលក្នុងការទទួលទានត្រីដែលជាសម្បត្តិធម្មជាតិដ៏សំខាន់របស់កម្ពុជាសម្រាប់ចិញ្ចឹមជីវិត។

បើតាមការបញ្ជាក់របស់ខណ្ឌរដ្ឋបាលជលផល ឲ្យដឹងទៀតថា ក្រៅពីភូមិសាស្ត្រ ខេត្តកណ្ដាល និងរាជធានីភ្នំពេញ ការនេសាទត្រីនៅឯខេត្តកំពង់ឆ្នាំងឯណោះវិញ ក៏កំពុងត្រូវខ្លាំងផងដែរ ព្រោះពេលនេះ គេសង្កេតឃើញក្រុមប្រជានេសាទបានលើកត្រីដាក់ទូក ដាក់ជឿច្រើនអនេក ហើយក្រុមអាជីវករដែលដើរប្រមូលទិញធ្វើជាត្រីប្រហុក ត្រីប្រឡាក់ ផ្អក និងត្រីឆ្អើរ ក៏ច្រើនផងដែរ
នៅក្នុងភូមិសាស្ត្រ ឃុំឆ្នុកទ្រូ នៃស្រុកបរិបូណ៌ និងកំពង់ប្រាសាទ ឃុំសែប នៃស្រុកកំពង់ត្រឡាច។
ដូច្នេះ កុំឲ្យឱកាសរដូវត្រីត្រូវឆ្នាំនេះ បានកន្លងផុតទៅ ឥតអសារបង់នោះ សូមប្រជាពលរដ្ឋអ្នកធ្វើត្រីប្រហុក ត្រីប្រឡាក់ ផ្អក និងត្រីឆ្អើរ សូមអញ្ជើញទៅរកប្រមូលទិញត្រីសម្រាប់ជាស្បៀង និងការលក់ដូរឱ្យបានរួសរាន់ទាន់ពេលវេលា៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN









